អគ្គស្នងការរងនគរបាលជាតិ លើកឡើងថា គ្រប់ជនសង្ស័យទាំងអស់ដែលត្រូវជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេត មិនមែនសុទ្ធតែមានទោសនោះទេ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ម្នាក់ត្រូវប្រកាន់ខ្ជាប់នូវសច្ចធម៌ និងធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងកើតមាននូវអំពើអយុត្តិធម៌ទៅលើប្រជាពលរដ្ឋដែលគ្មានកំហុស។
អគ្គស្នងការរងនគរបាលជាតិ លោក អ៊ី សុខឃី បានលើកឡើងក្នុងពិធីបិទវគ្គបំប៉នជំនាញស្ដីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងវិធានការស៊ើបអង្កេតនៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ថា ក្នុងដំណាក់កាលស៊ើបអង្កេត គឺត្រូវរកខុស រកត្រូវ ក្នុងនោះបើស៊ើបអង្កេតទៅរកឃើញថាមានកំហុស ត្រូវតែធ្វើការចោទប្រកាន់ ប៉ុន្តែបើស៊ើបអង្កេតទៅរកឃើញថាគ្មានកំហុស ត្រូវតែធ្វើសេចក្តីរាយការណ៍បញ្ជាក់ថាគ្មានកំហុស នោះទើបសង្គមជាតិកម្ពុជាមានយុត្តិធម៌ពិតប្រាកដ។
អគ្គស្នងការរងនគរបាលជាតិរូបនេះណែនាំទៅកាន់សិក្ខាកាមជានគរបាលចំនួន ១៥៤រូបថា ត្រូវតែប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សច្ចធម៌ យុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈជំនាញ ជាពិសេសអនុវត្តឲ្យបាននូវវិន័យក្នុងកងកម្លាំងនគរបាលជាតិ ធ្វើយ៉ាងណាកុំឲ្យសំណុំរឿងបង្កនូវភាពអយុត្តិធម៌ដល់ពលរដ្ឋដែលគ្មានកំហុស ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើស ព្រមទាំងបំពេញភារកិច្ចឲ្យស្របតាមនីតិវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក អ៊ី សុខឃី បញ្ជាក់ថា ក្នុងនាមជានគរបាលជាតិដែលជាអ្នកថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ម្នាក់ៗត្រូវតែអនុវត្តការងារជំនាញរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ មិនធ្វើសកម្មភាពផ្ទុយពីច្បាប់កំណត់នោះឡើយ ក្នុងនោះគឺត្រូវបង្កើនកិច្ចសហការជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវស៊ើបអង្កេត ដើម្បីជៀសវាងជនស្លូតត្រង់ត្រូវរងគ្រោះដោយសារកំណត់ហេតុរបស់ខ្លួន។
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃពុធ ទី១៧ សីហា នេះថា ភាពអយុត្តិធម៌ក្នុងសង្គមកម្ពុជាកំពុងរីកដុះដាលយ៉ាងធ្ងន់ធ្ងរ ដូចជាអំពើអយុត្តិធម៌ដែលកើតមានតាមប្រព័ន្ធតុលាការ កើតមានរវាងមន្ត្រី អ្នកមានអំណាចទៅលើប្រជាពលរដ្ឋ និងអំពើអយុត្តិធម៌ដែលកើតមានពីការបែងចែកទ្រព្យសម្បត្តិជាតិមិនមានតម្លាភាពពីសំណាក់រាជរដ្ឋាភិបាល ជាដើម។
លោក ប៉ា ងួនទៀង បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេសសុទ្ធសឹងតែបានរងនូវភាពអយុត្តិធម៌ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ ដូចជាអំពើអយុត្តិធម៌ក្នុងការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ ការបង្ក្រាបដើម្បីបិទសិទ្ធិសេរីភាពបញ្ចេញមតិ ការចាប់ឃុំខ្លួនសកម្មជននានាដែលកាត់ទោសដោយប្រើច្បាប់ព្រហ្មទណ្ឌ ដែលប្រាសចាកពីខ្លឹមសាររដ្ឋធម្មនុញ្ញ ការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យតាមរយៈនៃការបិទលំហសេរីភាពនយោបាយ និងបង្កើតឱ្យមានអំពើនិទ្ទណ្ឌភាពលើឃាតកម្មក្រៅប្រព័ន្ធសព្វថ្ងៃនេះ ជាដើម។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លាតត្រដាងថា អំឡុងពេលដែលលោកត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំកន្លងមក លោកបានសង្កេតឃើញថា តុលាការនៅកម្ពុជាគ្រាន់តែជាទីផ្សារទិញលក់រឿងក្តីតែប៉ុណ្ណោះ មិនមែនជាកន្លែងរកយុត្តិធម៌ជូនជនរងគ្រោះនោះឡើយ។
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា បច្ចុប្បន្ននេះ ស្ថាប័នដែលជាសសរស្ដម្ភធំៗទាំងបីរបស់ជាតិ គឺស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ បានក្លាយជាឧបករណ៍របស់បក្សកាន់អំណាចទាំងស្រុងទៅហើយ ដូច្នេះយុត្តិធម៌នឹងកើតមានសម្រាប់តែបក្ខពួកអ្នកមានអំណាចប៉ុណ្ណោះ ខណៈពលរដ្ឋស្លូតត្រង់គឺជាអ្នកទទួលរងគ្រោះរហូត។
សេចក្តីរាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ដោយសារតែការដឹកនាំគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម៕