34.8 C
Phnom Penh

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់​ព្រៃឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន សហការ​គ្នា​ជាមួយ​មន្ទីរ​បរិស្ថាន និង​អង្គការ​ដៃគូ​ឱ្យ​បាន​ជិតស្និទ្ធ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​តំបន់​ព្រៃឡង់ ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

អភិបាល​រង​ខេត្ត​ព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​គម្រោង​យន្តការ​ឥណទាន​កាបូន​រួម​គ្នា​រេដបូក នៃ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ទៅ​ជា​តំបន់​ការពារ​ធម្មជាតិ​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដូច្នេះ​ដើម្បី​ធានា​នូវ​ការ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​នេះ​មិន​ឱ្យ​មាន​ការ​កាប់​បំផ្លាញ គឺ​មាន​តែ​ការ​សហការ​គ្នា​រវាង​អ្នក​ពាក់ព័ន្ធ​តែប៉ុណ្ណោះ ដើម្បី​បញ្ឈប់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ។

លោក វ៉ាត ប៉ារ៉ានីន អះអាង​ថា ព្រៃឡង់​មាន​សារសំខាន់​បំផុត​សម្រាប់​ជា​ទីជម្រក​ដល់​ជីវចម្រុះ​ជាច្រើន​ប្រភេទ។ មិន​តែប៉ុណ្ណោះ ព្រៃឡង់​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ប្រាក់ចំណូល អាហារ និង​ការ​ប្រើប្រាស់​ផ្សេងៗ​ដល់​សហគមន៍​មូលដ្ឋាន​រស់នៅ​ក្បែរ​តំបន់​ការពារ​ធម្មជាតិ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ​ផង​ដែរ។

ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​កំពុងតែ​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៦ កន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ដែល​មាន​ផ្ទៃដី​សរុប​ជាង ៤៣​ម៉ឺន​ហិកតារ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង ប៉ុន្តែ​ដែន​ជម្រក​សត្វព្រៃ​នេះ​កំពុង​រង​នូវ​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​នៅ​ក្បែរ​តំបន់​អភិរក្ស​ទាំងនោះ​សព្វថ្ងៃ​នេះ។

ទោះជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា អះអាង​ថា បច្ចុប្បន្ន​នេះ បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះវិហារ លែង​កើតមាន​ទៀត​ហើយ ប៉ុន្តែ​បទល្មើស​ខ្នាត​តូច​នៅតែ​បន្ត​កើតមាន​ដដែល ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នេះ​ឱ្យ​បាន​ដាច់ខាត។

ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ចំនួន ២១​នាក់ បាន​ចុះ​ល្បាត​កាលពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ ខែ​សីហា ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។ ពួកគេ​បាន​ប្រទះ​ឃើញ​កម្មករ និង​មេការ​ពី​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ដែល​ហៅ​ថា​ក្រុមហ៊ុន ៩៧ សរុប​ចំនួន ២០​នាក់ និង​គោយន្ត​ចំនួន ១០​គ្រឿង បន្ត​ចូល​ទៅ​អារ​ឈើ និង​ដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​ដែន​អភិរក្ស​ព្រៃឡង់​នៅ​ចំណុច​ប្រសព្វ​គ្នា​បី​ខេត្ត គឺ​ខេត្ត​កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ ដោយ​សេរី មិន​ញញើត​នឹង​មន្ត្រី​បរិស្ថាន​នោះ​ឡើយ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​សម្ដែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថកិច្ច​ជំនាញ​ដែល​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ប៉ុន្តែ​បែរ​ជា​នាំគ្នា​បើក​ដៃ​ឲ្យ​ក្រុម​ជនល្មើស​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នេះ​យ៉ាង​អនាធិបតេយ្យ​ទៅវិញ។

ទាក់ទិន​នឹង​ករណី​នេះ សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ បាន​លើកឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់​នៅ​ជុំវិញ​តំបន់​ព្រៃឡង់ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ទទួល​បាន​សំណូក​ពី​ជនល្មើស​ទាំងអស់ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មិន​ចាត់​វិធានការ​បង្ក្រាប និង​ដាក់​ទោសពៃរ៍​លើ​ពួក​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​ទេ។

លោក ហេង ស្រស់ អះអាង​ថា អ្នក​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទាំងនោះ តែងតែ​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា ពួកគេ​មិន​ខ្លាច​មន្ត្រី​បរិស្ថាន​ទាំងនោះ​ឡើយ ព្រោះ​ពួកគេ​បាន​បង់​លុយ​ឱ្យ​មន្ត្រី​ទាំងនោះ​រួច​អស់​ហើយ មុន​ពេល​ដែល​ពួកគេ​ចូល​មក​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​នេះ។

ជុំវិញ​ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​នេះ ទិន្នន័យ​មួយ​ដែល​បាន​បង្ហាញ​ពី​ផ្កាយរណប​កាលពី​ឆ្នាំ​២០២១ បាន​លាតត្រដាង​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​មាន​ការ​កាប់​ឈើ​ដ៏​អាក្រក់​បំផុត​ក្នុង​ចំណោម​តំបន់​ការពារ​ផ្សេង​ទៀត ដោយ​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជិត ១​ម៉ឺន​ហិកតារ (៩១១៩​ហិកតារ) ក្នុង​ឆ្នាំ​២០២០ ដែល​កើនឡើង​ប្រមាណ​ជា ២១​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស