ក្រសួងការបរទេសកម្ពុជា បង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋាភិបាលកម្ពុជានឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយដោយឥតងាករេ និងចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះដោយបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួមកាលពីពេលកន្លងទៅរវាងភាគីទាំងពីរ។
ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងរក្សានូវស្ថានភាពដើម ចៀសវាងការបង្កហេតុមិនប្រក្រតីណាមួយនៅច្រកសមុទ្រតៃវ៉ាន់នេះ ដើម្បីបុព្វហេតុក្នុងការរក្សានូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ។
គណបក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលកម្ពុជាដោយឯកបក្សសព្វថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍ជុំវិញដំណើរទស្សនកិច្ចប្រធានរដ្ឋសភាអាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នេះថា ខ្លួនតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយដោយឥតងាករេ ហើយបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាដើម គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន ជានិច្ច។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានរក្សាភាពស្ងប់ស្ងាត់នៅឡើយជុំវិញបញ្ហានេះ។
ដោយឡែកនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះ អាស៊ានបានចេញសេចក្តីថ្លែងការណ៍ចំពោះភាពតានតឹងរវាងចិន និងអាមេរិក ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នេះដែរថា អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិយ៉ាងខ្លាំង ក្នុងនោះអាស៊ាននៅតែគាំទ្រចំពោះគោលនយោបាយចិនតែមួយ ដើម្បីស្ថិរភាព សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់កោះតៃវ៉ាន់ បើទោះបីជាចិនបានព្រមានឆ្លើយតបនឹងដំណើរទស្សនកិច្ចនេះតាមផ្នែកយោធា មុននឹងដំណើរទស្សនកិច្ចនេះកើតឡើងក៏ដោយ។
យ៉ាងណាក៏ដោយ ចិនមិនបានអនុវត្តទៅតាមការគំរាមរបស់ខ្លួនចំពោះដំណើរទស្សនកិច្ចនេះទេ ប៉ុន្តែចិនបានប្រកាសធ្វើសមយុទ្ធយោធាចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងដែនទឹកទាំង៦ ដែលនៅជុំវិញកោះតៃវ៉ាន់។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់ The Cambodia Daily នៅថ្ងៃទី៤ សីហា នេះថា ការចេញសេចក្តីថ្លែងការណ៍របស់កម្ពុជាជុំវិញភាពតានតឹងរវាងចិន និងអាមេរិក នេះ បង្ហាញឱ្យឃើញពីភាពប្រុងប្រយ័ត្នរបស់កម្ពុជាចំពោះនយោបាយការទូតរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកជាងពេលមុនៗ។
លោក ម៉ែន ណាត លើកឡើងថា សូម្បីលោក ហ៊ុន សែន ដែលធ្លាប់តែអះអាងថា ក្រៅពីពឹងចិន កម្ពុជានឹងមិនទៅពឹងពាក់បរទេសណានាពេលកន្លងមកនោះ ក៏មិនហ៊ានធ្វើការឆ្លើយតបតាមបែបណាមួយទៅកាន់សហរដ្ឋអាមេរិក បញ្ជាក់ពីជំហររបស់ខ្លួនដូចពេលមុននោះដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា សម្រាប់កម្ពុជាមិនថាចិនប្រកាសសង្គ្រាមជាមួយអាមេរិក ឬក៏អត់ គឺពិតជាមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ កម្ពុជាត្រូវគិតថាតើកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីកុំឱ្យយកខ្លួនឯងទៅចងភ្ជាប់នឹងជម្លោះរបស់មហាអំណាច ដែលនាំឱ្យខ្លួនធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដូចអតីតកាលដ៏ជូរចត់នោះ។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និងមហាអំណាចពិភពលោកដទៃទៀតដូចអាមេរិក ជាដើមថា បើមិនឱ្យកម្ពុជាទៅពឹងចិន តើឱ្យកម្ពុជាទៅពឹងមហាអំណាចមួយណា?៕