អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងដែលក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ដែលភាគច្រើនជាស្ត្រីបន្តប្រមូលផ្ដុំគ្នានៅថ្ងៃទី១៧ ខែសីហា នៅមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១ ស្របពេលដែលអាជ្ញាធរក្រុងភ្នំពេញពុំបានបង្ក្រាបដោយហិង្សាដូចពេលមុនៗ។
តំណាងក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា អះអាងអំឡុងពេលធ្វើការទាមទារនៅថ្ងៃពុធ នេះថា ការចេញទាមទារ គឺមានបំណងឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិការងារ ទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់កាលពីពេលកន្លងទៅជាង ៣០០នាក់ ហើយដែលសព្វថ្ងៃនៅសល់តែជាង ១០០នាក់នេះ រួមទាំងថ្នាក់ដឹកនាំសហជីព ឱ្យចូលធ្វើការងារដូចដើមវិញ និងទម្លាក់ចោលបទចោទលើពួកគេ ព្រមទាំងទាមទារឱ្យថៅកែក្រុមហ៊ុនបនល្បែងស៊ីសងមួយនេះគោរពច្បាប់របស់កម្ពុជាផងដែរ។
កញ្ញា សៀក បញ្ញា ត្អូញត្អែរថា រយៈពេលជាង ៨ខែនៃការតវ៉ាទាមទារឱ្យក្រុមណាហ្គាវើលដ៍ដោះស្រាយវិវាទការងារនេះ តែងរងនូវការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ដែលរារាំងមិនឱ្យក្រុមកូដករមកឈរទាមទារនៅមុខអគាររបស់ក្រុមហ៊ុនឡើយ។
តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ អំពាវនាវឱ្យបុរសខ្លាំង លោក ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ ជំរុញឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយជាមួយកម្មករ ដើម្បីបញ្ចប់វិវាទនេះឱ្យបានឆាប់ និងដើម្បីកុំឱ្យខូចមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។
នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ សីហា នេះថា ខុសពីសព្វមួយដងដែលកងកម្លាំងសមត្ថកិច្ចតែងតែរារាំងក្រុមកូដករមិនឱ្យជួបជុំគ្នានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្តែថ្ងៃនេះ ពួកគេអាចប្រមូលផ្ដុំបានដោយគ្មានការបង្ក្រាប ស្របពេលដែលអ្នករាយការណ៍ពិសេស លោក វីទិត ម៉ុនតាប៊ន និងអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួនទៀត ក៏មានវត្តមាននៅជាមួយក្រុមកូដករនៅពេលនេះដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រុមកូដករណាហ្គាវើលដ៍ប្រហែល ១០០នាក់ បាននាំគ្នាចេញធ្វើកូដកម្ម ប៉ុន្តែត្រូវក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានរាប់រយនាក់ដាក់របាំងរារាំង និងរុញច្រាន ព្រមទាំងប្រើប្រាស់អំពើហិង្សាដោយការវាយទាត់ធាក់លើកូដករដែលជាស្ត្រី បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ កូដករស្ត្រីចំនួន ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីអាជ្ញាធរខណ្ឌ និងប្រជាការពារសណ្ដាប់ធ្នាប់ប្រើហិង្សានៅកន្លែងតវ៉ាក្បែរអគារកាស៊ីណូណាហ្គាវើលដ៍។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញចែងថា សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ប៉ុន្តែសេចក្តីស្នើរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នៅពេលនេះ មិនត្រូវបានអាជ្ញាធររដ្ឋយកចិត្តទុកដាក់រកដំណោះស្រាយនោះឡើយ៕