លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​សភា​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​នៃ​រដ្ឋ​ម៉ាស្សាឈូសិត្ស លោក ម៉ុម រ៉ាឌី។

នយោបាយ

លោក រ៉ាឌី មុំ ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ​ការ​លុប​បឹងបួ​មិនមែន​ជា​បញ្ហា​ត្រូវ​រិះគន់​ទេ

By ឌឹ ខេមបូឌា ដេលី

August 23, 2022

តំណាង​ពលរដ្ឋ​ក្នុង​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាសាជូហ្សេត មួយ​រូប​អះអាង​ថា គ្រោះ​ធម្មជាតិ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង​ដែល​តែង​ជន់​លិច​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​រិះគន់​លោក ហ៊ុន សែន នោះ​ឡើយ សូម្បី​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ក៏​មាន​គ្រោះ​ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ​ស្ទើរតែ​គ្រប់​ទីកន្លែង​ដូច​គ្នា​ដែរ។

តំណាង​ប្រជាពលរដ្ឋ​សង្កាត់​លេខ​១៨ ក្នុង​ទីក្រុង​ឡូវែល លោក រ៉ាឌី មុំ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​ពិធី​បុណ្យ​អុំទូក​ក្នុង​ទីក្រុង​ឡូវែល កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​លោក​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​បាន​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក លោក​មាន​មោទកភាព​ណាស់​ទៅ​នឹង​ការ​ដឹកនាំ​របស់​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ឱ្យ​មាន​សុខ​សន្តិភាព​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

លោក រ៉ាឌី មុំ អះអាង​ថា សូម្បី​សហរដ្ឋ​អាមេរិក​ដែល​មាន​ប្រវត្តិ​រីកចម្រើន​ជាង ២០០​ឆ្នាំ​មក​ហើយ​នោះ ក៏​មាន​បញ្ហា​មិន​ចេះ​ចប់​ដែរ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​មិន​គួរ​នាំគ្នា​ចេះ​តែ​រករឿង ឬ​រិះគន់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​គួរតែ​រួបរួម​សាមគ្គី​គ្នា​ឡើងវិញ​ទើប​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ថា​ប្រទេស​កម្ពុជា​ទើប​តែ​មាន​ភាព​រីកចម្រើន​ជាង ៣០​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

លោក រ៉ាឌី មុំ បាន​ជាប់​ជា​តំណាង​ប្រជាពលរដ្ឋ​សង្កាត់​លេខ​១៨ ក្នុង​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាជូហ្សេត អស់​រយៈពេល ៨​ឆ្នាំ​មក​ហើយ។ ជា​រឿយៗ លោក​តែង​បង្ហាញ​សមានចិត្ត​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដែរ។ លោក​តែង​បង្ហាញ​មុខ​នៅ​ក្នុង​វេទិកា​នានា​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទីក្រុង​ឡូវែល។ លោក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ពីរ​ដង​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៤ ម្តង និង​នៅ​ឆ្នាំ​២០១៧ ម្តង។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​កម្ពុជា កាលពី​ខែ​មីនា ឆ្នាំ​២០១៧ លោក រ៉ាឌី មុំ បាន​ជួប​ជាមួយ​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ផង​ដែរ។

ក្នុង​ជំនួប​នោះ លោក រ៉ាឌី មុំ បាន​បង្ហាញ​នូវ​ការ​ស្ញប់ស្ញែង​ចំពោះ​ការ​រីកចម្រើន​របស់​កម្ពុជា​ថា មាន​ការ​រីកចម្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ផង​ដែរ។

ការ​សម្ដែង​នូវ​ការ​សរសើរ​មិន​ដាច់​ពី​មាត់​របស់​លោក រ៉ាឌី មុំ ធ្វើឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ធ្វើ​បាតុកម្ម​ជំរុញ​ឲ្យ​លោក​ជួយ​ទាមទារ​រក​យុត្តិធម៌​ករណី​ការ​គាប​សង្កត់ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ពេល​នោះ។

លោក រ៉ាឌី មុំ បាន​ភៀសខ្លួន​ជាមួយ​គ្រួសារ​មក​រស់នៅ​ទឹកដី​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាជូហ្សេត ក្នុង​វ័យ​ទើប​តែ ១២​ឆ្នាំ គេច​ពី​របប​វាល​ពិឃាត ប៉ុល ពត។

ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាជូហ្សេត មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រមាណ​ជិត ៤​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​អាស៊ី​ផ្សេង​ទៀត​ដែល​មក​រស់នៅ​ទីក្រុង​នេះ ខណៈ​ប្រជាជន​ដែល​រស់នៅ​សរុប​ក្នុង​ទីក្រុង​នេះ​មាន​រហូត​ដល់​ទៅ​ជាង ១១​ម៉ឺន ៥​ពាន់​នាក់។ សព្វថ្ងៃ ទីក្រុង​នេះ​មាន​តំណាង​ពលរដ្ឋ ឬ State Representative ដែល​ជា​ជនជាតិ​ខ្មែរ​ពីរ​រូប មាន​សមាជិក​ក្រុង​ដល់​ទៅ​បី​រូប និង​មាន​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ផង​ដែរ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​សហគមន៍​ក្នុង​ទីក្រុង​ឡូវែល លោក ង៉ោ គឹមឈាង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា គ្រោះ​ធម្មជាតិ​តែង​កើតឡើង​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ក៏​មាន​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ដូច​គ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ ប៉ុន្តែ​ពលរដ្ឋ​អាមេរិកាំង​ដែល​រងគ្រោះ​ទាំងអស់ គឺ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​អាមេរិក​យ៉ាង​ហ្មត់ចត់ ដូចជា​ការ​សាងសង់​លំនៅឋាន​ថ្មី​ឱ្យ​ពលរដ្ឋ ការ​ផ្តល់​អាហារ​គ្រប់គ្រាន់ ថវិកា ថ្នាំសង្កូវ និង​របស់​របរ​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​របស់​ពលរដ្ឋ ជាដើម។

លោក​រិះគន់​ថា ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​គ្រោះ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា មាន​វាសនា​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ក្នុង​សហរដ្ឋ​អាមេរិក។

កន្លងមក ពលរដ្ឋ​ខ្មែរ​តែង​ត្អូញត្អែរ​ថា ជំនួយ​សម្រាប់​ជួយ​លើ​បញ្ហា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ គឺ​បាន​តែ​បន្តិចបន្តួច​មិន​ស្របតាម​តម្រូវការ​ជាក់ស្តែង​របស់​ជនរងគ្រោះ​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត អំណោយ​ទាំងនោះ​ធ្វើឡើង​ក្រោម​សកម្មភាព​នយោបាយ​របស់​បក្ស​កាន់​អំណាច ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ជា​អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា អះអាង​ថា ប្រទេស​ណា​ក៏​មាន​គ្រោះ​ធម្មជាតិ​ដែរ ជាពិសេស​គឺ​ទឹកជំនន់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​មិន​ដែល​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បាន​ពេញលេញ​ដូច​ពលរដ្ឋ​អាមេរិកាំង​នោះ​ទេ ក្នុង​នោះ អំណោយ​ដែល​ចែក​ជូន​ពលរដ្ឋ​ត្រូវ​ធ្វើឡើង​ដោយ​ប្រកាន់​និន្នាការ​នយោបាយ​ថែម​ទៀត​នៅ​ក្នុង​តំបន់​ខ្លះ ដូច្នេះ​ពលរដ្ឋ​ដែល​ត្រូវ​គេ​រើសអើង និង​ត្រូវ​ប្រឈម​នឹង​បញ្ហា​អត់ឃ្លាន​យ៉ាង​ធ្ងន់ធ្ងរ។

លោក​អះអាង​ថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​នេះ​បាន​រង​នូវ​ការ​ឈឺចាប់​ពី​ការ​អភិវឌ្ឍ​នានា​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដូចជា​ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ដើម្បី​កាត់​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ។ ជាក់ស្តែង​ដូចជា​ការ​រុះរើ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ដែល​បាន​រស់នៅ​ជាប់​មាត់​បឹង​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ។

អង្គការ​សមាគម​ធាងត្នោត បាន​បញ្ចេញ​របាយការណ៍​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​បាន​អះអាង​ថា បឹង​ធម្មជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​តូច ទាំង​ធំ សរុប​មាន​ចំនួន ២៦​បឹង ក្នុង​នោះ​មាន​ដូចជា បឹងកក់ បឹង​សាឡាង បឹង​តាមោក និង​បឹងទំពុន ជាដើម ខណៈ​បឹង ១៦ ក្នុង​ចំណោម​នោះ ត្រូវ​បាន​លុប​បាត់​ទាំងស្រុង រីឯ​បឹង ១០ ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ការ​លុប​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​ពី​សំណាក់​អ្នក​មាន​អំណាច​ជា​បន្តបន្ទាប់។

ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន​និយាយ​ថា គ្រោះ​ធម្មជាតិ​ដូចជា​ទឹកជំនន់ ឬ​ជំនន់​ទឹកភ្លៀង កំពុង​វាយលុក​ដល់​ទីក្រុង​ភ្នំពេញ​ហើយ ដោយសារ​លទ្ធផល​នៃ​ការ​លុប​បឹង​ក្រោម​ការ​ដឹកនាំ​ដែល​មាន​ការ​អភិវឌ្ឍ​ដ៏​ស្ញប់ស្ញែង​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ៕