ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ការដកតំណែងលោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតគ្មានក្រមសីលធម៌ និងវិជ្ជាជីវៈ ក្រោមការទំនុកបម្រុងរបស់គ្រួសារត្រកូល «ហ៊ុន» ពីកងកម្លាំងការពារជាតិ ជារឿងល្អ ដើម្បីកុំឲ្យអ្នកដទៃយកគំរូតាម ពីព្រោះទង្វើរបស់បុគ្គលរូបនេះបានជះឥទ្ធិពលអាក្រក់ទៅដល់យុវជនដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកសព្វថ្ងៃ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ សីហា នេះថា យោងតាមករណីលោក សាន្ត ប៊ុនធឿន នេះ អាចសន្និដ្ឋានបានថា ក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅខ្វះការយកចិត្តទុកដាក់ និងបណ្ដែតបណ្ដោយឲ្យបុគ្គលគ្មានសីលធម៌រូបនេះអុកឡុកសង្គមតាមទំនើងចិត្តរហូតមក។ លោកបន្ថែមថា ការដែលគ្មានចំណាត់ការនេះ ក៏បង្ហាញពីសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនៅក្នុងក្រសួង និងស្ថាប័នថានៅមានកម្រិតនៅឡើយ ប៉ុន្តែក៏ប្រហែលជាពួកគេមិនហ៊ានចាត់វិធានការតាមនីតិវិធីច្បាប់នោះដែរ ដោយសារតែខ្លាចឥទ្ធិពលរបស់ជនខិលខូចទាំងនោះដូចជាករណីលោក សាន្ត ប៊ុនធឿន ជាដើម ដែលមានលោក ហ៊ុន សែន ជាអ្នកជួយឧបត្ថម្ភពីក្រោយខ្នងរហូតមកនោះ។
លោក សេក សុជាតិ លើកឡើងថា លោក សាន្ត ប៊ុនធឿន ជាមនុស្សដែលចូលចិត្តផឹកស៊ី និងប្រើសម្ដីគ្មានក្រមសីលធម៌ រួមទាំងបង្ហាញសកម្មភាពហិង្សាលើបណ្ដាញសង្គមហ្វេសប៊ុកជាប្រចាំ ដូច្នេះទង្វើបែបនេះគួរតែត្រូវបានទប់ស្កាត់ជាយូរហើយ ដើម្បីលើកកម្ពស់សីលធម៌សង្គមឱ្យបានល្អប្រសើរ និងដើម្បីទប់ស្កាត់ទង្វើអាក្រក់បែបនេះរីករាលដាលកាន់តែខ្លាំងឡើងៗ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ការដកលោក សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌក្រសួងការពារជាតិនេះ មិនមែនជាការបញ្ចប់ភាពអវិជ្ជមានរបស់មន្ត្រីខិលខូចនៅក្នុងស្ថាប័នរដ្ឋនោះទេ គ្រាន់តែជាការដាស់តឿនតូចមួយប៉ុណ្ណោះ ដូច្នេះក្រសួង ស្ថាប័នពាក់ព័ន្ធ គួរអនុវត្តច្បាប់ឲ្យបានល្អ និងឈប់បណ្ដែតបណ្ដោយឲ្យមានទង្វើបែបនេះបន្តទៀត ហើយគួរបង្កើតកម្មវិធីអប់រំសីលធម៌សង្គម ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយវីដេអូផឹកស៊ីបោកបំបែកចាន និងប្រើពាក្យអសុរោះមួយចំនួន ដែលក្នុងនាមជាអ្នកសារព័ត៌មានមិនគួរប្រើ ថាចរិតពាលរបស់លោក សាន្ត ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបាននោះឡើយ។
បុរសខ្លាំងកម្ពុជាឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន បញ្ជាក់ថា ក្រុមគ្រួសាររបស់លោកបានផ្តល់លុយឱ្យលោក សាន្ត ប៊ុនធឿន ច្រើនណាស់ដើម្បីទិញផ្ទះរស់នៅ រួមទាំងផ្តល់ជាប្រាក់ខែ ៥០០ដុល្លារអាមេរិកក្នុងមួយខែថែមទៀតចាប់ពីឆ្នាំ២០១៨ មក។ លោក ហ៊ុន សែន បន្ថែមថា លោកធ្លាប់បានអប់រំលោក សាន្ត ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោររហូតមក ប៉ុន្តែចរិតមនុស្សនេះកែមិនឡើងឡើយ។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានចេញលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ស្នើលុបឈ្មោះវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានប្រតិកម្មរបស់លោកប្រមុខរដ្ឋាភិបាលកម្ពុជារួចមក ខណៈមេបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ីង ប៊ុនហៀង ក៏បានស្នើសុំលុបឈ្មោះលោក សាន្ត ប៊ុនធឿន ពីអង្គភាពផងដែរ។
លោក សាន្ត ប៊ុនធឿន ដែលគេស្គាល់ថាជាចាងហ្វាងកាសែតមួយរូបដែលចូលចិត្តផឹកស្រា ជេរប្រមាថ និងប្រើពាក្យអសុរោះ ដោយប្រើបណ្ដាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយពីសកម្មភាពរបស់ខ្លួនកន្លងមក បានធ្វើការផ្សាយចេញពីខេត្តបន្ទាយមានជ័យ នៅពេលដែលចាងហ្វាងកាសែតរូបនេះផឹកស្រាកាលពីថ្ងៃទី២០ សីហា និងបានជេរប្រមាថ ដោយប្រើពាក្យអសុរោះផ្សេងៗដែលក្នុងនាមជាអ្នកសារព័ត៌មានមិនគួរប្រើសម្ដីហិង្សា និងបោកបំបែកចានដើម្បីទាមទារសាច់ក្លែមនោះទេ។
ប៉ុន្តែក្រោយការប្រកាសរបស់លោក ហ៊ុន សែន ចាងហ្វាងកាសែតគ្មានក្រមសីលធម៌រូបនេះ បានធ្វើការផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២១ សីហា ម្តងទៀត ដោយធ្វើការសុំទោសលោក ហ៊ុន សែន ថាខ្លួនគ្រាន់សម្ដែង ដើម្បីឱ្យមានការចាប់អារម្មណ៍ និងមានអ្នកចូលមើលក្នុងការផ្សព្វផ្សាយរបស់ខ្លួនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញសេចក្តីប្រកាសសម្រេចលុបអាជ្ញាប័ណ្ណព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន មិនឱ្យផ្សព្វផ្សាយបន្តទៀតនោះទេ ដោយសារតែក្រសួងមើលឃើញថា ចាងហ្វាងកាសែតរូបនេះប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីពយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក៕