ប្រធានសារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន មួយរូបអះអាងថា ប្រសិនបើជប៉ុនចង់មានឥទ្ធិពលលើកម្ពុជាដូចមហាអំណាចកុម្មុយនីស្តចិន គឺជប៉ុនត្រូវតែឱ្យរដ្ឋាភិបាលកម្ពុជាខ្ចីលុយឱ្យកាន់តែច្រើនបន្ថែមទៀត។
លោក សយ សុភាព បានលើកឡើងក្នុងកម្មវិធី Monday Talk របស់លោកកាលពីថ្ងៃទី១៥ សីហា ថា ជប៉ុនធ្លាប់ប្រជែងជាមួយចិនចំពោះការសាងសង់ផែមួយនៅខេត្តកំពត ដើម្បីដឹកភ្ញៀវទេសចរពីខេត្តកំពតទៅកោះត្រល់ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ការសាងសង់នោះមិនទាន់ចេញជាលទ្ធផលនៅឡើយទេ ខណៈការអភិវឌ្ឍរបស់ចិននៅកម្ពុជាមានសន្ទុះលឿន និងឆាប់រហ័ស។
លោក សយ សុភាព អះអាងថា មហាអំណាចកុម្មុយនីស្តចិននឹងមិនដកខ្លួនចេញពីកម្ពុជាដាច់ខាត ព្រោះថាចិនបានជួយកម្ពុជាលើការអភិវឌ្ឍច្រើនណាស់ រួមទាំងផ្លូវថ្នល់នានាសព្វថ្ងៃនេះ ខណៈអ្នកដែលរិះគន់ពីទំនាក់ទំនងរដ្ឋាភិបាលកម្ពុជាជាមួយចិន មិនដែលឃើញពួកគេធ្វើដំណើរតាមវាលស្រែនោះទេ គឺឃើញតែធ្វើដំណើរលើផ្លូវដែលចិនសាងសង់ឱ្យកម្ពុជារហូតមក។
នាយកសារព័ត៌មានរូបនេះបញ្ជាក់ថា ការរីកចម្រើននៅកម្ពុជា ជាពិសេសផ្លូវគមនាគមន៍ គឺមានតែចិនប៉ុណ្ណោះដែលមានសមត្ថភាពផ្តល់ឱ្យកម្ពុជានូវផ្លូវថ្នល់ច្រើនខ្វាត់ខ្វែងដូចសព្វថ្ងៃនេះ។ លោកបន្ថែមថា សូម្បីធនាគារពិភពលោក (World Bank) ក៏ផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលកម្ពុជាមិនស្មើនឹងចិនដែរ បើទោះបីជារដ្ឋាភិបាលចិនទទួលបានផលប្រយោជន៍ពីកម្ពុជាក្នុងគម្រោងអភិវឌ្ឍន៍របស់ពួកគេក៏ដោយ ក៏បង្ហាញឱ្យឃើញពីការជួយកម្ពុជាឱ្យរីកចម្រើនផងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមានការរិះគន់ថា កម្ពុជាកំពុងតែដើរចូលទៅក្នុងអន្ទាក់បំណុលរបស់ចិន ដែលនាំឱ្យខ្លួនក្លាយទៅជាកូនអុករបស់ចិនសម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ត្រនយោបាយប្រឆាំងនឹងអាមេរិក ដែលពួកគេកំពុងប្រឈមមុខដាក់គ្នាសព្វថ្ងៃនេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់ The Cambodia Daily នៅថ្ងៃទី១៦ សីហា នេះ ការលើកឡើងរបស់លោក សយ សុភាព បានបង្ហាញយ៉ាងច្បាស់ថា របៀបដឹកនាំកម្ពុជារបស់គ្រួសារ ហ៊ុន គឺសុខចិត្តបម្រើមនោគមវិជ្ជាបរទេសដែលជាម្ចាស់បំណុលរបស់ខ្លួនគ្រប់បែបយ៉ាង ឱ្យតែបរទេសនោះហ៊ានទម្លាក់លុយឱ្យរដ្ឋាភិបាលកម្ពុជាខ្ចី ហើយមេដឹកនាំខ្មែរក៏សុខចិត្តធ្វើតាមបង្គាប់បញ្ជារបស់ម្ចាស់បំណុលទាំងនោះដោយមិនខ្វល់ពីការវិនាសអន្តរាយរបស់កម្ពុជាដែរ។
លោក ម៉ែន ណាត លើកឡើងថាវាជាភាពអាម៉ាស់ខ្លាំងណាស់របស់កម្ពុជា ដែលមានមេដឹកនាំសម្លឹងរកមើលតែបរទេសណាដែលឱ្យខ្លួនអាចខ្ចីបំណុល ដោយសុខចិត្តលុតជង្គង់ឱ្យគេលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនតាមអំពើចិត្ត ដើម្បីតែលុយសម្រាប់ប្រើប្រាស់ពង្រឹងអំណាចតវង្សត្រកូលរបស់ខ្លួន ជាជាងគិតគូរពីផលប្រយោជន៍ប្រទេសជាតិ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការអភិវឌ្ឍនានាដែលបានមកពីការខ្ចីបុលសម្រាប់ឱ្យក្រុមគ្រួសារត្រកូល ហ៊ុន យកមកអួតពលរដ្ឋខ្មែរសព្វថ្ងៃនេះ គឺកំពុងទាញកម្ពុជាឱ្យធ្លាក់ជ្រោះបំណុលដ៏សែនជ្រៅប៉ុណ្ណោះ។
កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច លើកឡើងថា មហាអំណាចកុម្មុយនីស្តចិនតែងប្រើគោលជំហរមួយ គឺគ្មានមិត្ត គ្មានសត្រូវ តែត្រូវគិតលើផលប្រយោជន៍។ ដូច្នេះ ប្រទេសដែលអាចផ្តល់ផលប្រយោជន៍ឱ្យចិន ពួកគេនឹងបង្កើតជាមិត្តភាពភ្លាមៗ ក្នុងនោះ ចិនអាចទម្លាក់កម្ចីគ្រប់បែបយ៉ាង ទោះបីជាប្រទេសដែលខ្ចីលុយទាំងនោះយកទៅប្រើប្រាស់ដោយគ្មានតម្លាភាព ឬមិនគោរពតាមគោលការណ៍សិទ្ធិមនុស្សក៏ដោយ។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា បច្ចុប្បន្ននេះ កម្ពុជាបានជំពាក់បំណុលបរទេសជិត ១ម៉ឺនលានដុល្លារអាមេរិកហើយ ប៉ុន្តែស្ថិតក្នុងស្ថានភាពបំណុលដែលមិនមានហានិភ័យ ឬបារម្ភពីបំណុលវ័ណ្ឌកនោះឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែកក្កដា ឆ្នាំ២០២២ អង្គការតម្លាភាពកម្ពុជា បានចេញរបាយការណ៍របស់ខ្លួនថា គិតត្រឹមដំណាច់ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានជំពាក់បំណុលបរទេសសរុបជាង ៩ពាន់លានដុល្លារអាមេរិកហើយ ក្នុងនោះបំណុលជាលក្ខណៈទ្វេភាគីមានរហូតដល់ទៅ ៧០% ហើយកម្ពុជាបានជំពាក់មហាអំណាចកុម្មុយនីស្តចិនដល់ទៅជាង ៤២%៕