សារព័ត៌មាន The Australian កាលពីដើមសប្តាហ៍នេះ បានចុះផ្សាយថា ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ដែលមានទ្រព្យដ៏មហាសាលក្នុងទីក្រុង Melboume ហើយត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន និងក្រុមលាងលុយក្នុងប្រទេសអូស្ត្រាលី សង្ស័យថាជាប់ពាក់ព័ន្ធនឹងការគំរាមសម្លាប់លោកស្រី ប៊ូ រចនា ភរិយារបស់បណ្ឌិត កែម ឡី។
នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៨ ជាមួយ ABC ឧកញ៉ា ហ៊ុន តូ ធ្លាប់បានសារភាពថា ប៉ូលិស Victoria បានសាកសួរគាត់អំពីការគំរាមសម្លាប់លោកស្រី ប៊ូ រចនា ប៉ុន្តែលោកបានបដិសេធថា លោកមិនមានការជាប់ពាក់ព័ន្ធនោះទេ។
សារព័ត៌មាន The Australian ដែលបានចេញផ្សាយកន្លងមកដោយបានដាក់ចំណងជើងធំៗរបស់ខ្លួនភ្ជាប់ជាមួយរូបថតបច្ចុប្បន្នភាពគ្រួសារលោកស្រី ប៊ូ រចនា ជាមួយនឹងកូនប្រុសចំនួនបីនាក់នោះថា «ស្ត្រីមេម៉ាយក្រោកឡើងតតាំងចំពោះអំពើអាក្រក់នៅកម្ពុជា» បានអះអាងថា អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន បានគំរាមដល់អាយុជីវិតកូនៗរបស់អ្នកស្រីដល់ប្រទេសអូស្ត្រាលី បើទោះជាអ្នកស្រីបានរត់គេចខ្លួនដើម្បីសុវត្ថិភាព និងស្វែងរកយុត្តិធម៌ឲ្យស្វាមីរបស់លោកស្រីក៏ដោយ។
The Australian បានចុះផ្សាយកាលពីដើមសប្តាហ៍នេះថា លោកស្រី ប៊ូ រចនា គឺជាស្ត្រីដែលក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងរបបលោក ហ៊ុន សែន ដែលពុករលួយនោះ បានទៅដល់ប្រទេសអូស្ត្រាលីតែពីរសប្តាហ៍ប៉ុណ្ណោះក្នុងការស្វែងរកទីជម្រកសុវត្ថិភាព បន្ទាប់ពីប្តីរបស់លោកស្រីត្រូវបានប្រហារជីវិតក្រៅប្រព័ន្ធច្បាប់។
សារព័ត៌មានដដែលបានដកស្រង់សម្ដីអ្នកស្រី ប៊ូ រចនា ថា លោកស្រីនៅតែអាចឮការគំរាមកំហែងដល់អាយុជីវិតកូនៗរបស់គាត់ដែលព្យួរនៅលើអាកាស ហើយដែលជាការគំរាមដោយបើកចំហនៅលើទឹកដីអូស្ត្រាលី ដែលស្តោះចេញពីមាត់របស់បុរសខ្លាំងលោក ហ៊ុន សែន។
ការគំរាមនេះមិនបានធ្វើឱ្យលោកស្រី រចនា ភ្ញាក់ផ្អើលនោះទេ ប៉ុន្តែការពិត ជនផ្ដាច់ការបានបញ្ចេញវានៅចំពោះមុខភ្ញៀវរបស់រដ្ឋាភិបាលអូស្ត្រាលី ដោយគ្មានការញញើតបន្តិចសោះឡើយ។
លោកស្រី ប៊ូ រចនា ឆ្ងល់ថា លោកស្រីបានរស់នៅប្រទេសអូស្ត្រាលីទៅហើយ តើហេតុអ្វីបានជាលោក ហ៊ុន សែន តាមគំរាមលោកស្រីដល់អូស្ត្រាលីនេះទៅទៀត?
អតីតមេទ័ពខ្មែរក្រហមដែលបានបំពេញទស្សនកិច្ចក្នុងទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី សម្រាប់កិច្ចប្រជុំអាស៊ានកាលពីខែមីនា ឆ្នាំ២០១៨ បាននិយាយនៅឯសណ្ឋាគារ ShangriLa ថា លោកស្រី ប៊ូ រចនា ក៏ស្ថិតក្នុងចំណោមបាតុករមួយក្រុមដែលប្រមូលផ្តុំគ្នានៅក្នុងឧទ្យាន ហាយ ផាក (Hyde Park) នោះដែរ។
លោក ហ៊ុន សែន បាននិយាយជាសាធារណៈនៅចំពោះមុខមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ថា ភរិយាលោក កែម ឡី សូមគិតបន្តិចក្នុងតួនាទីជាម្ដាយ តើលោកស្រីចង់ឲ្យកូនរបស់លោកស្រីស្លាប់ដែរទេ?
