34 C
Phnom Penh

ក្រុម​ឈ្មួញ​កែន​ពលរដ្ឋ​ឱ្យ​កាប់​ឈើ​តំបន់​ការពារ​ក្នុង​ខេត្ត​មណ្ឌលគិរី​យក​ទៅ​លក់​នៅ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​ប្រមូល​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ឃុំ​រយ៉ ស្រុក​កោះញែក ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ចក្រ​ទ្វារ​អន្តរជាតិ​ដាក់ដាំ។

ពលរដ្ឋ​រស់នៅ​ភូមិ​រយ៉លើ ឃុំ​រយ៉ ស្រុក​កោះញែក លោក ឃីន បាន​ប្រាប់ ឌឹ ខេមបូឌា ដេលី ថា ឈ្មួញ​ឈើ​មួយ​ក្រុម​បាន​កែន​ពលរដ្ឋ​ឱ្យ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​តំបន់​ការពារ និង​អភិរក្ស ដែល​ការពារ និង​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​នៅ​ក្នុង​ស្រុក​កោះញែក ជាច្រើន​កន្លែង និង​ដឹក​បន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ដាក់ដាំ​យ៉ាង​សកម្ម​ជា​រៀង​រាល់​យប់ៗ ដោយ​ប្រើប្រាស់​រថយន្ត​បែន​ដឹក​ដី​ធំៗ​ជាច្រើន​គ្រឿង ហើយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​នោះ​ឡើយ។

លោក​បន្ត​ថា ការ​កាប់​ឈើ​ទាំងអស់​នេះ​នៅ​មិន​ឆ្ងាយ​ពី​ទីស្នាក់ការ​បរិស្ថាន​ជីវចម្រុះ​ច្រក​របៀង ភូមិ​រយ៉លើ ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី នោះ​ឡើយ។

អ្នក​ភូមិ​ដដែល​អះអាង​ថា ក្រុម​ឈ្មួញ​ទាំងនោះ​កំពុង​សម្រុក​កាប់​ឈើ​ប្រភេទ​ផ្ចឹក ស្រឡៅ សុក្រំ និង​កកោះ អារ​ច្រៀក​ឈើ​ឃ្លុំ​ចេញ​ជា​បួន​ជ្រុង ហើយ​ធ្វើការ​ដឹកជញ្ជូន​តាមរយៈ​គោយន្ត​កន្ត្រៃ រួច​បន្ត​ដឹក​តាម​រថយន្ត​បែន​ដឹក​ដី​ខ្នាត​យក្ស​ជាច្រើន​គ្រឿង យក​ទៅ​លក់​ឆ្លងដែន​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​ដាក់ដាំ​យ៉ាង​អនាធិបតេយ្យ។

ក្រុម​ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់ ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ដាក់ដាំ លោក យូ សុធា ជា​អ្នក​មាន​សិទ្ធិ​អំណាច​ធំ​ជាងគេ​ក្នុង​ការ​បើក​ទ្វារ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​រលូន ដែល​គេ​សង្ស័យ​ថា​អាច​មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​លក្ខណៈ​ជា​ប្រព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ​អ្នក​មាន​លុយ និង​មាន​អំណាច។

ពលរដ្ឋ​ដដែល​បន្ថែម​ថា នាយ​ប៉ុស្តិ៍​រូប​នេះ​តែងតែ​ចុះ​អន្តរាគមន៍​គ្រប់​ទីកន្លែង​នៅ​ពេល​ដែល​មាន​ការ​ហាមឃាត់​រថយន្ត​ដឹក​ឈើ មិន​ថា​នៅ​តំបន់​ណា​នោះ​ទេ ឲ្យ​តែ​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី ដោយ​មិន​មាន​ការ​ភ័យខ្លាច​នោះ​ឡើយ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​នោះ​ទេ។

The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុធ បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។

សហគមន៍​ជនជាតិ​ដើម​ពូនង លោក គ្រើង តុលា អះអាង​ថា បើសិនជា​ការ​ដឹកជញ្ជូន​ឈើ​នេះ​មិន​មាន​ច្បាប់​ទម្លាប់​នោះ​ទេ វា​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ព្រោះ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ព្រៃឈើ​នៅ​មិន​ច្រើន​នោះ​ទេ ហើយ​ព្រៃឈើ​សព្វថ្ងៃ​កំពុងតែ​វិនាស បើសិនជា​មិន​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ពី​សំណាក់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​ឈ្មួញ​ទាំងនោះ ព្រៃឈើ​នឹង​វិនាស​ហិនហោច​គ្មាន​សល់​ឡើយ។

លោក​ស្នើ​ដល់​សមត្ថកិច្ច​ជំនាញ គួរ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ រួច​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ព្រោះ​សកម្មភាព​ទាំងនេះ​ជា​ទង្វើ​ខុស​ច្បាប់​ទាំងស្រុង។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​យោធា និង​នគរបាល​ព្រំដែន​សរុប​ចំនួន ៩​នាក់ ក្រោម​បទ​ចោទ​សមគំនិត​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ឈើ​នាំ​ទៅ​ប្រទេស​វៀតណាម។ ការ​ឃុំ​ខ្លួន​នេះ ធ្វើឡើង​ក្រោយពី​ក្រុម​ការងារ​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តាម​បន្ទាត់​ព្រំដែន (អូរហ៊ុច) ស្ថិត​ក្នុង​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស