29 C
Phnom Penh

ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ដើម្បី​ការពារ​ព្រៃឈើ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ឧទ្យានុរក្ស មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី ចូលរួម​ការពារ និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ថែរក្សា​ព្រៃឈើ​ខ្មែរ​ទុក​ជា​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា​ត​កូន​ត​ចៅ​ជំនាន់​ក្រោយ និង​មនុស្ស​ជាតិ​ទាំងមូល​ទៅ​ថ្ងៃ​អនាគត។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ចូលរួម​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​អាច​សម្រេច​តាម​ផែនការ និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​បាន។

ប្រភព​ដដែល​អះអាង​ថា ក្រសួង​បរិស្ថាន​មាន​គោលការណ៍​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់ដឹង​អំពី​ទិដ្ឋភាព​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដើម្បី​ចូលរួម​ចំណែក​ទាំងអស់​គ្នា​ក្នុង​ការ​អភិរក្ស និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​រូប​នេះ​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ការ​រឹត​បន្តឹង​ទៅ​លើ​បទល្មើស​បរិស្ថាន ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៃ​បទល្មើស​ធនធាន​ធម្មជាតិ និង​ការ​កសាង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​ពី​ការ​បំផ្លាញ​ព្រៃឈើ​ផង​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បើក​កិច្ចប្រជុំ​អន្តរ​ក្រសួង​ស្តីអំពី​ការ​រៀបចំ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ដែល​មាន​ការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​ក្រសួង​បរិស្ថាន​ផង​ដែរ។

លោក ស ខេង បញ្ជាក់​ថា ការ​រៀបចំ​សេចក្ដី​ព្រាងច្បាប់​នេះ គឺ​មាន​គោលដៅ​ជំរុញ និង​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ពលរដ្ឋ​ក្នុង​ការ​ការពារ ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​ការពារ​ព្រៃឈើ​កម្ពុជា លោក ហេង ស្រស់ ធ្លាប់​បាន​រិះគន់​កាល​ពី​ពេល​ថ្មី​នេះ​ថា ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​កម្ពុជា​កើតឡើង​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ គឺ​ដោយសារតែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា ដូចជា​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន ជាដើម។

លោក ហេង ស្រស់ អះអាង​ថា ឈើ​ដែល​ក្រុមហ៊ុន​កាប់​ចេញពី​តំបន់​អភិរក្ស​ដោយ​ខុស​ច្បាប់ ត្រូវ​បាន​អាជ្ញាធរ​ប្រថាប់​ត្រា​ឱ្យ​ក្លាយ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ ខណៈ​ផលប្រយោជន៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ គឺ​ធ្លាក់​តែ​ទៅ​លើ​ក្រុម​ឈ្មួញ និង​មន្ត្រី​ដែល​បាន​ចូលរួម​ឃុបឃិត និង​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នៃ​សកម្មភាព​ខុស​ច្បាប់​នេះ​តែប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ដែល​ឈឺឆ្អាល​បញ្ហា​នេះ អាច​នឹង​ត្រូវ​រង​ការ​ចោទប្រកាន់​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ មាន​ប្រទេស​ជាង ១៣០ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow COP26 ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ ក្នុង​នោះ​រួម​មាន​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក ចិន និង​វៀតណាម ជាដើម ប៉ុន្តែ​កម្ពុជា​មិន​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​នេះ​ជាមួយ​ប្រទេស​ទាំងនោះ​ទេ។

សាកលវិទ្យាល័យ​នៃ​ប្រទេស​ដាណឺម៉ាក និង​បណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​វិនាស​ព្រៃឈើ​នៅ​កម្ពុជា កាលពី​ដើម​ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជិត ២​លាន ៥​សែន​ហិកតារ​ហើយ​ក្នុង​ចន្លោះ​ឆ្នាំ​២០០១ និង​ឆ្នាំ​២០២០ ដែល​ស្មើ​នឹង​ប្រមាណ​ជា ២៨% នៃ​គម្រប​ព្រៃឈើ​សរុប​របស់​ខ្លួន​គិត​ចាប់តាំងពី​ឆ្នាំ​២០០០ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស