ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសគំនិតផ្ដួចផ្ដើមថ្មីមួយដើម្បីគាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជា ក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៦ ខែសីហា នេះឲ្យដឹងថា គំនិតផ្ដួចផ្ដើមថ្មីនេះនឹងគ្រប់គ្រងដោយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission – IJM) គឺជាផ្នែកមួយនៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons – CTIP) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលអនុវត្តដោយអង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International)។
គម្រោង CTIP សហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីការពារប្រជាជនកម្ពុជាពីអំពើជួញដូរមនុស្ស។
លោក Benjamin Wohlauer ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងភាពជាដៃគូជាមួយនឹងអង្គការ IJM នឹងជួយសម្រាលការឈឺចាប់របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងយកជនល្មើសមកកាត់ទោសតាមផ្លូវច្បាប់»។
លោកបន្តថា សហរដ្ឋអាមេរិកមានមោទកភាពក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ហើយថាអង្គការទាំងពីរនឹងបំពេញបន្ថែមលើគម្រោងប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដោយសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យសេវា និងការការពារជនរងគ្រោះនៃអំពើជួញដូរមនុស្សមានភាពប្រសើរឡើង។
ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Benjamin Wohlauer បន្តថា សហរដ្ឋអាមេរិកនឹងសហការជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលសូចនាករនៃអំពើជួញដូរមនុស្សដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករឯកជន ក៏ដូចជាកាត់ទោសឧក្រិដ្ឋជន ការពារជនរងគ្រោះ និងទប់ស្កាត់អំពើជួញដូរមនុស្ស។
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១៩ ខែកក្កដា បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការជួញដូរមនុស្ស ដោយក្នុងនោះ អាមេរិកបានទម្លាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ និងប្រទេសផ្សេងទៀតពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិតពីរ (Tier 2 Watch List) ទៅកម្រិតបី ដែលជាកម្រិតដ៏អាក្រក់មួយ និងអាចរងទណ្ឌកម្ម។
ការទម្លាក់កម្ពុជាមកកម្រិត៣ នេះ ធ្វើឡើងក្រោមហេតុផល កម្ពុជាមានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្ស។
ពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជានេះ កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅសហរដ្ឋអាមេរិកបានដាក់កម្ពុជាឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស។ ចំណាត់ថ្នាក់ដ៏អាក្រក់នេះអាចធ្វើឱ្យមានការរឹតត្បិតលើជំនួយបរទេស។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែកក្កដា បានសង្ខេបអំពីប្រតិបត្តិការឆបោកដោយរៀបរាប់លម្អិតអំពីការរំលោភសិទ្ធិការងារ និងបញ្ហាជួញដូរមនុស្ស ដែលកំពុងកើតមានឡើងនៅកម្ពុជា ដូចជាការងារដើម្បីដោះបំណុលនៅឡឥដ្ឋ ការជួញដូរកូនស្រីដែលកំពុងមានការកើនឡើងនៅបរទេស និងការរំលោភបំពានពលរដ្ឋចំណាកស្រុកផងដែរ។
របាយការណ៍នេះក៏បានលាតត្រដាងដែរថា មានមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជា បានសមគំនិតក្នុងប្រតិបត្តិការឆបោក និងអំពាវនាវឱ្យមានការបង្កើនការកាត់ទោសដោយអាជ្ញាធរដែលប្រព្រឹត្តឡើងដោយខុសច្បាប់ ខណៈអង្គការមិនមែនរដ្ឋាភិបាលក៏បានចោទប្រកាន់នគរបាល និងមន្ត្រីផ្សេងទៀត ថាបានសមគំនិតក្នុងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដោយបង្ខំឱ្យប្រជាជនចិននៅតំបន់អាស៊ីអាគ្នេយ៍ និងជនបរទេសរាប់រយនាក់ធ្វើការនៅក្នុងវិស័យសេវាបម្រើអតិថិជននៅក្រុងព្រះសីហនុ និងទីតាំងផ្សេងៗទៀតដែរ។
សហរដ្ឋអាមេរិកក៏អំពាវនាវទៅរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំងនឹងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត និងប្រឆាំងមន្ត្រីដែលសមគំនិតក្នុងប្រតិបត្តិការឆបោកនេះ រួមទាំងឧក្រិដ្ឋកម្មជួញដូរផ្សេងទៀតដែលពាក់ព័ន្ធ។
កាលពីខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានសហការជាមួយកម្ពុជា ដើម្បីជួយសង្គ្រោះជនជាតិថៃ ជាង ៣ពាន់នាក់ចេញពីប្រតិបត្តិការឆបោកនៅខេត្តព្រះសីហនុ ខណៈជនជាតិម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងចិន ជាដើម ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះជាបន្តបន្ទាប់ផងដែរ៕