ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើកឡើងថា ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរនៅកម្ពុជាបានអនុម័តយ៉ាងសកម្មនូវច្បាប់ដែលបានរឹតបន្តឹងលើលំហសេរីភាពពលរដ្ឋទូទៅ ហើយជាពិសេសលើសេរីភាពសារព័ត៌មាន។
ចំពោះច្បាប់ និងឯកសារច្បាប់ផ្សេងទៀត រដ្ឋាភិបាលកម្ពុជាបានអនុម័តនោះ បានផ្តល់អំណាចដល់អាជ្ញាធរក្នុងការរឹតត្បិតដាក់អ្នកសារព័ត៌មាន ព្រមទាំងអ្នកផ្សេងទៀតឲ្យស្ថិតនៅក្រោមការឃ្លាំមើល និងបានពង្រីកសមត្ថភាពរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈប្រព័ន្ធតុលាការ។
របាយការណ៍ដដែលបញ្ជាក់ថា អ្នកសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នកំពុងទទួលរងនូវការបៀតបៀន សម្ពាធតាមទម្រង់ផ្សេងៗ និងអំពើហិង្សាកាន់តែច្រើន ស្របពេលដែលមានការរឹតត្បិតកាន់តែខ្លាំងលើលំហសេរីភាពរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេស។ ករណីនេះវាជាឧបសគ្គជាក់លាក់ដែលបុគ្គលិកសារព័ត៌មានជាស្ត្រីជួបប្រទះ ព្រមទាំងធ្វើឲ្យកង្វះតំណាងស្ត្រីនៅក្នុងតួនាទីជាអ្នកដឹកនាំ ដោយសារការបៀតបៀន និងអំពើហិង្សាផ្អែកលើយេនឌ័រ។
ការបង្ហាញរបាយការណ៍នេះ បន្ទាប់ពីការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានធ្វើសម្ភាស និងស្ទង់មតិជាមួយអ្នកសារព័ត៌មាន ក្នុងនោះអ្នកសារព័ត៌មានចំនួន ៦៥នាក់ ខណៈអ្នកចូលរួមឆ្លើយសំណួរក្នុងការស្ទង់មតិទាំងអស់បាននិយាយថា ពួកគេបានប្រឈមមុខនឹងការជ្រៀតជ្រែកមួយចំនួនក្នុងពេលបំពេញការងាររបស់ពួកគេ។ ចំណែកអ្នកសារព័ត៌មានជាង ៨០% នៃអ្នកដែលត្រូវបានស្ទង់មតិ បានលើកឡើងថា ពួកគេត្រូវបានឃ្លាំមើល និងរឹតបន្តឹងដែលមិនសមាមាត្រ ឬមិនចាំបាច់ រួមទាំងពាក់ព័ន្ធនឹងការទទួលបានព័ត៌មាន។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី មីស្យេល បាស្យេឡេត (Michelle Bachelet) បានចាត់ទុកការរកឃើញនេះថាជាការព្រួយបារម្ភខ្លាំង។ អ្នកស្រីជំរុញឲ្យអាជ្ញាធរទទួលយកអនុសាសន៍របស់អង្គការសហប្រជាជាតិ ដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយអាចអនុវត្តការងារសំខាន់ៗរបស់ពួកគេដោយយុត្តិធម៌ និងតម្លាភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
បើតាមរបាយការណ៍អង្គការសហប្រជាជាតិ ឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៧ មក មានអ្នកសារព័ត៌មានចំនួន ២៣នាក់បានប្រឈមនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬញុះញង់ ដែលចេញពីលទ្ធផលនៃការងាររបស់ពួកគេ។
របាយការណ៍នេះផ្តល់អនុសាសន៍ចំនួន ១៥ ក្នុងគោលបំណងផ្តល់នូវលំហសម្រាប់អនុវត្តសកម្មភាពឱ្យកាន់តែមានសុវត្ថិភាព ពហុភាព និងមានការគិតគូរពីយេនឌ័រដល់បុគ្គលិកសារព័ត៌មាន ខណៈការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រជាចាំបាច់ដល់រដ្ឋាភិបាល ដើម្បីអនុវត្តអនុសាសន៍ទាំងនេះ។
ក្រៅពីផ្ដល់អនុសាសន៍ អង្គការសហប្រជាជាតិក៏បានជំរុញទៅរដ្ឋាភិបាលកម្ពុជាលុបចោលច្បាប់ស្ដីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុក្រឹត្យឆ្នាំ២០២២ ស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដោយសារច្បាប់នេះមិនមានកាលកំណត់ និងន័យទូលំទូលាយ ព្រមទាំងបានផ្តល់អំណាចឲ្យរដ្ឋាភិបាលយ៉ាងទូលំទូលាយក្នុងការទប់ស្កាត់ព័ត៌មាន និងផ្ដន្ទាទោសលើបទល្មើសព្រហ្មទណ្ឌ៕