សកម្មភាព​ឡាន​ដឹក​អាចម៍ដី​ពី​បឹងបែកក្អម​នៅ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល។

ជម្លោះដីធ្លី

បុរស​ខ្លាំង​បន្ត​កាត់​ផ្ទៃ​បឹង​ពីរ​កន្លែង​ជិត​២០០​ហិកតារ​ក្នុង​ខេត្ត​កណ្តាល​ឱ្យ​ឯកជន​ដើម្បី​អភិវឌ្ឍ

By ឌឹ ខេមបូឌា ដេលី

August 09, 2022

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​ចូលចិត្ត​លុប​បឹងបួ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃ​បឹង​មេទឹក​ចំនួន​ពីរ​ទំហំ​ជិត ២០០​ហិកតារ​ក្នុង​ចំណោម​បឹង​២២ ដែល​បាន​ស្នើសុំ​ដាក់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល ធ្វើជា​កម្មសិទ្ធិ​ឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​លុប​បឹង លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្រេច​កាត់​ដី​ផ្ទៃ​បឹង​មេទឹក​បែកក្អម​ទំហំ​ជាង ៥៤​ហិកតារ ស្ថិតនៅ​ឃុំ​ព្រែកអញ្ចាញ និង​ផ្ទៃ​បឹង​មេទឹក​អំពៅឌៀប ដែល​មាន​ទំហំ​ជាង ១២៨​ហិកតារ ស្ថិត​ក្នុង​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ។

នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ចូលចិត្ត​កាប់​ព្រៃ និង​លុប​បឹង លោក ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​អនុក្រឹត្យ​ថា ការ​កាត់​ផ្ទៃ​បឹង​មេទឹក​នេះ គឺ​ធ្វើឡើង​តាម​ការ​ស្នើសុំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​តម្រូវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​មហាផ្ទៃ និង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ត្រូវ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​អនុក្រឹត្យ​នេះ​ជា​កំហិត។

ផ្ទៃដី​បឹង​មួយ​ចំនួន​ក្នុង​ខេត្ត​កណ្តាល ដែល​សុទ្ធសឹងតែ​ជា​បឹង និង​ជា​ផ្លូវទឹក​ដ៏​សំខាន់ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ជា​បន្តបន្ទាប់​ផង​ដែរ ដូចជា​ផ្ទៃដី​មេទឹក​ប្រមូល​ខ្លា​ដែល​មាន​ផ្ទៃដី​ទំហំ ៥៩​ហិកតារ ផ្ទៃ​បឹង​មេទឹក​បឹង​ជន្លេន​មាន​ទំហំ​ផ្ទៃដី​ជិត ១០០​ហិកតារ និង​ផ្ទៃដី​បឹង​ដើម​ពោធិ៍​មាន​ទំហំ​ផ្ទៃដី​ជាង ៤០​ហិកតារ​ផង​ដែរ។

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​មួយ​រូប​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ឲ្យ​ដឹង​កន្លងមក​ថា បឹង​មេទឹក​ដែល​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ស្នើសុំ​ដាក់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល មាន​ចំនួន ២២​បឹង ហើយ​មាន​បឹង​មេទឹក​ចំនួន​២ បាន​ចេញ​អនុក្រឹត្យ​រួច​ហើយ ឯ​បឹង​ចំនួន ២០​ទៀត ក្រសួង​បាន​ដាក់​លិខិត​ស្នើ​រួច​ហើយ​បន្ទាប់ពី​បាន​ធ្វើ​ព្រំ​ដី​បឹង​មេទឹក​ទាំងនោះ​រួច​មក។

ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​ថា បឹង​ធម្មជាតិ​សំខាន់ៗ​គ្រប់​ទីកន្លែង​ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​ខេត្ត​កណ្តាល ជាដើម នឹង​ត្រូវ​លុប​បាត់​គ្មាន​សល់ បើ​រដ្ឋាភិបាល​នៅតែ​បន្ត​កាត់​ផ្ទៃដី​បឹង​ទាំងនោះ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ដូច​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍ ហើយ​កាត់​ផ្ទៃ​បឹងបួ​ធម្មជាតិ​គ្រប់​ទីកន្លែង​ទាំងអស់​ឲ្យ​ទៅ​ខ្សែ​បណ្ដាញ​បក្ខពួក​របស់​ខ្លួន ដូចជា​សាច់ញាតិ ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ដែល​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល ជាដើម ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ដោយ​គ្មាន​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បាន​រិះគន់​ថា លោក​ធុញទ្រាន់​ចំពោះ​ក្រុម​អ្នក​រិះគន់​ដែល​នៅតែ​ទិតៀន​រូបលោក និង​លើក​ឡើង​ដដែលៗ​ពី​ការ​កាត់​បឹង​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍ ហើយ​បញ្ហា​នេះ លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ត្រូវការ​ការ​អភិវឌ្ឍ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​លុប​បឹង​ដើម្បី​ពង្រីក​ទីក្រុង។

លោក​សួរ​ថា កាលពី​មុន គេ​លុប​បឹង​បាន ចុះ​ពេលនេះ ហេតុ​អ្វី​លោក​លុប​មិន​បាន ?

ជុំវិញ​បញ្ហា​នេះ សមាគម​ធាងត្នោត បាន​បញ្ចេញ​របាយការណ៍​កាលពី​ពេល​កន្លងទៅ​ថា ផែនការ​លុប​បឹង​ធម្មជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ហេតុផល​អភិវឌ្ឍន៍ បាន​រាលដាល​យ៉ាង​អាក្រក់​គ្រប់​ទីកន្លែង។

បឹង​ធម្មជាតិ​សរុប​ចំនួន​១៦ ត្រូវ​បាន​លុប​បាត់​ទាំងស្រុង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​ពី​សំណាក់​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ៕