38.1 C
Phnom Penh

បទវិភាគ៖ ប្រទេស​បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត និង​ភ្លើង​សង្គ្រាម​កើត​ទន្ទឹម​គ្នា​រហូត​ចុង​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ឆ្នាំ​២០២៣ ប្រទេស​ចំនួន​បី​នៅ​អាស៊ី​អាគ្នេយ៍​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​តំណាងរាស្ត្រ គឺ​មាន​រាជាណាចក្រ​កម្ពុជា រាជាណាចក្រ​ថៃ និង​ប្រទេស​ភូមា។

ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នេះ គឺ​មាន​តែ​ប្រទេស​ថៃ ទេ ដែល​មាន​កម្លាំង​នយោបាយ​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា។

រដ្ឋាភិបាល​របស់​រាជាណាចក្រ​នេះ​មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ។ សមាជិក​សភា​របស់​ប្រទេស​នេះ តំណាង​ឱ្យ​សំឡេង​របស់​ប្រជាជន​ដែល​ត្រូវការ​សិទ្ធិ​សេរីភាព ហើយ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​ជួយ​ការពារ​យុត្តិធម៌​របស់​ប្រជាជន​នៅ​ក្នុង​រដ្ឋសភា។ មិន​តែប៉ុណ្ណោះ ជា​កម្លាំង​នយោបាយ​ជួយ​ការពារ​អត្ថប្រយោជន៍​ជាតិ​ទៀត​ផង។

ប្រជាជន និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ខណៈ​នេះ​កំពុង​គាប​សង្កត់​តាម​ផ្លូវ​ច្បាប់​ឱ្យ​ធ្វើ​សេចក្ដី​សម្រេច​ដ៏​គន្លឹះ​មួយ​អំពី​អនាគត ថា​តើ​លោក ប្រាយុទ្ធ ចាន់អូចា ដែល​បាន​តោង​អំណាច​ដោយ​សំឡេង​របស់​ព្រឹទ្ធសភា​លើក​បន្តុប​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ចេញពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ អាច​ចុះចេញ​ពី​តំណែង​នេះ​ឬ​ទេ នៅ​ពេល​បុរស​នេះ​បាន​កាន់​អំណាច​ឈាន​ចូល​ដល់​រយៈពេល ៨​ឆ្នាំ គឺ​នៅ​ថ្ងៃ​ពុធ ទី​២៤ សីហា សប្ដាហ៍​នេះ ដែល​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ហាម​នាយករដ្ឋមន្ត្រី​មិន​ឱ្យ​កាន់​តំណែង​លើស​ពី ៨​ឆ្នាំ​បាន​ទេ ព្រោះ​លោក ប្រយុទ្ធ បាន​កាន់​តំណែង​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៤ គឺ ៨​ឆ្នាំ​ហើយ។

តាម​ដំណឹង​ពី​ទីក្រុង​បាងកក តុលាការ​ធម្មនុញ្ញ​ថៃ នឹង​ធ្វើ​សេចក្ដី​សម្រេច​អំពី​អនាគត​លោក ប្រាយុទ្ធ ឆ្លើយតប​នឹង​បណ្ដឹង​របស់​សមាជិក​សភា​បក្ស​ប្រឆាំង។

គេ​អាច​គិត​ថា ៣​យ៉ាង គឺ៖

  • ទី​១ តុលាការ​នេះ​នឹង​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដោយ​បន្ត​ឱ្យ​លោក ប្រាយុទ្ធ កាន់​តំណែង​រហូត​ដល់​ថ្ងៃ​បោះឆ្នោត គឺ​នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។
  • ទី​២ អាច​នឹង​ត្រូវ​បង្ខំ​ឱ្យ​លោក ប្រាយុទ្ធ លាលែង ប៉ុន្តែ​ត្រូវ​មាន​បេក្ខជន​ប្រជែង​គ្នា​យក​តំណែង​ពី​លោក ប្រាយុទ្ធ ក្នុង​អន្តរកាល​ជាង​មួយ​ឆ្នាំ​ទៀត​នេះ។
  • ទី​៣ តុលាការ​អាច​បកស្រាយ​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ នឹង​មិន​ត្រូវ​បាន​អនុវត្ត​ធាក់​ថយ​នោះ​ទេ គឺ​មាន​ន័យ​ថា លោក ប្រាយុទ្ធ អាច​កាន់​តំណែង​រហូត​ដល់​ថ្ងៃ​បោះឆ្នោត ហើយ​អាច​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​គណបក្ស​បល្ល័ង្ក​ប្រាចារ៉ាត់​របស់​លោក​ទៀត​ផង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣។