សារព័ត៌មានដដែលក៏បានលើកឡើងថា ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ដែលតែងចេញចូលញឹកញាប់ទៅកាន់ទីក្រុង Melboume ហើយត្រូវបានចោទប្រកាន់នៅក្នុងសភាសហព័ន្ធអូស្ត្រាលី ថាមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន និងក្រុមលាងលុយក្នុងប្រទេសអូស្ត្រាលី សង្ស័យថាជាប់ពាក់ព័ន្ធនឹងការសម្លាប់បណ្ឌិត កែម ឡី ក៏ធ្លាប់បានគំរាមសម្លាប់លោកស្រី ប៊ូ រចនា ផងដែរ។
នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៨ ជាមួយ ABC ឧកញ៉ា ហ៊ុន តូ ធ្លាប់បានសារភាពថា ប៉ូលិស Victoria បានសាកសួរគាត់អំពីការគំរាមសម្លាប់លោកស្រី ប៊ូ រចនា ប៉ុន្តែលោកបានបដិសេធថាលោកមិនមានការជាប់ពាក់ព័ន្ធនោះទេ។
ឧកញ៉ា ហ៊ុន តូ ថ្មីៗនេះត្រូវបានសង្ស័យថាមានទំនាក់ទំនងនឹងប្រតិបត្តិការជួញដូរមនុស្សដ៏ធំនៅកម្ពុជា ដែលគ្រប់គ្រងដោយឧក្រិដ្ឋជនជាជនជាតិចិន។ អាជ្ញាធរអូស្ត្រាលីបង្ហាញពីបណ្ដាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលរបស់ប្រទេសចិន កំពុងទទួលបានភាពងាយស្រួលក្នុងការចូលទៅអូស្ត្រាលី តាមរយៈអ្នកមានខ្មែរដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងរបបលោក ហ៊ុន សែន ដែលពុករលួយ។
ក្រឡេកមកមើលឃាតកម្មបណ្ឌិត កែម ឡី វិញ លោកស្រី រចនា បានថ្លែងថា លោកស្រីមិនសង្ឃឹមថានឹងទទួលបានយុត្តិធម៌នោះទេ ព្រោះវាជាយុត្តិធម៌ក្លែងក្លាយ ដោយសារជនដែលត្រូវចូលទទួលទោស គឺជាមនុស្សសិប្បនិមិត្ត។ លោកស្រីថា របបនេះមិនដែលព្យាយាមស្វែងរកអ្នកបញ្ជាឲ្យមានការបាញ់សម្លាប់ប្តីរបស់អ្នកស្រីនោះទេ។
នៅក្នុងពិធីរម្លឹកខួប ៦ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី មន្ត្រីសង្គមស៊ីវិល និងសហជីពមួយចំនួនបានបង្ហាញការមើលឃើញស្រដៀងគ្នាថា «ជួប សម្លាប់» មិនមែនជាឃាតកពិតក្នុងការបាញ់សម្លាប់បណ្ឌិត កែម ឡី នោះទេ ដោយសារភស្តុតាងមិនស៊ីសង្វាក់ជាមួយនឹងអង្គហេតុដែលកើតឡើងរវាងជនរងគ្រោះ និងអ្នកប្រព្រឹត្តិ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញថា បណ្ឌិត កែម ឡី កាលនៅរស់ហ៊ាន «និយាយការពិត មិននិយាយការពារ» លោកបានជួយសង្គមជាតិជាច្រើនរហូតបន្សល់ទុកសារ ឬបណ្ដាំផ្ដល់ជាដំបូន្មានដល់កូនចៅជំនាន់ក្រោយឱ្យយកគំរូតាម ក្នុងការកសាងប្រទេសជាតិខ្មែរ ស្របតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ទាំងព្រឹកព្រលឹម។ ការបាញ់សម្លាប់បណ្ឌិត កែម ឡី កើតឡើងតែ ២ថ្ងៃប៉ុណ្ណោះក្រោយពេលលោកបានធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍មួយរបស់អង្គការឃ្លាំមើលអន្តរជាតិ (Global Witness) ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូល ហ៊ុន នៅកម្ពុជា»។
របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសាររបស់បុរសខ្លាំង លោក ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ហើយបញ្ហានេះ បណ្ឌិត កែម ឡី យល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំប្រទេស។
ជាង ៨ខែក្រោយឃាតកម្មដ៏កក្រើកនេះមក គឺនៅដើមខែមីនា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញបានកាត់ទោសបុរសតែម្នាក់ឈ្មោះ អឿត អាង ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ «ឃាតកម្មគិតទុកជាមុន» និងបទចោទមួយទៀត គឺ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
លោកស្រី ប៊ូ រចនា បានលើកឡើងថា លោកស្រីមិនសង្ឃឹមនឹងទទួលបានយុត្តិធម៌នោះទេ ដូច្នេះលោកស្រីចង់ឱ្យរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ក្រុម និងបក្ខពួករបស់លោក ហ៊ុន សែន និងបញ្ឈប់លំហូរនៃទ្រព្យសម្បត្តិដែលទទួលបានដោយពុករលួយរបស់ពួកគេទៅកាន់ប្រទេសអូស្ត្រាលី។
លោកស្រីថា មនុស្សសាមញ្ញមិនមានលុយច្រើនដល់ថ្នាក់យកមកប្រទេសអូស្ត្រាលីនោះទេ ប៉ុន្តែក្រុមគ្រួសាររបស់អ្នកដឹកនាំខ្មែរ បានយកលុយមកកាន់ប្រទេសនេះដ៏ច្រើនសន្ធឹកសន្ធាប់ទៅវិញ៕