27 C
Phnom Penh

មេ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា​លំហ​សេរីភាព​នៅ​កម្ពុជា​កំពុង​ប្រតិបត្តិការ​ដោយ​សេរី​និង​គ្មាន​ការ​ត្រួតពិនិត្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ប្រាប់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​លំហ​សេរីភាព​សារព័ត៌មាន សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​គ្មាន​ការ​គាប​សង្កត់​ទៅ​លើ​ការ​ប្រតិបត្តិ​ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការ​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ ស្ដីពី​លទ្ធផល​នៃ​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) ថា ច្បាប់​នៅ​ប្រទេស​កម្ពុជា​បាន​ការពារ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ណា​មួយ​ឡើយ ដែល​នេះ​គឺជា​លក្ខណៈ​ពិសេស​មួយ​ក្នុង​ការ​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​រហូត​មក។

លោក កែវ រ៉េមី លើកឡើង​ថា ដើម្បី​ធានា​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប្រទេស​កម្ពុជា​បាន​អនុវត្ត​នូវ​ការ​បោះឆ្នោត​យ៉ាង​ទៀងទាត់ ក្នុង​នោះ​ក៏​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ ចូលរួម​ដែរ​កាលពី​បោះឆ្នោត​ឃុំ-សង្កាត់​កន្លងទៅ។ លើស​ពី​នេះ ស្ថាប័ន​សារព័ត៌មាន​បាន​ចុះផ្សាយ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​ជា​មុន​នោះ​ឡើយ។

លោក កែវ រ៉េមី បន្ថែម​ទៀត​ថា ចំណែក​ប្រជាពលរដ្ឋ​ដែល​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ប្រមាណ​ជា ១៣​លាន ២​សែន​នាក់ ក៏​មាន​សិទ្ធិ​ពេញលេញ​ក្នុង​បញ្ចេញ​មតិ​របស់​ពួកគេ​ដោយ​គ្មាន​ការ​រារាំង​ដែរ។ ដោយឡែក​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ចំនួន​ប្រមាណ​ជា ៦​ពាន់​ស្ថាប័ន ក៏​បាន​អនុវត្ត​ការងារ​ពួកគេ​បាន​ដោយ​រលូន និង​គ្មាន​ការ​គាប​សង្កត់​ពី​រាជរដ្ឋាភិបាល​ឡើយ​សព្វថ្ងៃ​នេះ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូប​នេះ បាន​ស្នើ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ រក្សា​ឱ្យ​បាន​នូវ​តុល្យភាព​ព័ត៌មាន និង​អនុសាសន៍​នានា​នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​ខ្លួន ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​សិទ្ធិមនុស្ស​នេះ។

ការ​អះអាង​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​គេ​រិះគន់​ថា កំពុង​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​តាមរយៈ​នៃ​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ឯក​បក្ស​លើ​សំឡេង​ទាមទារ​សិទ្ធិ​សេរីភាព​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន បាន​ជួប​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដោយ​លើកឡើង​នូវ​ប្រធានបទ​មួយ​ចំនួន ដូចជា​លំហ​សង្គម​ស៊ីវិល ប្រជាធិបតេយ្យ ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ពន្ធនាគារ និង​កន្លែង​ឃុំឃាំង និង​វឌ្ឍនភាព​នៃ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាដើម។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ សីហា នេះ​ថា សេចក្តី​រាយការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​មួយ ដើម្បី​ការពារ​រដ្ឋាភិបាល​ដែល​បាន​រំលោភ​បំពាន​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន និង​សិទ្ធិ​ប្រតិបត្តិ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​បំពេញ​ការងារ​ដោយ​ស្រប​ច្បាប់​ប៉ុណ្ណោះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិនបើ​សេចក្តី​រាយការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​លើកឡើង​អំពី​បញ្ហា​សិទ្ធិមនុស្ស​នេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​ជាក់ស្តែង​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​យក និង​ជឿជាក់​បាន​ដែរ ព្រោះ​ថា​ក្នុង​នាម​ជា​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស គេ​មាន​ជំនាញ​សិក្សា និង​បច្ចេកទេស​ក្នុង​ការ​ប្រមូល​ភស្តុតាង​ច្បាស់លាស់​ជានិច្ច។ ពួកគេ​ជឿ​លើ​អ្វី​ដែល​ជា​ការ​មើល​ឃើញ​ជាក់ស្តែង​តែប៉ុណ្ណោះ ដូច្នេះ​បើ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​កែប្រែ​នូវ​ឥរិយាបថ​របស់​ខ្លួន​ដោយ​ងាក​ទៅ​រក​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឡើងវិញ​ទេ គឺ​មាន​តែ​នាំ​ការ​បន្ទាប​បន្ថោក​កិត្តិយស​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស