29 C
Phnom Penh

អ្នក​រាយការណ៍​ពិសេស UN ចុះ​ពិនិត្យ​ការ​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោយ​ផ្ទាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង​ដែល​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ដែល​ភាគច្រើន​ជា​ស្ត្រី​បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ថ្ងៃទី​១៧ ខែ​សីហា នៅ​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី​១ ស្រប​ពេល​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ពុំ​បាន​បង្ក្រាប​ដោយ​ហិង្សា​ដូច​ពេល​មុនៗ។

តំណាង​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា សៀក បញ្ញា អះអាង​អំឡុង​ពេល​ធ្វើការ​ទាមទារ​នៅ​ថ្ងៃ​ពុធ នេះ​ថា ការ​ចេញ​ទាមទារ គឺ​មាន​បំណង​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គោរព​សិទ្ធិ​ការងារ ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​កាល​ពី​ពេល​កន្លងទៅ​ជាង ៣០០​នាក់ ហើយ​ដែល​សព្វថ្ងៃ​នៅ​សល់​តែ​ជាង ១០០​នាក់​នេះ រួម​ទាំង​ថ្នាក់​ដឹកនាំ​សហជីព ឱ្យ​ចូល​ធ្វើ​ការងារ​ដូច​ដើម​វិញ និង​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួកគេ ព្រមទាំង​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​ស៊ីសង​មួយ​នេះ​គោរព​ច្បាប់​របស់​កម្ពុជា​ផង​ដែរ។

កញ្ញា សៀក បញ្ញា ត្អូញត្អែរ​ថា រយៈពេល​ជាង ៨​ខែ​នៃ​ការ​តវ៉ា​ទាមទារ​ឱ្យ​ក្រុម​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​នេះ តែង​រង​នូវ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​រារាំង​មិន​ឱ្យ​ក្រុម​កូដករ​មក​ឈរ​ទាមទារ​នៅ​មុខ​អគារ​របស់​ក្រុមហ៊ុន​ឡើយ។

តំណាង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រូប​នេះ អំពាវនាវ​ឱ្យ​បុរស​ខ្លាំង លោក ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចេញ​មុខ​ដោះស្រាយ​ជាមួយ​កម្មករ ដើម្បី​បញ្ចប់​វិវាទ​នេះ​ឱ្យ​បាន​ឆាប់ និង​ដើម្បី​កុំ​ឱ្យ​ខូច​មុខមាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ សីហា នេះ​ថា ខុសពី​សព្វមួយដង​ដែល​កងកម្លាំង​សមត្ថកិច្ច​តែងតែ​រារាំង​ក្រុម​កូដករ​មិន​ឱ្យ​ជួបជុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប៉ុន្តែ​ថ្ងៃ​នេះ ពួកគេ​អាច​ប្រមូលផ្ដុំ​បាន​ដោយ​គ្មាន​ការ​បង្ក្រាប ស្រប​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស លោក វីទិត ម៉ុនតាប៊ន និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​ចំនួន​ទៀត ក៏​មាន​វត្តមាន​នៅ​ជាមួយ​ក្រុម​កូដករ​នៅ​ពេលនេះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២២ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ប្រហែល ១០០​នាក់ បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម ប៉ុន្តែ​ត្រូវ​ក្រុម​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​រាប់​រយ​នាក់​ដាក់​របាំង​រារាំង និង​រុញច្រាន ព្រមទាំង​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ការ​វាយ​ទាត់​ធាក់​លើ​កូដករ​ដែល​ជា​ស្ត្រី បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ កូដករ​ស្ត្រី​ចំនួន ៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ និង​ប្រជា​ការពារ​សណ្ដាប់ធ្នាប់​ប្រើ​ហិង្សា​នៅ​កន្លែង​តវ៉ា​ក្បែរ​អគារ​កាស៊ីណូ​ណាហ្គា​វើលដ៍។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​សេចក្តី​ស្នើ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅ​ពេលនេះ មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​យកចិត្ត​ទុកដាក់​រក​ដំណោះស្រាយ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស