38.1 C
Phnom Penh

អាមេរិក​បន្ថែម​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន​១០០០​លាន​ដុល្លារ​នាំ​ឱ្យ​ជំនួយ​អាមេរិក​កើន​ជិត​១០​ពាន់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​មហាអំណាច​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​កំពុង​ផ្ទុះឡើង ១៧០​ថ្ងៃ​មក​ហើយ។ សង្គ្រាម​ដ៏​សាហាវ​នេះ បាន​រុញ​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​សម្រុក​ជួយ​អ៊ុយក្រែន ទាំង​ជំនួយ​យោធា និង​ជំនួយ​ហិរញ្ញវត្ថុ​សុទ្ធ​រាប់​ពាន់​លាន​ដុល្លារ។

យ៉ាងតិច​ប្រទេស​ចំនួន​១០ គឺជា​ប្រទេស​ផ្ដល់​សព្វាវុធ ទាំង​អាវុធ​ធុន​ធ្ងន់ និង​ធុន​ស្រាល។ គោលដៅ​របស់​ប្រទេស​ផ្ដល់​អាវុធ​ទៅ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន គឺ​ដើម្បី​ជួយ​អ៊ុយក្រែន​មាន​លទ្ធភាព និង​តុល្យភាព​នៃ​ការ​ធ្វើ​សង្គ្រាម​ការពារ​ដែនដី​របស់​អ៊ុយក្រែន។ ប្រទេស​ដែល​ផ្ដល់​អាវុធ​ច្រើន​ជាងគេ​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​អាមេរិក​លំដាប់​ទី​១ អង់គ្លេស​លំដាប់​ទី​២ អាល្លឺម៉ង់​លំដាប់​ទី​៣ ប៉ូឡូញ​លំដាប់​ទី​៤ និង​កាណាដា​លំដាប់​ទី​៥។ តែ​សម្រាប់​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ដែល​ពុំ​ទាន់​ក្លាយ​ជា​សមាជិក​អង្គការ​យោធា​ណាតូ (NATO) ក៏​ជា​ប្រទេស​បាន​ផ្ដល់​អាវុធ​ច្រើន​ដែរ​ទៅ​ឱ្យ​អ៊ុយក្រែន។ ប្រទេស​ពីរ​នេះ​សុទ្ធ​តែ​មាន​ដែនដី​ជាប់​នឹង​រុស្ស៊ី។

យ៉ាងណា​បើ​យោង​តាម​សារព័ត៌មាន Erasia review បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៩ សីហា នេះ​ថា ចាប់តាំងពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ​២០២២ មក គឺ​សម្រាប់​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ឈានមុខ​គេ​តែ​មួយ​គត់​ដែល​បាន​បញ្ចេញ​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ច្រើន​ជាងគេ​ដល់​ទៅ​ជិត ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ហើយ។

កញ្ចប់​ថវិកា​ចុងក្រោយ​ដែល​មន្ទីរ​ប៉ុងតាហ្គោន​រៀបចំ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​មាន​ប្រព័ន្ធ​រ៉ុក្កែត​ពហុ​មុខងារ ហៅ​កាត់​ថា HIMARS មាន ៤​គ្រឿង​បូក​នឹង​គ្រាប់​របស់​វា ហើយ​និង​គ្រាប់​កាំភ្លើង​ធំ ១៥៥​មិល្លីម៉ែត្រ​ចំនួន ៧៥០០០​គ្រាប់។ ជាមួយ​គ្នា​នេះ រថពាសដែក M113 ចំនួន ៥០​គ្រឿង។ សរុប​ជា​សាច់ប្រាក់ គឺ​ស្មើ​នឹង ១​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប៉ុងតាហ្គោន។

បើ​តាម​ប្រភព​ដដែល​នេះ សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​បាញ់​យន្តហោះ​ប្រភេទ NASAMS ទៅ​ឱ្យ​អ៊ុយក្រែន​ឆាប់ៗ​នេះ។

មន្ទីរ​ប៉ុងតាហ្គោន​បាន​បញ្ជាក់​ថា អាវុធ​របស់​អាមេរិក​នៅ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ទ័ព​អ៊ុយក្រែន​កំពុង​ប្រើ​ក្នុង​ការ​ប្រយុទ្ធ​ការពារ​ទឹកដី គឺ​អាវុធ Stinger សម្រាប់​បាញ់​យន្តហោះ​ជា​អាវុធ​ប្រភេទ​ស្រាល​ដាក់​បាញ់​លើ​ស្មា។ អាវុធ Javelin សម្រាប់​បាញ់​រថក្រោះ​ក៏​ជា​អាវុធ​ធុន​ស្រាល​ផង​ដែរ។ សម្រាប់​អាវុធ​ធុន​ធ្ងន់​មាន​ដូចជា ប្រព័ន្ធ​កាំភ្លើង​ធំ M777 អាវុធ​ប្រព័ន្ធ​រ៉ុក្កែត Himars ប្រព័ន្ធ​មីស៊ីល Harpoon សម្រាប់​បាញ់​នាវាចម្បាំង បាន​ទៅ​ដល់​ទឹកដី​អ៊ុយក្រែន​ហើយ។ អាវុធ​ទាំងអស់​នេះ​កំពុង​ស្ថិត​ក្នុង​សមរភូមិ។

