(រូប​ខាង​ឆ្វេង) សមយុទ្ធ​របស់​កងទ័ព​ចិន​នា​ពេល​កន្លង​មក (រូប​ខាងស្ដាំ) ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន (Tsai Ing-wen) ជួប​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២។

ព័ត៌មានអន្តរជាតិ

ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ខណៈ​ប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ទៀត​ទៅ​ដល់​ដែន​កោះ​នេះ

By ឌឹ ខេមបូឌា ដេលី

August 16, 2022

ប្រទេស​ចិន ប្រកាស​បើក​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ទៀត​ដោយ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ស្រប​ពេល​ដែល​ប្រធានាធិបតី​ដែន​កោះ​នេះ​បាន​ទទួល​ជួប​នឹង​គណៈប្រតិភូ​សភា​អាមេរិក​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​សីហា នេះ។

ការ​មក​ដល់​របស់​ប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ថ្មី​នេះ គឺ​រយៈពេល ១២​ថ្ងៃ​បន្ទាប់ពី​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក​បាន​មក​ជួប​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែ​សីហា ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​នាំ​ឲ្យ​ចិន​ធ្វើ​សមយុទ្ធ​យ៉ាង​សម្បើម​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​សឹងតែ​ផ្ទុះ​សង្គ្រាម។

ទីភ្នាក់ងារ​សារព័ត៌មាន Associated Press បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាមេរិក​មួយ​ក្រុម​ថ្មី​នេះ គឺជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​ថែម​ទៀត​នូវ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ដែន​អធិបតេយ្យ​តៃវ៉ាន់ ដែល​ប្រកាន់ខ្ជាប់​នូវ​ការ​ប្រឈមមុខ​នឹង​សម្ពាធ​របស់​ចិន។

គណៈប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ដែល​មាន​គ្នា ៥​នាក់ នឹង​ចាកចេញ​ពី​ដែន​កោះ​តៃវ៉ាន់​វិញ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៥ សីហា តាម​ជើង​យន្តហោះ​របស់​កងទ័ព​អាកាស​អាមេរិក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តៃវ៉ាន់ បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ដែល​ក្រុម​សមាជិក​សភា​អាមេរិកាំង​កំពុង​ស្ថិត​នៅ​លើ​កោះ​តៃវ៉ាន់ ចិន​បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង​ឲ្យ​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់ ហើយ​នាវាចម្បាំង​ជាច្រើន​គ្រឿង​បាន​បើក​ឡោមព័ទ្ធ​ដែន​កោះ​នេះ​ដោយ​បើក​មក​ក្បែរ​នឹង​ច្រាំង​សមុទ្រ​របស់​តៃវ៉ាន់​តែម្ដង។

ចិន​បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា តៃវ៉ាន់ និង​ច្រក​សមុទ្រ​តៃវ៉ាន់​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ចិន។ ក្រុង​ប៉េកាំង​អះអាង​ថា នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​នៃ​ដំណោះស្រាយ​លេខ ២៧៥៨ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​បោះឆ្នោត​ដកហូត​អាសនៈ​នៃ​របប​សាធារណរដ្ឋ​ចិន មក​ឲ្យ​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​បក្ស​កុម្មុយនីស្ត​ចិន។

បក្ស​កុម្មុយនីស្ត​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ប្រទេស​ណា​មួយ​ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​ដែនដី​ឯករាជ្យ​ពី​ចិន។ នៅ​ពេល​ទទួល​ដំណឹង​ថា ប្រតិភូ​សភា​អាមេរិក​មក​ដល់​កោះ​តៃវ៉ាន់​មួយ​ក្រុម​ថ្មី​ទៀត​នេះ កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ប្រកាស​បើក​សមយុទ្ធ​ជា​ថ្មី​ទៀត។

ក្រសួង​ការពារ​ជាតិ​ចិន ប្រកាស​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​ដោយ​ចាត់ទុក​ថា​ជា​ការ​ប្រឆាំង​នឹង​វត្តមាន​របស់​ប្រតិភូ​សភា​អាមេរិក ដោយ​ចោទ​ថា​សហរដ្ឋ​អាមេរិក​កំពុង​បង្ហាញ​ការ​បង្ក​រឿង​ជាមួយ​ចិន​កាន់តែ​ជាក់ស្ដែង​ហើយ។ គណៈប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​នេះ​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​លោក Ed Markey។

ក្រុម​សភា​សហរដ្ឋ​អាមេរិក​បាន​ជួប​សមាជិក​សភា​ជាន់ខ្ពស់​របស់​កោះ​តៃវ៉ាន់ និង​ប្រធានាធិបតី អ្នកស្រី សាយ អ៊ឹងវិន។ មន្ត្រី​ជាន់ខ្ពស់​សេតវិមាន​ម្នាក់​ទទួល​បន្ទុក​គោលនយោបាយ​នៅ​តំបន់​អាស៊ី បាន​និយាយ​ថា ចិន​កំពុង​យក​លេស​នៃ​ការ​ធ្វើ​ទស្សនកិច្ច​របស់​មន្ត្រី​អាមេរិក​ដើម្បី​បង្ក​ឱ្យ​មាន​វិបត្តិ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​គំរាម​តៃវ៉ាន់​ដោយ​មធ្យោបាយ​កម្លាំង​ទ័ព។

