29 C
Phnom Penh

តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​លោក សម រង្ស៊ី ចុះ​កិច្ចព្រមព្រៀង​កាត់​ខេត្ត​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា​នៅ​ខែ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចុះ​កិច្ចព្រមព្រៀង​កាត់​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ចំនួន​៤ ប្រគល់​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា ដើម្បី​រស់នៅ។

ការ​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​សំណុំរឿង​លោក សម រង្ស៊ី ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» កាលពី​ថ្ងៃទី​១១ សីហា ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក សម រង្ស៊ី ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា កាលពី​ឆ្នាំ​២០១៣។

ក្នុង​បន្ទប់​សវនាការ តំណាង​អយ្យការ លោក ប្លង់ សុផល ស្នើ​ទៅ​ចៅក្រម​ឲ្យ​ផ្ដន្ទាទោស​លោក សម រង្ស៊ី កម្រិត​អតិបរមា ដោយ​លើកឡើង​ថា កិច្ចព្រមព្រៀង​ដែល​លោក សម រង្ស៊ី ចុះ​ដោយ​កាត់​ខេត្ត​ចំនួន​៤ ឲ្យ​ទៅ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដែល​មិនមែន​ជា​ជនជាតិ​ខ្មែរ​នោះ ថា​ជា​អំពើ​ក្បត់​ជាតិ។

លោក​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ ពួកគេ​ជា​ជនជាតិ​ភាគតិច​រស់នៅ​តំបន់​ភ្នំ​ក្នុង​ប្រទេស​វៀតណាម តែប៉ុណ្ណោះ។

លោក ប្លង់ សុផល អះអាង​ថា កិច្ចព្រមព្រៀង​ដែល​លោក សម រង្ស៊ី បាន​ធ្វើ​ជាមួយ​លោក កុក ស ដែល​ជា​មេដឹកនាំ​ជនជាតិ​ម៉ុងតាញ៉ា ចុះ​កាលពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ នោះ ក៏​បាន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា លោក កុក ស ដោយ​បាន​សន្យា​ថា​នឹង​កាត់​ខេត្ត​ចំនួន​៤ ប្រគល់​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដើម្បី​រស់នៅ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​បញ្ជាក់​ថា ការ​កាត់​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​នោះ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​បង្កើត​បាន​រដ្ឋាភិបាល​ថ្មី​មួយ។

The Cambodia Daily បាន​ព្យាយាម​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​សុំ​ប្រតិកម្ម​អំពី​ការ​ចោទប្រកាន់​នេះ ប៉ុន្តែ​លោក​មិន​ដែល​លើក​ទូរស័ព្ទ​ទេ។

ទោះ​ជា​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី តែង​ចាត់ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​កម្ពុជា​កន្លង​មក ថា​ជា​តុលាការ​កំប្លុក​កំប្លែង​ដែល​តែង​ធ្វើការ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន តែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស