សាលារាជធានីភ្នំពេញ អះអាងថា ខ្លួននឹងបញ្ជូនសំណុំរឿងកូដករណាហ្គាវើលដ៍ (Naga World) ទៅតុលាការ ដោយចោទថាក្រុមកូដករដែលជាស្ត្រីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបានប្រើប្រាស់អំពើហិង្សាទៅលើសមត្ថកិច្ចដែលជាបុរស។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ដោយចាត់ទុកការប្រមូលផ្ដុំតវ៉ារបស់ក្រុមកូដករថាធ្វើឡើងដោយខុសច្បាប់។
អាជ្ញាធរក្រុងភ្នំពេញក៏បានចោទប្រកាន់ចំពោះការតវ៉ារបស់កូដករ ថាជាការរៀបចំដោយក្រុមមនុស្សមួយក្តាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្ដែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយក្រុមនេះបានបន្តធ្វើសកម្មភាពអនាធិបតេយ្យយ៉ាងគឃ្លើនជាដដែលៗ។
រដ្ឋបាលរាជធានីភ្នំពេញក៏បានចោទថា អ្នកដែលនៅពីក្រោយការតវ៉ារបស់ក្រុមកូដករនោះ បានធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្ត្រីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញបារ៉ាស់ ធ្វើឲ្យខូចខាតជិត ២០ផ្ទាំង ហើយសមត្ថកិច្ចនៅតែបន្តស្រាក់ដៃគ្នាធ្វើជាបារ៉ាស់ការពារដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែពួកគេបានប្រើហិង្សាថែមទៀតមកលើសមត្ថកិច្ចរហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច។
ករណីនេះ សាលារាជធានីភ្នំពេញនឹងចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់នូវសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ការប្រើអំពើហិង្សាមកលើអាជ្ញាធរ ក៏ដូចជាការប្រមាថមកលើមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ច។
រដ្ឋបាលរាជធានីភ្នំពេញសូមគូសបញ្ជាក់បន្ថែមទៀតថា ក្រុមបាតុករបុកទម្លុះបារ៉ាស់ និងបង្កអំពើហិង្សាមកលើសមត្ថកិច្ចដែលត្រូវគេមើលឃើញថាសុទ្ធសឹងតែជាបុរស។
យ៉ាងណា ការបន្តនាំគ្នាចេញធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍ ប្រហែល ១០០នាក់កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារដែលបានអូសបន្លាយជាង ១ឆ្នាំមកនេះ។ ប៉ុន្តែជារឿយៗ ការចេញធ្វើកូដកម្មរបស់ពួកគេ តែងតែត្រូវបានក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងឯកសណ្ឋាន ២០០នាក់ បានដាក់របាំងរារាំង និងរុញច្រាន ព្រមទាំងប្រើប្រាស់អំពើហិង្សាដោយវាយទាត់ធាក់លើកូដករដែលជាស្ត្រីបណ្ដាលឲ្យរងរបួស។ ក្នុងនោះ កូដករស្ត្រីចំនួន ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីអាជ្ញាធរខណ្ឌ និងប្រជាការពារសណ្ដាប់ធ្នាប់ប្រើហិង្សានៅកន្លែងតវ៉ាក្បែរកាស៊ីណូណាហ្គាវើលដ៍។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បង្ហាញការសោកស្ដាយចំពោះសាលារាជធានីភ្នំពេញដែលតែងតែរារាំង ចោទប្រកាន់ និងបានប្រើប្រាស់ហិង្សាលើកូដករជាស្ត្រីដែលគ្រាន់ធ្វើកូដកម្មទាមទារឲ្យមានដំណោះស្រាយវិវាទការងារ។
កញ្ញា ឈឹម ស៊ីថរ ចាត់ទុកការបញ្ជូនជនដៃដល់ឲ្យទៅប្រើប្រាស់អំពើហិង្សាលើកូដករ ហើយគំរាមប្ដឹងក្រុមកូដករដែលរងគ្រោះនោះ ថាជាអំពើព្រៃផ្សៃ និងអមនុស្សធម៌។ កញ្ញាចាត់ទុកការប្រើប្រាស់អំពើហិង្សាលើកូដករដែលធ្វើកូដកម្មដោយអហិង្សានៅលើផ្លូវសាធារណៈថា នឹងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិកាន់តែខ្លាំង។
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា អះអាងថា ការប្រើប្រាស់អំពើហិង្សាទៅលើក្រុមកូដករពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ មិនមែនទើបតែនឹងកើតឡើងនោះឡើយ ហើយរដ្ឋាភិបាលក៏មិនដែលមានវិធានការច្បាប់ទៅលើសមត្ថកិច្ចដែលបានប្រើអំពើហិង្សានោះដែរ បើទោះបីជាករណីនេះចូលទៅក្នុងបទល្មើសព្រហ្មទណ្ឌក្ដី។ លោកបន្តថា អាជ្ញាធរដែលយល់ដឹងអំពីច្បាប់ ហើយទៅប្រើប្រាស់អំពើហិង្សាលើស្ត្រី នេះវាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកបន្តថា ករណីនេះប្រសិនបើរដ្ឋាភិបាលនៅតែមិនចាត់វិធានការទៅលើជនបង្កទេ វានឹងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ ហើយធ្វើឲ្យសាធារណជនថ្កោលទោស និងបាត់បង់ជំនឿលើរដ្ឋាភិបាលផងដែរ។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ការមិនចាត់វិធានការនេះ វាជាការជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរឱ្យប្រព្រឹត្តអំពើហិង្សាបន្តទៀត ឈានដល់ស្លាប់ក៏ថាបានដែរ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការច្បាប់លើអាជ្ញាធរមានសមត្ថកិច្ចទាំងនោះ។ លោកស្នើទៅរដ្ឋាភិបាលពិនិត្យមើលឡើងវិញចំពោះទង្វើរបស់ក្រុមសមត្ថកិច្ច ដែលប្រើអំពើហិង្សា និងវាយដំលើស្ត្រីជាកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារដំណោះស្រាយវិវាទការងារនោះ៕