តែ​អ្នក​សង្កេតការណ៍​ព្រមាន​ថា បើ​តុលាការ​ធម្មនុញ្ញ​សម្រេច​ដូច​ចំណុច​ទី​៣ នេះ អាច​នឹង​រុញ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​សេចក្ដី​សម្រេច​នេះ ហើយ​នឹង​បង្ខំ​ឱ្យ​រំលាយ​សមាជិក​សភា​ដើម្បី​បោះឆ្នោត​មុន​អាណត្តិ ហើយ​ក៏​ធ្វើ​បាតុកម្ម​ហាម​លោក ប្រាយុទ្ធ បន្ត​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។ នេះ​ជា​បញ្ហា​នយោបាយ​នៅ​ប្រទេស​ថៃ ដែល​អាច​ចាប់ផ្ដើម​កើតមាន​ពី​ថ្ងៃ​ទី​២៤ សីហា នេះ​តទៅ។

ចំពោះ​រាជាណាចក្រ​កម្ពុជា វិញ មាន​តែ​សភា​ឯក​បក្ស​ប៉ុណ្ណោះ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​នេះ​បាន​ប្រែ​កាយ​ពី​គណបក្ស​បដិវត្តន៍​កម្ពុជា ដែល​ជា​សម្ពន្ធភាព​នៃ​ក្រុម​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដឹកនាំ​ដោយ​សមមិត្ត ហូ ជីមិញ អតីត​បិតា​កុម្មុយនីស្ត​វៀតណាម។

សមាជិក​សភា​បច្ចុប្បន្ន​នៃ​រាជាណាចក្រ​អច្ឆរិយ​ដែល​មាន​តែ​មួយ​គណបក្ស​នេះ មិន​ត្រូវ​បាន​គេ​រាប់​ថា​តំណាង​ឱ្យ​ទស្សនៈ​ចម្រុះ និង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ​នោះ​ទេ ក្រោយពី​បក្ស​នេះ​បាន​ឈ្នះ​ឆ្នោត​តែ​ម្នាក់​ឯង​នៅ​ក្នុង​ឆ្នាំ​២០១៨ ព្រោះ​តែ​បក្ស​ប្រឆាំង​ដ៏​ធំ​តំណាង​ឱ្យ​ពលរដ្ឋ​សឹងតែ​ពាក់កណ្ដាល​ប្រទេស ត្រូវ​បាន​រំលាយ​ដោយ​អំណាច​របស់​តុលាការ ដែល​គេ​ថា​ជា​ស្ថាប័ន​យុត្តិធម៌​នយោបាយ។

នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​ចលនា​នយោបាយ​ដែរ។ ក្រុម​បក្ស​ប្រឆាំង​ក្រៅ​រដ្ឋាភិបាល​កំពុង​ប្រមូល​កម្លាំង​នយោបាយ​រួម​គ្នា ដើម្បី​ឱ្យ​ក្លាយ​ជា​ប៉ូល​នយោបាយ​ដ៏​ធំ​ទប់ទល់​នឹង​បក្ស​កំពុង​កាន់​អំណាច​របស់​បុរស​ខ្លាំង​គ្មាន​គូ​ប្រៀប គឺ​លោក ហ៊ុន សែន ដែល​បាន​តោង​អំណាច​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​១៩៨៥ ដែល​អំឡុង​ពេល​នោះ​គេ​ថា​លោក​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​កម្ពុជា លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម។

ទោះ​ជា​បក្ស​របស់​លោក​ចាញ់​ឆ្នោត​ឆ្នាំ​១៩៩៣ ក៏ដោយ ក៏​បុរស​ខ្លាំង​នេះ​នៅ​តោង​អំណាច​បាន​ទៀត​តាមរយៈ​ផែនការ​បង្កើត​អបគមន៍​ប្រទេស​ដែល​នាំ​ឱ្យ​សម្ដេច សីហនុ បារម្ភ​ខ្លាច​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ម្ដង​ទៀត ក៏​យល់ព្រម​ឱ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា ការ​បង្កើត​រដ្ឋាភិបាល​បាន លុះត្រាតែ​មាន​សំឡេង​សភា ២​ភាគ​៣ អនុម័ត​យល់ព្រម។

ទីបំផុត លោក ហ៊ុន សែន បាន​បន្ត​កាន់​អំណាច​នាយករដ្ឋមន្ត្រី គឺ​នាយករដ្ឋមន្ត្រី​ទី​២ ហើយ​ចំណែក​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​នាយករដ្ឋមន្ត្រី​ទី​១។ មេដឹកនាំ​ទាំង​ពីរ​នេះ​អង្គុយ​តុ​ជាមួយ​គ្នា ហើយ​ចុះហត្ថលេខា​លើ​ឯកសារ​ទាំងឡាយ​ដែល​គេ​ថា​ហត្ថលេខា​នាយករដ្ឋមន្ត្រី​ទី​១ ហត្ថលេខា​នាយករដ្ឋមន្ត្រី​ទី​២។

នៅ​លើ​ពិភពលោក​មើល​ទៅ​ពុំ​មាន​ទេ​នាយករដ្ឋមន្ត្រី​ពីរ​រូប​ដឹកនាំ​គណៈរដ្ឋមន្ត្រី​រួម​គ្នា គឺ​មាន​តែ​កម្ពុជា​ប៉ុណ្ណោះ។ តែ​ទីបំផុត សម្ដេច​ក្រុមព្រះ​បាន​ខ្ទាត​ចេញពី​កៅអី​នាយករដ្ឋមន្ត្រី​ទី​១ ដោយសារ​រដ្ឋប្រហារ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

ចំពោះ​លោក ហ៊ុន សែន វិញ គឺ​លោក​នៅ​បន្ត​ជា​នាយករដ្ឋមន្ត្រី​ទី​២ ហើយ​នាយករដ្ឋមន្ត្រី​ទី​១ ឡើង​ជំនួស​សម្ដេច​ក្រុមព្រះ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ គឺ​លោក អ៊ឹង ហួត ដែល​ជា​នាយករដ្ឋមន្ត្រី​ចាត់តាំង និង​ទទួល​បាន​ការ​អនុម័ត​ពី​សភា ដើម្បី​បន្ត​និរន្តរភាព​នៃ​រដ្ឋាភិបាល​ដែល​មាន​នាយករដ្ឋមន្ត្រី​ពីរ​រូប។

តែ​យ៉ាងណា ស្រមោល​អតីតកាល​បែប​នេះ​អាច​នឹង​មិន​មាន​ទៀត​នោះ​ទេ​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

រដ្ឋធម្មនុញ្ញ​លើក​នេះ​តម្រូវ​ថា ការ​បង្កើត​រដ្ឋាភិបាល គឺ​ត្រឹមតែ ៥០​បូក​មួយ​ប៉ុណ្ណោះ។

បក្ស​ណា​បាន​សំឡេង​អាសនៈ​សភា​ច្រើន​ជាងគេ គឺជា​អាទិភាព​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល និង​គណៈរដ្ឋមន្ត្រី គឺជា​បក្ស​ត្រូវ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល និង​រដ្ឋសភា តែ​ចាំបាច់​ត្រូវ​ឆ្លងកាត់​សេចក្ដី​បោះឆ្នោត​ទុកចិត្ត​ពី​សមាជិក​សភា​ជាប់​ឆ្នោត​ដោយ​សំឡេង​គាំទ្រ ៥០​បូក​មួយ។ អ្នក​ច្បាប់​ថា​រូបមន្ត​នេះ​មិន​ស្មុគស្មាញ​ទេ តែ​ងាយ​គ្រោះថ្នាក់​ក្នុង​ការ​ទម្លាក់​រដ្ឋាភិបាល។

នៅ​កម្ពុជា​គេ​រំពឹង​ថា ចលនា​នយោបាយ​នឹង​មាន​សន្ទុះ​ខ្លាំង​ចាប់ពី​ចុង​ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ប៉ុន្តែ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​កម្ពុជា គឺជា​កត្តា​ស្លាប់​រស់​នៃ​ជីវិត​នយោបាយ​របស់​បក្ស​កាន់​អំណាច។

នេះ​ជា​ការ​លើកឡើង​របស់​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត និង​ជា​អ្នក​សង្កេតការណ៍​ឯករាជ្យ ដែល​គេ​ថា​ស្ថាប័ន​មួយ​នេះ​នៅ​ពុំ​ទាន់​ទុកចិត្ត​ថា​ជា​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត ដោយ​ឃ្លាត​ឆ្ងាយ​ពី​ឥទ្ធិពល​នយោបាយ​របស់​បក្ស​កាន់​អំណាច​នៅឡើយ​នោះ​ទេ ខណៈ​ប្រព័ន្ធ​តុលាការ​ក៏​ដូច​នេះ​ដែរ។

ដោយឡែក​ប្រទេស​ភូមា ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា ក៏​នឹង​រៀបចំ​បោះឆ្នោត​នៅ​ខែ​សីហា ឆ្នាំ​២០២៣ គឺ​ក្រោយ​កម្ពុជា​តែ​បន្តិច​ប៉ុណ្ណោះ។

ប្រទេស​នេះ​ចាប់​អ្នក​នយោបាយ​ដាក់​គុក​ណែន​គុក​ទៅ​ហើយ គឺ​រហូត​កាត់ទោស​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​ទៀត​ផង ហើយ​ជាមួយ​គ្នា​នេះ អ្នក​ប្រឆាំង​ជាង ២២០០​នាក់​ត្រូវ​បាញ់​សម្លាប់។ បើ​និយាយ​អំពី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​នេះ​វិញ គឺជា​ឧបករណ៍​សុទ្ធសាធ​របស់​របប​សឹក​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

តើ​ស្ថាប័ន​របស់​របប​សឹក​ភូមា អាច​ធ្វើ​ឱ្យ​ប្រជាជន​ភូមា និង​សហគមន៍​អន្តរជាតិ​ទុកចិត្ត​ថា​អាច​រៀបចំ​ការ​បោះឆ្នោត​ដោយ​តម្លាភាព ត្រឹមត្រូវ​កម្រិត​ណា?

មួយ​វិញ​ទៀត ប្រទេស​នេះ​កំពុង​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ពេញ​ទំហឹង​ទៅ​ហើយ។

តើ​រៀបចំ​បាន​ទូទាំង​ប្រទេស​ដែរ​ឬ​ទេ?

ប្រទេស​ណា​ក៏ដោយ គឺ​ភាព​ឈ្នះ​ចាញ់ ភាព​សុក្រឹត​នៃ​ដំណើរការ​បោះឆ្នោត គឺ​អាស្រ័យ​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ប្រព័ន្ធ​តុលាការ ភាព​អព្យាក្រឹត​របស់​អាជ្ញាធរ​ដែនដី និង​កងកម្លាំង​ប្រដាប់​អាវុធ។ បើ​ស្ថាប័ន​ទាំងអស់​នេះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​អំណាច​របស់​អ្នក​មាន​អំណាច និង​បក្ស​នយោបាយ គឺ​មិន​អាច​ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​ហ៊ាន​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ​ដោយ​សុចរិត និង​ប្រកប​ដោយ​ភាព​សេរី​នោះ​ទេ ហើយ​លទ្ធផល​បោះឆ្នោត​ទៀតសោត គឺ​បាន​ត្រឹម​បង្គ្រប់​អាណត្តិ​របស់​សភា និង​រដ្ឋាភិបាល​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស