កងទ័ពនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយនៅសប្ដាហ៍ក្រោយនេះ ដែលការប្រកាសនេះចំពេលកូរ៉េខាងជើង បន្តបាញ់មីស៊ីលឲ្យធ្លាក់ក្នុងសមុទ្រលឿងនៃឧបទ្វីបកូរ៉េ នៅថ្ងៃពុធ ទី១៧ ខែសីហា នេះ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា សមយុទ្ធនេះធ្វើឡើងស្របពេលដែលមានការប្រឈមនឹងភាពគឃ្លើនកើនឡើងរបស់ប្រទេសកូរ៉េខាងជើង ដែលប្រទេសនេះបានបង្កើនការសាកល្បងបាញ់មីស៊ីល និងការគំរាមកំហែងបង្កជម្លោះនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ប្រភពដដែលឲ្យដឹងថា សមយុទ្ធរដូវក្ដៅធ្វើឡើងរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា នៅក្នុងប្រទេសកូរ៉េខាងត្បូង។
សមយុទ្ធនេះត្រូវបានគេហៅថា «របាំងការពារសេរីភាព» ដោយមានការធ្វើសកម្មភាពយោធានៅទីវាលផ្ទាល់ដែលចូលរួមដោយកងយន្តហោះចម្បាំង នាវាចម្បាំង កងរថក្រោះ និងកងទ័ពអាចមានជាង ១ម៉ឺននាក់។ ការធ្វើសមយុទ្ធនេះ ស្របពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ប្ដេជ្ញាចិត្តរួមគ្នានៅក្នុងការបន្តឡើងវិញនូវការធ្វើសមយុទ្ធទ្រង់ទ្រាយធំ បន្ទាប់ពីប្រទេសទាំងពីរបានផ្អាកសមយុទ្ធជាប្រចាំរបស់ខ្លួនមួយចំនួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែក្ដីបារម្ភនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
សមយុទ្ធនេះត្រូវបានមើលឃើញថា ធ្វើឡើងដើម្បីការពារខ្លួនទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ តែចំពោះកូរ៉េខាងជើង បានហៅការធ្វើសមយុទ្ធរបស់អាមេរិក និងកូរ៉េខាងត្បូង ឬអាមេរិកជាមួយជប៉ុន គឺជាទង្វើដើម្បីត្រៀមឈ្លានពានកូរ៉េខាងជើង។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានចេញសេចក្ដីប្រកាសព័ត៌មានថា កងទ័ពជើងទឹករបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចូលរួមនៅក្នុងការធ្វើសមយុទ្ធត្រៀមទប់ទល់នឹងមីស៊ីលផ្លោងអន្តរទ្វីបនៅឯសមុទ្ររដ្ឋ Hawaii ដែលធ្វើឡើងពីថ្ងៃទី៨ ដល់ទី១៤ ខែសីហា កន្លងទៅនេះ។ សមយុទ្ធនេះ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីទប់ទល់នឹងការប្រឈមពីសំណាក់កូរ៉េខាងជើង។
ស្របពេលដែលដឹងថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធរួមគ្នាដ៏ធំមួយនៅសប្ដាហ៍ក្រោយ ត្រូវបានរាយការណ៍មកថា កូរ៉េខាងជើងបាញ់មីស៊ីលចំនួន ២គ្រាប់ឆ្ពោះទៅកាន់សមុទ្រលឿង។
មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់អះអាងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៊ីលគ្រួសចំនួន ២គ្រាប់ឆ្ពោះទៅកាន់សមុទ្រលឿងនៅថ្ងៃពុធ ទី១៧ ខែសីហា នេះ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap ឲ្យដឹងថា កូរ៉េខាងជើងបន្តបាញ់មីស៊ីលនៅថ្ងៃនេះ គឺបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានធ្វើសន្និសីទសារព័ត៌មាននាឱកាសខួប ១០០ថ្ងៃនៃការស្បថចូលកាន់អំណាចរបស់លោក ដែលលោកថ្លែងអំពីការប្រកាន់ជំហរក្នុងការប្រឈមនឹងកូរ៉េខាងជើង។
កាលពីថ្ងៃទី១៦ សីហា គឺជាទិវាឧបទ្វីបកូរ៉េ ត្រូវបានរំដោះចេញពីការគ្រប់គ្រងរបស់ជប៉ុន លោក Yoon Suk-yeol បានថ្លែងអំពីគម្រោងកិច្ចផ្ដួចផ្ដើមរបស់លោកដែលសំដៅចង់ជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ក្នុងករណីដែលទីក្រុងព្យុងយ៉ាង សម្រេចទទួលយកការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ ការថ្លែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ មើលទៅដូចជាបញ្ឆេះឲ្យក្រុងព្យុងយ៉ាង ប្រតិកម្ម ដែលនាំឲ្យកូរ៉េខាងជើងឆ្លើយតបដោយបាញ់មីស៊ីលចំនួន ២គ្រាប់ជាថ្មីទៀតនេះ។
តែយ៉ាងណា លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាននិយាយនៅថ្ងៃពុធនេះថា កិច្ចចរចាជាមួយកូរ៉េខាងជើង មិនគួរធ្វើឡើងក្នុងន័យនយោបាយ ឬឱ្យតែល្អមើលនោះទេ គឺគួរតែជាការចូលរួមចំណែកដល់ការស្វែងរកសន្តិភាពតំបន់។
បើតាមលោក Yoon Suk-yeol គឺពិតណាស់ កូរ៉េខាងត្បូងមិនមែនជាអ្នកធានាសន្តិសុខឱ្យកូរ៉េខាងជើងនោះទេ ប្រសិនបើក្រុងព្យុងយ៉ាង មិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ លោកបញ្ជាក់ថា ទីក្រុងសេអ៊ូល អាចធានាបាន លុះត្រាតែទីក្រុងព្យុងយ៉ាង ទទួលយកកិច្ចព្រមព្រៀងជាសកលដើម្បីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។
ការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺជាគោលនយោបាយការបរទេសដ៏សំខាន់មួយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមនឹងជប៉ុន។ តែយ៉ាងណា កូរ៉េខាងជើងប្រកាសជំហរថានឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ព្រោះអាវុធនេះគឺជាតម្លៃមួយដើម្បីសន្តិភាពរបស់កូរ៉េខាងជើង។
បើតាមគេហទំព័រ Global Fire ឲ្យដឹងថា កូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរពី ២៥គ្រាប់ទៅ ៣០គ្រាប់។
កូរ៉េខាងជើង និងខាងត្បូង គឺជាសាច់ឈាមនឹងគ្នា។ ដែនដីពីរនេះប្រកាន់របបនយោបាយដឹកនាំប្រទេសខុសគ្នា។ កូរ៉េខាងត្បូងប្រកាន់របបប្រជាធិបតេយ្យ។ ចំណែកកូរ៉េខាងជើងប្រកាន់របបកុម្មុយនីស្តផ្ដាច់ការ។
ដែនដីពីរនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិលរយៈពេល ៤ឆ្នាំនៅរវាងឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។ ទីក្រុងសេអ៊ូល ជារដ្ឋធានីរបស់កូរ៉េខាងត្បូង។ ចំណែកទីក្រុងព្យុងយ៉ាង ជារដ្ឋធានីរបស់កូរ៉េខាងជើង។ ក្រោយបិទបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៥៣ កងទ័ពអាមេរិកនៅបន្តវត្តមាននៅលើទឹកដីកូរ៉េខាងត្បូងចំនួន ៤ម៉ឺននាក់មកដល់នឹងសព្វថ្ងៃនេះ។ ចំណែកនៅលើទឹកដីប្រទេសជប៉ុន ក៏មានកងទ័ពអាមេរិកប្រមាណជា ៥ម៉ឺននាក់ផងដែរ។ វត្តមានទ័ពអាមេរិក គឺដើម្បីជួយពង្រឹងទ័ពកូរ៉េខាងត្បូង និងជប៉ុនទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង៕