ចំពោះ​ប្រព័ន្ធ​មីស៊ីល​បាញ់​យន្តហោះ​ប្រភេទ NASAMS នឹង​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​នៅ​ពេល​ឆាប់ៗ​នេះ។ សហរដ្ឋ​អាមេរិក​កំពុងតែ​ពិចារណា​ផ្ដល់​យន្តហោះ​ចម្បាំង F-15 និង F-16 ជាច្រើន​គ្រឿង​ទៅ​ឱ្យ​អ៊ុយក្រែន​ផង​ដែរ។

អ្នកជំនាញ​ផ្នែក​យោធា​របស់​ពួក​បស្ចិម​ប្រទេស​យល់​ថា ដោយសារតែ​រដ្ឋាភិបាល និង​កងទ័ព​អ៊ុយក្រែន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​របស់​អាមេរិក និង​ក្រុម​សម្ពន្ធមិត្ត បាន​ធ្វើ​ឱ្យ​អ៊ុយក្រែន​មាន​តុល្យភាព​នៃ​ការ​ប្រើ​អាវុធ​ក្នុង​សមរភូមិ​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី ហើយ​ជា​ចាំបាច់​បាន​ជួយ​ទប់ស្កាត់​កងទ័ព​រុស្ស៊ី មិន​អាច​វាយ​កាន់កាប់​បាន​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ទោះជា​រុស្ស៊ី​សម្រុក​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ទីតាំង​របស់​កងទ័ព​អ៊ុយក្រែន​ក៏ដោយ។

មិន​តែប៉ុណ្ណោះ អាវុធ​ធុន​ធ្ងន់​របស់​ពួក​បស្ចិម​ប្រទេស ជាពិសេស​អាវុធ​របស់​អាមេរិក គឺ​ប្រព័ន្ធ​រ៉ុក្កែត Himars បាន​រុញច្រាន​កងទ័ព​រុស្ស៊ី​ឱ្យ​ដកថយ​វិញ​ខ្លះ​ដែរ​នៅ​សមរភូមិ​មួយ​ចំនួន ដែល​កំពុង​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស។

កាលពី​មួយ​ខែ​មក​នេះ សភា​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​ថ្នាក់ បាន​អនុម័ត​កញ្ចប់​ថវិកា​សរុប​ក្នុង​គម្រោង​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ៤​ម៉ឺន​លាន​ដុល្លារ។ គិត​មក​ដល់​ពេលនេះ អាមេរិក​បញ្ចេញ​ជំនួយ​អាវុធ និង​ជំនួយ​ហិរញ្ញវត្ថុ គឺ​ជិត ១​ម៉ឺន​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​ចូល​ដល់ ៦​ខែ​ហើយ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បាន​អំពាវនាវ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ធ្វើ​ឱ្យ​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន គឺ​នៅ​ត្រឹម​ឆ្នាំ​២០២២។ តែ​ដំណឹង​ចុងក្រោយ​ដែល​ប្រភព​ព័ត៌មាន The Defense Post បាន​ចុះផ្សាយ​ដោយ​ស្រង់​ប្រភព​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ឱ្យ​ដឹង​ថា រយៈពេល​ជិត ១៧០​ថ្ងៃ​មក​នេះ រុស្ស៊ី​បាត់បង់​ទ័ព​របស់​ខ្លួន​ពី​រវាង ៧៥០០០​នាក់​ទៅ ៨០០០០​នាក់។

លោក​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​អាមេរិក Colin Kahl បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​សព្វាវុធ រុស្ស៊ី​បាន​បាត់​រាប់​ម៉ឺន​គ្រឿង​ហើយ។ បើ​តាម​ប្រភព​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន រុស្ស៊ី​បាត់បង់​យន្តហោះ​ចម្បាំង ២២៣​គ្រឿង ឧទ្ធម្ភាគចក្រ ១៩៣​គ្រឿង រថក្រោះ ១៨១៧​គ្រឿង រថពាសដែក ៤០៧៦​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ធំ ៩៦៤​គ្រឿង ប្រព័ន្ធ​ការពារ​ដែនអាកាស ១៣៣​គ្រឿង ប្រព័ន្ធ​រ៉ុក្កែត ២៦១​គ្រឿង យន្តហោះ Drones ៧៥៧​គ្រឿង និង​នាវាចម្បាំង ១៥​គ្រឿង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស