គ្រួសារ​អ្នកទោស​នយោបាយ និង​យុវជន​ក្រុម​ខ្មែរ​ថាវរៈ ដាក់​ញត្តិ​ស្នើសុំ​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍​អនុញ្ញាត​ឱ្យ​លោក គង់ សំអាន ដែល​ជា​អ្នកទោស​នយោបាយ​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាព​នៅ​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២។

នយោបាយ

យុវជន​ខ្មែរ​ថាវរៈ​ស្នើសុំ​លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​នយោបាយ​ម្នាក់​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ

By ឌឹ ខេមបូឌា ដេលី

August 10, 2022

ក្រុម​យុវជន​ខ្មែរ​ថាវរៈ ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​នយោបាយ លោក គង់ សំអាន ដែល​មាន​អាយុ ៧០​ឆ្នាំ ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បន្ទាប់ពី​លោក​មាន​បញ្ហា​សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ជាច្រើន​នាក់ នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ នេះ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​មនសិការ លោក គង់ សំអាន ទទួល​បាន​ការ​ព្យាបាល ស្រប​ពេល​ដែល​លោក​កំពុង​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ​សព្វថ្ងៃ​នេះ។

យុវជន​ខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី បាន​អះអាង​ថា ការ​ដាក់​ញត្តិ​ស្នើសុំ​នេះ​ធ្វើឡើង​ដោយសារ​កញ្ញា​ផ្ទាល់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃស​កន្លងមក បាន​ដឹង​យ៉ាង​ច្បាស់​ថា អ្នកទោស​ក្នុង​ពន្ធនាគារ​ដែល​មាន​ជំងឺ​មិន​ដែល​ទទួល​បាន​ការ​ព្យាបាល ឬ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ​នោះ​ទេ លុះត្រាតែ​អ្នកជំងឺ​ទាំងនោះ​ផ្តល់​ជា​លុយកាក់​ដល់​ពួកគេ ទើប​អាច​ទទួល​បាន​ការ​ព្យាបាល​សមរម្យ។

យុវជន​ខ្មែរ​ថាវរៈ​រូប​នេះ​បញ្ជាក់​ថា លោក គង់ សំអាន បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​យូរ​មក​ហើយ។ លើស​ពី​នេះ គាត់​ក៏​បាន​ស្នើសុំ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាច្រើនលើក​ច្រើនសា​មក​ហើយ​ដែរ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​តែងតែ​ច្រានចោល​សំណើ​របស់​គាត់​រហូត​មក ហើយ​សព្វថ្ងៃ​នេះ លោក គង់ សំអាន មិន​អាច​ទទួល​បរិភោគ​អាហារ​បាន​ដូច​ធម្មតា​នោះ​ទេ ដោយសារ​លោក​ឈឺ​ធ្មេញ​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។

គ្រួសារ​អ្នកទោស​នយោបាយ និង​យុវជន​ក្រុម​ខ្មែរ​ថាវរៈ ដាក់​ញត្តិ​ស្នើសុំ​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍​អនុញ្ញាត​ឱ្យ​លោក គង់ សំអាន ដែល​ជា​អ្នកទោស​នយោបាយ​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាព​នៅ​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២។

ភរិយា​របស់​លោក គង់ សំអាន គឺ​អ្នកស្រី អៀប សួគ៌ អះអាង​អំឡុង​ពេល​ដាក់​ញត្តិ​នេះ​ថា ប្តី​របស់​អ្នកស្រី​មិន​ដែល​បាន​ប្រព្រឹត្ត​រួម​គំនិត​ក្បត់​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ ព្រោះ​គាត់​ជា​គ្រូបង្រៀន គឺ​មាន​តែ​ជួយ​ពលរដ្ឋ​ឱ្យ​មាន​ការ​រីកចម្រើន និង​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប៉ុណ្ណោះ ហើយ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​តែង​ស្រឡាញ់​រាប់អាន​គាត់​គ្រប់ៗ​គ្នា។

ជុំវិញ​ការ​ដាក់​ញត្តិ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ក្រុម​គ្រួសារ​លោក គង់ សំអាន នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ញត្តិ​ដែល​បាន​ស្នើសុំ​ហើយ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា ពួកគេ​នឹង​ជូនដំណឹង​អំពី​ការ​ស្នើសុំ​នេះ​នៅ​ពេល​ក្រោយ។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​កាត់ទោស​ឱ្យ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក គង់ សំអាន ជាប់​ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់» ជុំវិញ​ការ​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ ហើយ​គិត​មក​ទល់​នឹង​ពេលនេះ លោក គង់ សំអាន បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល ២​ឆ្នាំ​រួច​មក​ហើយ៕