រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា កងទ័ពកម្ពុជា និងកងទ័ពចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជាងមុននាពេលខាងមុខនេះ ហើយកម្ពុជានឹងនៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមទៅមុខជានិច្ច ដើម្បីពង្រឹងសមត្ថភាពកងទ័ពលើកិច្ចការការពារអធិបតេយ្យជាតិរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា សម្រាប់បញ្ហាមូលដ្ឋានសមុទ្ររាម មិនមែនជារឿងថ្មីនោះទេដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនលើកឡើង និងបានចោទប្រកាន់កម្ពុជាថាបានផ្តល់មូលដ្ឋានទ័ពជើងទឹករាមឱ្យចិនប្រើប្រាស់ជារឿយៗនោះ ប៉ុន្តែកម្ពុជានៅតែបន្តកិច្ចការរបស់ខ្លួនទៅមុខជានិច្ច។
លោក ទៀ បាញ់ អះអាងថា ដើម្បីរៀបចំខឿនការពារដែនអធិបតេយ្យរបស់ខ្លួន កម្ពុជាត្រូវតែធ្វើ និងត្រូវតែបំពេញកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជាមិត្តទាំងអស់ ហើយការរិះគន់ ការវាយប្រហារ និងការវិភាគនានាថាកម្ពុជាជាប់ពាក់ព័ន្ធជាមួយចិន គឺជាការលើកឡើងគ្មានមូលដ្ឋានពិតប្រាកដនោះឡើយលើបញ្ហានេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជារូបនេះបញ្ជាក់ថា ភារកិច្ចរបស់កម្ពុជាក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន គឺនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើ បំពេញនូវអ្វីដែលខ្លួនត្រូវបំពេញ មិនថាកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជាមិត្តណាមួយនោះទេ ហើយកម្ពុជាក៏មិនបានផ្គើនទៅកាន់អ្នកណា ឬក៏ធ្វើឱ្យអ្នកណាអាក់អន់ស្រពន់ចិត្តនោះដែរ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា លោក ទៀ បាញ់ និងគណៈប្រតិភូនៃក្រសួងការពារជាតិ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកុម្មុយនីស្តចិន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍អំពីការដោះស្រាយវិបត្តិនៅក្នុងតំបន់ និងអន្តរជាតិជាមួយអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃប្រទេសចិន គឺលោក ស្ស៊ី ឈីលាំង។
សេចក្ដីប្រកាសព័ត៌មានខាងលើបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ទៀ បាញ់ នឹងចុះហត្ថលេខាលើពិធីសារចំនួនពីរ គឺកិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាក្នុងការពង្រឹងសមាសភាព លើកកម្ពស់ស្មារតីរបស់កងទ័ព ទាំងយុទ្ធសាស្ត្រទន់ និងយុទ្ធសាស្ត្ររឹង ដែលនឹងបង្កលក្ខណៈងាយស្រួលឲ្យយោធាយកទៅប្រើប្រាស់ក្នុងវិស័យការពារជាតិរបស់ខ្លួន។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ សីហា នេះថា លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ទៀ បាញ់ ទៅកាន់ប្រទេសចិន បង្ហាញថា នយោបាយការបរទេសរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនអព្យាក្រឹតដូចការអះអាងរបស់មេដឹកនាំបក្សកាន់អំណាច ដែលបានអះអាងចំពោះសហរដ្ឋអាមេរិកនាពេលកន្លងមកនោះឡើយ។
លោក គឹម សុខ លើកឡើងថា ការពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពរបស់គណបក្សប្រជាជនកម្ពុជា និងកងទ័ពចិនឱ្យកាន់តែធំនៅពេលនេះ គឺជាសញ្ញារុញឱ្យបស្ចិមប្រទេសត្រូវតែមានវិធានការលើអំណាចដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យកាន់តែធ្ងន់បន្ថែមទៀត គ្រាន់តែថាធំកម្រិតណា គឺត្រូវរង់ចាំមើលការវិវឌ្ឍនៃស្ថានការណ៍ជាក់ស្តែងនៅថ្ងៃមុខប៉ុណ្ណោះ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ បស្ចិមប្រទេសកាន់តែលែងទុកចិត្តលើរដ្ឋាភិបាលលោក ហ៊ុន សែន និងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ទៀតហើយ ដោយសារតែពួកគេអាចមិនត្រឹមតែលួចពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពរបស់បក្សប្រជាជនកម្ពុជាជាមួយកងទ័ពបក្សកុម្មុយនីស្តចិននោះទេ ថែមទាំងរក្សាភាពសម្ងាត់ដ៏ស៊ីជម្រៅជាមួយកងទ័ពវៀតណាមថែមទៀត។
លោកបន្តថា កងទ័ពរបស់បក្សប្រជាជនកម្ពុជាដែលត្រួតត្រាផ្តាច់មុខដោយគ្រួសារ ហ៊ុន ក៏មានកិច្ចសហប្រតិបត្តិការពិសេសជាមួយមេរដ្ឋប្រហារយោធាភូមា លោក មីន អ៊ុងឡាំង ផងដែរ។
លោក គឹម សុខ បញ្ជាក់ថា នៅពេលនេះ លោក ហ៊ុន សែន ក៏កំពុងព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកុម្មុយនីស្តដទៃទៀតដែរ ដូចជាប្រទេសគុយបា ជាដើម ដែលគាត់គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅពេលខាងមុខនេះ ក្នុងគោលបំណងដើម្បីសិក្សាពីវិធីគ្រប់គ្រងអំណាចតាមប្រទេសកុម្មុយនីស្តមួយនេះ។
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រកាសគាំទ្រកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ពេញទំហឹងឱ្យធ្វើជាអ្នកបន្តវេនរបស់កម្ពុជា ដោយចាត់ទុកលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដែលមានភាពចាស់ទុំ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់កម្ពុជាទៅថ្ងៃអនាគត៕