រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken នៅថ្ងៃព្រហស្បតិ៍ នេះ បានប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥លានដុល្លារអាមេរិក គឺ «គម្រោងកម្ពុជាហាវែស III» (Feed the Future Cambodia Harvest III) ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី០៤ ខែសីហា នេះថា គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយរបស់អាមេរិក USAID។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken មានប្រសាសន៍ថា៖ «យើងជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារសំខាន់ដែលយើងត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឫសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ»។
គម្រោងកម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ។
គម្រោងនេះនឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។
ក្នុងរយៈពេលគម្រោង ៥ឆ្នាំនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបាន ៣៩លានដុល្លារក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង ៣ពាន់កន្លែង ជួយដល់បណ្តាធុរកិច្ច និងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានហិរញ្ញប្បទាន ១៥លានដុល្លារ និងរកបាន ១០០លានដុល្លារពីការលក់៕