លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ និង​លោក ង្វៀន វ៉ាន់ងៀ អនុប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២២។

នយោបាយ

លោក ហ៊ុន ម៉ាណែត ថា​កងទ័ព​ជើងគោក​កម្ពុជា-វៀតណាម​កសាង​ប្រទេស​ទាំង​ពីរ​នៅ​ក្រោម​ម្លប់​សន្តិភាព

By ឌឹ ខេមបូឌា ដេលី

August 10, 2022

បេក្ខជន​ស្នង​តំណែង​អនាគត​នាយករដ្ឋមន្ត្រី​ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា កងទ័ព​ជើងគោក​កម្ពុជា និង​វៀតណាម​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព ដើម្បី​ការពារ និង​កសាង​ប្រទេស​ទាំង​ពីរ​នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម លោក ង្វៀន វ៉ាន់ងៀ អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​សាមគ្គីភាព​រវាង​កម្ពុជា និង​វៀតណាម គឺជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន ដើម្បី​ការពារ និង​កសាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​រីកចម្រើន និង​រុងរឿង​ទាំងអស់​គ្នា។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរគុណ​ចំពោះ​បក្ស​កុម្មុយនីស្ត រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម ថា​ពួកគេ​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ល្អ ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ជួប​ការ​លំបាក។

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​វៀតណាម​នៅ​ពេលនេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែម​ទៀត ជាពិសេស​ពង្រឹង​វិស័យ​យោធា​ស្រប​តាម​ពាក្យ​ស្លោក​ថា ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង។

ការ​អះអាង​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ចំពោះ​វៀតណាម ឱ្យ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ចំពោះ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​កម្ពុជា​នា​ពេល​អនាគត​នៅ​ពេលនេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៩ សីហា នេះ​ថា ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត គឺជា​ការ​ទាមទារ​របស់​វៀតណាម ដើម្បី​ឱ្យ​បេក្ខជន​ស្នង​មរតក​អំណាច​នៅ​កម្ពុជា​រូប​នេះ បញ្ជាក់​ជំហរ​របស់​ខ្លួន​ឱ្យ​កាន់តែ​ច្បាស់​ជាមួយ​វៀតណាម​បន្ថែម​ទៀត បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ប្រកាស​គាំទ្រ​ខ្លួន​ធ្វើ​ជា​អ្នក​បន្ត​វេន​កាលពី​ពេល​ថ្មីៗ​នេះ ថា​តើ​ក្រោយ​ឡើង​កាន់​អំណាច លោក ហ៊ុន ម៉ាណែត នឹង​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ​វៀតណាម​ដូច​មុន​ដែរ​ឬ​ទេ​ទៅ​ថ្ងៃ​មុខ។

លោក ម៉ែន ណាត អះអាង​ថា ការ​ស្នង​អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ទេ បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​វៀតណាម ព្រោះ​ថា​ជំនាញការ និង​ក្រុម​ចារកិច្ច​របស់​វៀតណាម បាន​រៀប​បណ្ដាញ​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​បណ្ដាញ​ខ្សែ​បក្ខពួក​ទាំងអស់​របស់​គ្រួសារ​ត្រកូល ហ៊ុន។ ដូច្នេះ ត្រកូល ហ៊ុន គ្មាន​ជម្រើស​ណា​ល្អ​ក្រៅតែ​ពី​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​វៀតណាម តាមរយៈ​នៃ​ការ​សម្បទាន​ទឹកដី​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ស្ថិរភាព​នៃ​ការ​គ្រប់គ្រង​អំណាច​នេះ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​មាត់ជ្រោះ​គួរ​ឱ្យ​ព្រួយបារម្ភ ពីព្រោះ​ប្រទេស​នេះ​បាន​ស្ថិត​ក្នុង​ការ​ក្តោប​ក្តាប់​របស់​ត្រកូល ហ៊ុន ទាំងស្រុង ខណៈ​ត្រកូល ហ៊ុន ត្រូវ​បាន​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ទាញ​យក​ផលប្រយោជន៍​គ្រប់​បែប​យ៉ាង​ពី​កម្ពុជា ខណៈ​ចិន​ក៏​កំពុងតែ​ដើរ​តួ​ជា​ម្ចាស់បំណុល​ចិត្ត​ធម៌​ក្នុង​ចេតនា​ទាញ​កម្ពុជា​ធ្វើ​ជា​កូនអុក​បម្រើ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល ហ៊ុន ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មាន​តែ​ការ​កាត់​ទឹកដី​ឱ្យ​វៀតណាម ដើម្បី​អំណាច និង​ប្រឹង​ខ្ចី​បំណុល​ចិន​ដើម្បី​បន្ត​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​ថា កម្ពុជា​ដ៏​តូច​ចង្អៀត​មួយ​នេះ​នឹង​ត្រូវ​បរទេស​ឈ្លានពាន​រើ​ខ្លួន​មិន​រួច​ទៅ​ថ្ងៃ​មុខ ប្រសិនបើ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ទម្រង់​នៃ​ការ​ដឹកនាំ​តាម​របៀប​គ្មាន​តម្លាភាព​របស់​ត្រកូល ហ៊ុន ដូច​សព្វថ្ងៃ​នេះ៕