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន (Tsai Ing-wen) ជួប​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២។

លោក Kurt Campbell ជំនួយការ​រង​របស់​ប្រធានាធិបតី លោក ចូ បៃដិន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចិន​ប្រតិកម្ម​គំរាម​តៃវ៉ាន់​ដូចនេះ គឺ​ហួស​ព្រំដែន​ទៅ​ហើយ។ លោក​ថា ចិន និង​តៃវ៉ាន់​គួរ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ឈរ​លើ​ការ​ផ្ដល់​ការ​យោគយល់​គ្នា។ នៅ​ពេល​ស្ថានការណ៍​នៅ​កោះ​តៃវ៉ាន់​ឡើង​កំដៅ​ខ្លាំង​កាលពី​ដើម​ខែ​សីហា ព្រោះ​តែ​ចិន​គំរាម​អាមេរិក​ជុំវិញ​គម្រោង​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ហើយ​អ្នក​សម្របសម្រួល​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក John Kirby បាន​ព្រមាន​ចិន​វិញ​ថា អាមេរិក​ជា​មហាអំណាច គឺ​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​ព្រមាន​ណា​មួយ​មក​លើ​អធិបតេយ្យភាព​របស់​អាមេរិក។

លោក​បញ្ជាក់​ថា ឆាប់ៗ​នេះ កង​នាវាចម្បាំង និង​កង​យន្តហោះ​ចម្បាំង​អាមេរិក​នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​បង្ហាញ​ថា ច្រក​សមុទ្រ​តៃវ៉ាន់​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ។ លោក​បន្ត​ថា អាមេរិក​មាន​ផែនការ​ធ្វើ​ឱ្យ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ជា​លំហ​សមុទ្រ​អន្តរជាតិ។ ប៉ុន្តែ​ចិន​ប្រកាស​ចោទ​សហរដ្ឋ​អាមេរិក​ថា​មាន​ផែនការ​លើក​ទឹកចិត្ត​តៃវ៉ាន់​ឱ្យ​ស្វែងរក​សម្ពន្ធភាព​ផ្សេងៗ​ទៀត ដើម្បី​ប្រកាស​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ។

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អន្តរជាតិ​មួយ​នៅ​ប្រទេស​បង់ក្លាដេស កាលពី​ថ្ងៃ​អាទិត្យ ទី​៧ ខែ​សីហា នេះ​ថា តៃវ៉ាន់​មិនមែន​ជា​ផ្នែក​មួយ​នៃ​អធិបតេយ្យភាព​របស់​អាមេរិក​នោះ​ទេ គឺ​តៃវ៉ាន់​ជា​ដែនដី​អធិបតេយ្យ​របស់​ចិន។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​នោះ​ទេ ហើយ​ក៏​មិន​មាន​ច្បាប់​ណា​បញ្ជាក់​ថា តៃវ៉ាន់​ជា​ដែនដី​ផ្សេង​ពី​ចិន​នោះ​ដែរ។

លោក​ទទូច​ឲ្យ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​បញ្ឈប់​ការ​ចូល​ខ្លួន​ពាក់ព័ន្ធ និង​តាំងខ្លួន​ជា​ខ្នងបង្អែក​របស់​តៃវ៉ាន់។

នៅ​មុន និង​អំឡុង​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែ​សីហា ចិន​បាន​បញ្ជា​នាវាចម្បាំង ១៣​គ្រឿង និង​យន្តហោះ​ចម្បាំង​ជាង ១០០​គ្រឿង​ឱ្យ​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ និង​បញ្ជា​ឲ្យ​យន្តហោះ​ចម្បាំង​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់​យ៉ាង​សម្បើម​រយៈពេល​មួយ​សប្ដាហ៍។

មិន​តែប៉ុណ្ណោះ ចិន​បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​ចំនួន ១១​គ្រាប់​ឱ្យ​ហោះ​រំលង​កោះ​ប​តៃវ៉ាន់ ដោយ​ធ្លាក់​ទៅ​សមុទ្រ​ចិន​ខាងកើត។ នៅ​អំឡុង​ពេល​នោះ អាមេរិក​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង និង​ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Ronald Regan ទៅ​ដាក់​ពង្រាយ​ភ្លាមៗ​នៅ​តំបន់​សមុទ្រ​ជាប់​នឹង​កោះ​តៃវ៉ាន់ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាមេរិក​ពង្រឹង​ស្មារតី​រដ្ឋាភិបាល និង​កងទ័ព​តៃវ៉ាន់​ឲ្យ​ទប់ទល់​នឹង​សម្ពាធ​របស់​កងទ័ព​ចិន៕