ពលរដ្ឋខេត្តមណ្ឌលគិរី អះអាងថា ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម បានប្រមូលពលរដ្ឋនៅក្នុងភូមិចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះឃុំរយ៉ ស្រុកកោះញែក ដើម្បីដឹកយកទៅលក់នៅប្រទេសវៀតណាម តាមចក្រទ្វារអន្តរជាតិដាក់ដាំ។
ពលរដ្ឋរស់នៅភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក លោក ឃីន បានប្រាប់ ឌឹ ខេមបូឌា ដេលី ថា ឈ្មួញឈើមួយក្រុមបានកែនពលរដ្ឋឱ្យចូលទៅកាប់ឈើនៅក្នុងព្រៃតំបន់ការពារ និងអភិរក្ស ដែលការពារ និងគ្រប់គ្រងដោយមន្ត្រីបរិស្ថាននៅក្នុងស្រុកកោះញែក ជាច្រើនកន្លែង និងដឹកបន្តទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារដាក់ដាំយ៉ាងសកម្មជារៀងរាល់យប់ៗ ដោយប្រើប្រាស់រថយន្តបែនដឹកដីធំៗជាច្រើនគ្រឿង ហើយមិនឃើញមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខធ្វើការទប់ស្កាត់ និងបង្ក្រាបនោះឡើយ។
លោកបន្តថា ការកាប់ឈើទាំងអស់នេះនៅមិនឆ្ងាយពីទីស្នាក់ការបរិស្ថានជីវចម្រុះច្រករបៀង ភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នោះឡើយ។
អ្នកភូមិដដែលអះអាងថា ក្រុមឈ្មួញទាំងនោះកំពុងសម្រុកកាប់ឈើប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ អារច្រៀកឈើឃ្លុំចេញជាបួនជ្រុង ហើយធ្វើការដឹកជញ្ជូនតាមរយៈគោយន្តកន្ត្រៃ រួចបន្តដឹកតាមរថយន្តបែនដឹកដីខ្នាតយក្សជាច្រើនគ្រឿង យកទៅលក់ឆ្លងដែននៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិដាក់ដាំយ៉ាងអនាធិបតេយ្យ។
ក្រុមប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានប្រាប់ ឌឹ ខេមបូឌា ដេលី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំ លោក យូ សុធា ជាអ្នកមានសិទ្ធិអំណាចធំជាងគេក្នុងការបើកទ្វារឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅប្រទេសវៀតណាម ដោយរលូន ដែលគេសង្ស័យថាអាចមានការប្រព្រឹត្តអំពើពុករលួយជាលក្ខណៈជាប្រព័ន្ធជាមួយក្រុមឈ្មួញអ្នកមានលុយ និងមានអំណាច។
ពលរដ្ឋដដែលបន្ថែមថា នាយប៉ុស្តិ៍រូបនេះតែងតែចុះអន្តរាគមន៍គ្រប់ទីកន្លែងនៅពេលដែលមានការហាមឃាត់រថយន្តដឹកឈើ មិនថានៅតំបន់ណានោះទេ ឲ្យតែស្ថិតនៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយមិនមានការភ័យខ្លាចនោះឡើយ ហើយគ្មានសមត្ថកិច្ចណាហ៊ានប៉ះនោះទេ។
The Cambodia Daily នៅមិនទាន់អាចសុំការឆ្លើយតបពីអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុធ បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។
សហគមន៍ជនជាតិដើមពូនង លោក គ្រើង តុលា អះអាងថា បើសិនជាការដឹកជញ្ជូនឈើនេះមិនមានច្បាប់ទម្លាប់នោះទេ វាជាឧក្រិដ្ឋកម្មព្រៃឈើ ព្រោះនៅក្នុងខេត្តមណ្ឌលគិរី ព្រៃឈើនៅមិនច្រើននោះទេ ហើយព្រៃឈើសព្វថ្ងៃកំពុងតែវិនាស បើសិនជាមិនមានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងពីសំណាក់សមត្ថកិច្ចទៅលើក្រុមឈ្មួញទាំងនោះ ព្រៃឈើនឹងវិនាសហិនហោចគ្មានសល់ឡើយ។
លោកស្នើដល់សមត្ថកិច្ចជំនាញ គួរស្រាវជ្រាវឲ្យបានច្បាស់លាស់ រួចចាត់វិធានការតាមផ្លូវច្បាប់ ព្រោះសកម្មភាពទាំងនេះជាទង្វើខុសច្បាប់ទាំងស្រុង។
កាលពីខែមិថុនា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរនៃតុលាការខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនមន្ត្រីយោធា និងនគរបាលព្រំដែនសរុបចំនួន ៩នាក់ ក្រោមបទចោទសមគំនិតបើកដៃឲ្យមានការកាប់ឈើនាំទៅប្រទេសវៀតណាម។ ការឃុំខ្លួននេះ ធ្វើឡើងក្រោយពីក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងពាក់ព័ន្ធចុះបង្ក្រាបបទល្មើសព្រៃឈើនៅតាមបន្ទាត់ព្រំដែន (អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា៕