បុរសខ្លាំងដើរបញ្ច្រាសទិសចូលចិត្តលុបបឹងបួ លោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃបឹងមេទឹកចំនួនពីរទំហំជិត ២០០ហិកតារក្នុងចំណោមបឹង២២ ដែលបានស្នើសុំដាក់បញ្ចូលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ធ្វើជាកម្មសិទ្ធិឯកជនដើម្បីធ្វើការអភិវឌ្ឍ។
មេដឹកនាំខ្មែរដែលឧស្សាហ៍លុបបឹង លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០២២ សម្រេចកាត់ដីផ្ទៃបឹងមេទឹកបែកក្អមទំហំជាង ៥៤ហិកតារ ស្ថិតនៅឃុំព្រែកអញ្ចាញ និងផ្ទៃបឹងមេទឹកអំពៅឌៀប ដែលមានទំហំជាង ១២៨ហិកតារ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ពីសម្បត្តិសាធារណៈរបស់រដ្ឋមកជាសម្បត្តិឯកជនរបស់រដ្ឋ។
នាយករដ្ឋមន្ត្រីកម្ពុជាដែលចូលចិត្តកាប់ព្រៃ និងលុបបឹង លោក ហ៊ុន សែន បានបញ្ជាក់ក្នុងអនុក្រឹត្យថា ការកាត់ផ្ទៃបឹងមេទឹកនេះ គឺធ្វើឡើងតាមការស្នើសុំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតម្រូវឱ្យស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ និងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់អនុក្រឹត្យនេះជាកំហិត។
ផ្ទៃដីបឹងមួយចំនួនក្នុងខេត្តកណ្តាល ដែលសុទ្ធសឹងតែជាបឹង និងជាផ្លូវទឹកដ៏សំខាន់ ត្រូវរដ្ឋាភិបាលកម្ពុជាធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋឱ្យទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាបន្តបន្ទាប់ផងដែរ ដូចជាផ្ទៃដីមេទឹកប្រមូលខ្លាដែលមានផ្ទៃដីទំហំ ៥៩ហិកតារ ផ្ទៃបឹងមេទឹកបឹងជន្លេនមានទំហំផ្ទៃដីជិត ១០០ហិកតារ និងផ្ទៃដីបឹងដើមពោធិ៍មានទំហំផ្ទៃដីជាង ៤០ហិកតារផងដែរ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមមួយរូបបានប្រាប់ឱ្យរស្មីកម្ពុជាឲ្យដឹងកន្លងមកថា បឹងមេទឹកដែលក្រសួងធនធានទឹក និងឧតុនិយម បានស្នើសុំដាក់បញ្ចូលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល មានចំនួន ២២បឹង ហើយមានបឹងមេទឹកចំនួន២ បានចេញអនុក្រឹត្យរួចហើយ ឯបឹងចំនួន ២០ទៀត ក្រសួងបានដាក់លិខិតស្នើរួចហើយបន្ទាប់ពីបានធ្វើព្រំដីបឹងមេទឹកទាំងនោះរួចមក។
ក្រុមអ្នកសង្កេតការណ៍សម្ដែងការព្រួយបារម្ភថា បឹងធម្មជាតិសំខាន់ៗគ្រប់ទីកន្លែងទាំងនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាខេត្តកណ្តាល ជាដើម នឹងត្រូវលុបបាត់គ្មានសល់ បើរដ្ឋាភិបាលនៅតែបន្តកាត់ផ្ទៃដីបឹងទាំងនោះឱ្យទៅជាកម្មសិទ្ធិឯកជនដូចសព្វថ្ងៃនេះ។
ប្រភពដដែលរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន តែងជ្រកក្រោមស្លាកអភិវឌ្ឍន៍ ហើយកាត់ផ្ទៃបឹងបួធម្មជាតិគ្រប់ទីកន្លែងទាំងអស់ឲ្យទៅខ្សែបណ្ដាញបក្ខពួករបស់ខ្លួន ដូចជាសាច់ញាតិ ឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលមានតួនាទីក្នុងជួររដ្ឋាភិបាល ជាដើម ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយគ្មានព្រួយបារម្ភពីការប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនោះឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់បានរិះគន់ថា លោកធុញទ្រាន់ចំពោះក្រុមអ្នករិះគន់ដែលនៅតែទិតៀនរូបលោក និងលើកឡើងដដែលៗពីការកាត់បឹងឲ្យក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍ ហើយបញ្ហានេះ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការការអភិវឌ្ឍ ដូច្នេះរដ្ឋាភិបាលត្រូវតែលុបបឹងដើម្បីពង្រីកទីក្រុង។
លោកសួរថា កាលពីមុន គេលុបបឹងបាន ចុះពេលនេះ ហេតុអ្វីលោកលុបមិនបាន?
ជុំវិញបញ្ហានេះ សមាគមធាងត្នោត បានបញ្ចេញរបាយការណ៍កាលពីពេលកន្លងទៅថា ផែនការលុបបឹងធម្មជាតិរបស់រដ្ឋាភិបាលកម្ពុជាក្រោមហេតុផលអភិវឌ្ឍន៍ បានរាលដាលយ៉ាងអាក្រក់គ្រប់ទីកន្លែង។
បឹងធម្មជាតិសរុបចំនួន១៦ ត្រូវបានលុបបាត់ទាំងស្រុងពីសំណាក់ក្រុមហ៊ុនឯកជន និងពីសំណាក់អ្នកមានអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ៕