35 C
Phnom Penh

GMAC ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការ​ដាក់​សម្ពាធ​ក្រុមហ៊ុន ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​បញ្ជា​ទិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC អះអាង​ថា កម្ពុជា​ត្រូវ​តែ​មាន​ភាព​សកម្ម និង​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​នឹង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​កាន់តែ​ច្រើន ខណៈ​ការ​បញ្ជា​ទិញ​ពី​ទីផ្សារ​នៃ​ប្រទេស​លោក​ខាងលិច​ដែល​ជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា​បាន​កំពុង​ធ្លាក់​ចុះ។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក Ken Loo អះអាង​កាលពី​ថ្ងៃទី​១០ សីហា នេះ​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២២ នេះ ដោយសារតែ​ស្ថានភាព​សកលលោក​មាន​ភាព​មិន​ស្ថិតស្ថេរ និង​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​ខាងលិច​ដែល​ជា​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ដ៏​សំខាន់​របស់​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ការ​កើនឡើង​នៃ​ថ្លៃដើម​ទ្វេដង​របស់​រោងចក្រ​នីមួយៗ នឹង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ហើយ​បញ្ហា​នេះ​មិនទាន់​និយាយ​ដល់​បញ្ហា​ផ្សេង​ទៀត ដូចជា​ថ្លៃ​ដឹកជញ្ជូន និង​ថ្លៃដើម​ដែល​បាន​ចំណាយ​ក្នុង​កម្រិត​ខ្ពស់​ដែល​កំពុងតែ​កើនឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅឡើយ​ទេ។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​មាន​ភាព​សកម្ម និង​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​នឹង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​កាន់តែ​ច្រើន។ ជាង​នេះ​ទៀត យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​ដែល​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ ត្រូវតែ​អនុវត្ត​អនុវត្ត​ឱ្យ​បាន​លឿន​ជាទីបំផុត ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​នា​ពេល​ខាងមុខ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១១ សីហា នេះ​ថា សមត្ថភាព​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ​ទៅ​កាន់​ទីផ្សារ​លោក​ខាងលិច​របស់​កម្ពុជា​នៅ​មិនទាន់​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​មួយ​ចំនួន ដូចជា​វៀតណាម ឥណ្ឌូនេស៊ី និង​ចិន បាន​នៅឡើយ​ទេ ព្រោះ​ថា​ការ​ចំណាយ​នានា​របស់​រោងចក្រ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មិន​អាច​ជួយ​ឱ្យ​ការ​នាំចេញ​ក្នុង​វិស័យ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ឡើយ។

លោក មឿន តុលា អះអាង​ថា ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ផល​ចំណេញ រដ្ឋាភិបាល​កម្ពុជា​តែង​កាត់​អត្ថប្រយោជន៍​របស់​កម្មករ ជាពិសេស​កាត់បន្ថយ​ថ្ងៃ​ឈប់​សម្រាក កាត់​ប្រាក់​ឈ្នួល​វេន​យប់​ឱ្យ​ស្មើ​នឹង​វេន​ថ្ងៃ និង​ការ​មិន​ផ្តល់​សំណង​ដល់​កម្មករ​និយោជិត​នៅ​ពេល​រោងចក្រ​ត្រូវ​បិទ​ទ្វារ​ដោយសារ​ជំងឺ​កូវីដ-១៩ ជាដើម។ លោក​បន្ត​ថា ផ្ទុយទៅវិញ រដ្ឋាភិបាល​មិន​បាន​ជួយ​កាត់បន្ថយ​តម្លៃ​សេវា​ដឹកជញ្ជូន តម្លៃ​សេវា​សាធារណៈ និង​បំបាត់​អំពើពុករលួយ​ដល់​ក្រុមហ៊ុន​នោះ​ទេ។

លោក​បន្ថែម​ទៀត​ថា បញ្ហា​នេះ​ហើយ​ដែល​ជា​មូលហេតុ​ចម្បង​មួយ​ផ្នែក​ដែរ ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​ចំណាយ​ថ្លៃដើម​កាន់តែ​ច្រើន និង​ពិបាក​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​ការ​នាំចេញ​របស់​ពួកគេ​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បើក​លំហ​សេរីភាព​សហជីព បើក​លំហ​សិទ្ធិ​ការងារ និង​បំបាត់​អំពើពុករលួយ ដើម្បី​ធានា​នូវ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​តាម​ការ​ស្នើសុំ​របស់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​ពួកគេ​ដូច​ដើម​ឡើងវិញ នោះ​ទើប​កម្ពុជា​អាច​ធានា​នូវ​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​លោក​ខាងលិច​ដោយ​គ្មាន​ការ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ខ្ពស់​លើ​វិស័យ​នេះ។

យ៉ាងណាក៏ដោយ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ទៅ​កាន់​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូសិប បូររែល កាលពី​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ​ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​មួយ​ពី​បរទេស​នោះ​ឡើយ ជាពិសេស​គឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហគមន៍​អឺរ៉ុប ជាដើម។

ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ គឺជា​ចរន្ត​ចំណូល​បង្ហូរ​ប្រាក់​ពី​បរទេស​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​រោងចក្រ និង​សាខា​ប្រមាណ​ជា ១១០០​កន្លែង និង​មាន​កម្មករ​ប្រមាណ ៧៥​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស