27 C
Phnom Penh

កញ្ញា សេង ធារី ទាមទារ​ផ្លាស់ប្ដូរ​មក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ទាមទារ​ផ្លាស់ប្ដូរ​ការ​ឃុំ​ខ្លួន​ពី​ខេត្ត​ព្រះវិហារ មក​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ ពីព្រោះ​ការ​ឃុំ​ខ្លួន​បច្ចុប្បន្ន​នៅ​ឆ្ងាយ បង្ក​ផល​ពិបាក​សម្រាប់​អ្នក​ដែល​ចង់​ទៅ​សួរ​សុខទុក្ខ។

ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា អ្នកស្រី​បាន​ចូល​ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កញ្ញា សេង ធារី។ អ្នកស្រី​បន្ត​ថា ស្មារតី​របស់​កញ្ញា សេង ធារី មិន​ស្រុត​ចុះ​នោះ​ឡើយ គឺ​នៅ​ដូច​មុន​ដដែល ប៉ុន្តែ​កញ្ញា​ត្អូញត្អែរ​ថា ការ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ គឺ​កញ្ញា​មាន​អារម្មណ៍​ឯកោ​ណាស់ ព្រោះ​ថា​ខេត្ត​នេះ​គឺជា​ខេត្ត​ដែល​ឆ្ងាយ​ដាច់សង្វែង​ពី​ទីក្រុង​ភ្នំពេញ​ខ្លាំង​ណាស់ ដែល​មាន​ការ​ពិបាក​សម្រាប់​អ្នក​ដែល​ចង់​ទៅ​សួរ​សុខទុក្ខ​កញ្ញា។

អ្នកស្រី​បន្ថែម​ថា កញ្ញា សេង ធារី សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ឃើញ​អ្នកស្រី​ដែល​ជា​មិត្តភ័ក្ដិ​ទៅ​សួរ​សុខទុក្ខ​កញ្ញា​ដល់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នេះ។ អ្នកស្រី​បន្ត​ថា កញ្ញា សេង ធារី មាន​សុខភាព​ល្អ ស្រស់ស្រាយ និង​មាន​ប្រឡោះ​ទទួលទាន​ដំណេក​សម​ល្មម​មិន​ចង្អៀត​ណែន​នោះ​ទេ ហើយ​ក៏​មាន​ខ្យល់​អាកាស​ល្អ​សមរម្យ​ថែម​ទៀត ខណៈ​ម្ហូបអាហារ​ក៏​មិន​អាក្រក់​ណាស់​ណា​ដែរ។ បន្ថែម​ពី​នេះ កញ្ញា​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​បន្ទប់​ឃុំឃាំង ៤​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ​ចំនួន ៦​ឆ្នាំ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ភ្លាមៗ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​សមត្ថកិច្ច​ប្រមាណ ៥០​នាក់ ដោយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​រូប​នេះ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់»

ប៉ុន្តែ​នៅ​ថ្ងៃទី​១៥ ខែ​មិថុនា កញ្ញា សេង ធារី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ក្រោម​ហេតុផល​ថា កន្លងមក កញ្ញា សេង ធារី បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​នាំ​ឱ្យ​មាន​ភាព​ចលាចល ដូច្នេះ​ខាង​ពន្ធនាគារ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បញ្ចៀស​កុំ​ឲ្យ​ក្រុម​អ្នកគាំទ្រ​កញ្ញា សេង ធារី ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​មណ្ឌល​អប់រំ​កែប្រែ​របស់​ខ្លួន។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែង​ទទូច​ឲ្យ​តុលាការ​ពិចារណា​មិន​ត្រឹមតែ​ស្នើ​ឲ្យ​យក​កញ្ញា សេង ធារី មក​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​នោះ​ទេ គឺ​ស្នើ​ឲ្យ​មាន​ការ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​ឡើងវិញ​តែម្តង។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​ស្នើសុំ​ឲ្យ​ដោះលែង​នេះ គឺ​ដើម្បី​ឲ្យ​កម្ពុជា​មាន​ឱកាស​បញ្ជាក់​ទៅ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​លោក​សេរី​ឲ្យ​មើល​មក​កម្ពុជា​ថា បាន​ចាប់ផ្តើម​បើក​នូវ​លំហ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ប្រសើរ​ឡើងវិញ ហើយ​ផល​ចំណេញ​ទាំងនេះ​នឹង​បាន​ដល់​សង្គម​ជាតិ​ទាំងអស់​គ្នា​ជាមិនខាន។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស