កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន បានបិទបញ្ចប់ហើយនៅថ្ងៃទី៥ សីហា ដោយសម្រេចចេញសេចក្ដីថ្លែងការណ៍រួមអំពីបញ្ហាជាច្រើនជុំវិញស្ថានការណ៍ចុងក្រោយនៅក្នុងតំបន់ ហើយក្នុងនោះ សមាគមអាស៊ានបានថ្កោលទោសរបបសឹកដែលប្រហារជីវិតអ្នកទោសនយោបាយ និងសម្ដែងការខកចិត្តជាខ្លាំងចំពោះរបបសឹកដែលមិនព្រមអនុវត្តតាមផែនការប្រាំចំណុចរបស់មេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះផ្ដល់ផែនការប្រាំចំណុចដែលមេដឹកនាំយោធាភូមា ទទួលយកមកអនុវត្តហើយ បែរជាមិនមានភាពរីកចម្រើនទៅមុខ គឺជាការសោកស្ដាយយ៉ាងខ្លាំង។
ផែនការប្រាំចំណុចនេះរួមមាន៖
- ការដោះលែងអ្នកទោសនយោបាយ
- បញ្ចប់ហិង្សានយោបាយ
- ការចាប់ផ្ដើមចរចា
- ការទទួលយកជំនួយមនុស្សធម៌
- ការផ្ដល់សិទ្ធិឱ្យប្រេសិតអាស៊ានធ្វើសកម្មភាពសម្របសម្រួលនយោបាយបើកផ្លូវទៅរកការចរចាគ្រប់ភាគីពាក់ព័ន្ធ និងការបង្កើតយន្តការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ។
សេចក្ដីថ្លែងការណ៍រួមនៃជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាន បានហៅការដែលពួកយោធាមិនអាចអនុវត្តបាននូវផែនការប្រាំចំណុចនេះ គឺជាការខ្វះឆន្ទៈ និងកាន់តែធ្វើឱ្យស្ថានភាពនៃទុក្ខវេទនារបស់ពលរដ្ឋភូមា និងហិង្សានយោបាយនៅតែបន្ត។
សេចក្ដីថ្លែងការណ៍បានសង្កត់ដូចនេះថា៖ «អាស៊ានសូមរំឭកនូវការប្ដេជ្ញាចិត្តរបស់សមាគមនេះឡើងវិញ គឺភូមាត្រូវតែធ្វើដំណើរទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយសម្រាប់អាស៊ានបានត្រៀមអស់ហើយដើម្បីជួយឱ្យមានកិច្ចចរចាដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ អាស៊ានគាំទ្រប្រេសិតរបស់ខ្លួនឱ្យបានជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្របស្ថានការណ៍ទៅរកការចរចា»។
ចំពោះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនវិញ សេចក្ដីថ្លែងការណ៍របស់ក្រុមរដ្ឋមន្ត្រីការបរទេសបានបញ្ជាក់អំពីការគោរពអធិបតេយ្យភាព ឯករាជភាព នយោបាយ និងបូរណភាពទឹកដីប្រទេសអ៊ុយក្រែន។ អាស៊ានសូមបន្តរំឭកការអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
កិច្ចប្រជុំអាស៊ាននៅឆ្នាំនេះប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា ខណៈកម្ពុជាជាប្រធានកិច្ចប្រជុំនៃសមាគមតំបន់មួយនេះ។
សេចក្ដីថ្លែងការណ៍រួមបានទាមទារឱ្យមានបទឈប់បាញ់គ្នានៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ហើយបង្កើតបរិយាកាសនៃការធ្វើឲ្យមានដំណោះស្រាយ។ សម្រាប់អាស៊ាន សូមគាំទ្រអគ្គលេខាធិការអង្គការសហប្រជាជាតិដែលជំរុញឱ្យមានដំណោះស្រាយ។ អាស៊ានសូមឱ្យមានការជួយការពារជនស៊ីវិលនៅលើសមរភូមិនៃប្រទេសអ៊ុយក្រែន។
ដោយឡែកចំពោះប្រទេសកូរ៉េខាងជើងវិញ អាស៊ានបានជំរុញឱ្យភាគីពាក់ព័ន្ធនឹងបញ្ហារំសាយអាវុធនុយក្លេអ៊ែរ ហើយចូលតុចរចាឡើងវិញ ខណៈក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលជិត ២០គ្រាប់ហើយរយៈពេលមិនដល់មួយឆ្នាំមកនេះ ហើយពេលនេះរបបឯកាមួយនេះបន្តព្យាយាមបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀត។
សេចក្ដីថ្លែងការណ៍របស់សមាគមអាស៊ានបានប្រកាសថា អាស៊ានបានត្រៀមខ្លួនរួចហើយក្នុងការលើកកម្ពស់បរិយាកាសអំណោយផលដល់ការចរចាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ។
បើតាមសេចក្ដីថ្លែងការណ៍នេះ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកឡើងអំពីសារសំខាន់នៃការបន្តកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង បើកម្មវិធីអាវុធនុយក្លេអ៊ែរត្រូវបានរំសាយ។
អាស៊ានក៏បានលើកឡើងពីការកើនឡើងនៃការបាញ់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ជារឿងដ៏គួរឱ្យព្រួយបារម្ភ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ចំណែកស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង អាស៊ានក៏បានលើកយកមកជជែកផងដែរ។ អាស៊ានក៏បានទទូចសុំឲ្យភាគីពាក់ព័ន្ធឈរលើគោលការណ៍អត់ធ្មត់ និងមានការយោគយល់គ្នា ដោយយកការសន្ទនាគ្នាជាគន្លឹះនៃការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នា។
ដោយឡែកលោក Antony Bliken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងភ្នំពេញ នាថ្ងៃទី៥ ខែសីហា ដោយទទូចជាថ្មីឱ្យចិន និងតៃវ៉ាន់ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិភាព។ លោកបញ្ជាក់ថា៖ ភាពខុសគ្នារវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយប្រកបដោយសន្តិវិធី គឺមិនត្រូវយកសារគំរាម ឬប្រើកម្លាំងទ័ពគំរាមគ្នានោះទេ។ លោក Bliken អះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនកំពុងស្ថិតលើផ្លូវទៅរកការប្រើប្រាស់កម្លាំង ដើម្បីវាយកាន់កាប់កោះតៃវ៉ាន់។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី៤ ខែសីហា លោក Bliken បានលើកឡើងថា ភាពតានតឹងមិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ ហើយថែមទាំងមានផលវិបាកថែមទៀត។ ប្រមុខការទូតអាមេរិករូបនេះបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សូមជំទាស់ការប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់។
តែយ៉ាងណានៅច្រកសមុទ្រតៃវ៉ាន់ នៅតែស្ថិតក្នុងស្ថានភាពក្ដៅគគុក ព្រោះតែចិននៅបន្តធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់នៅឡើយ។ ការធ្វើសមយុទ្ធរបស់ចិនទាំងទ័ពជើងទឹក ទាំងទ័ពអាកាស និងការបាញ់កាំភ្លើងធំ គឺជាការសងសឹកការដែលប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី បានទៅកាន់កោះតៃវ៉ាន់ ដែលជាការផ្គើននឹងការគំរាមរបស់ក្រុងប៉េកាំង ដែលប្រឆាំងនឹងទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិករូបនេះ៕
© 2022, . All rights reserved.