31 C
Phnom Penh

តុលាការ​កោះហៅ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​៨​នាក់​រួម​ជាមួយ​សកម្មជន​ជាង​៣០​នាក់​ឲ្យ​ចូល​សវនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់ ៨​នាក់​ទៀត រួម​ជាមួយ​សកម្មជន​សរុប​ជាង ៣០​នាក់ ដែល​បាន​រង​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់» ឲ្យ​ចូល​សវនាការ​នៅ​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​កោះហៅ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ៨​នាក់​ទៀត រួម​មាន អ្នកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក នុត រំដួល លោក ម៉ែន សុថាវរិន្ទ លោក ឡុង រី លោក អ៊ូ ច័ន្ទឫទ្ធិ និង​លោក ហូរ វ៉ាន់ ជាដើម ឲ្យ​ចូលរួម​សវនាការ​ដើម្បី​ឆ្លើយ​ដោះសា​ពី​ការ​ចោទប្រកាន់​លើ​ពួកគេ ចំពោះ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​សកម្មជន​ប្រមាណ​ជា ៣០​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​នេះ​ដែរ។

លោក សេង ហៀង អះអាង​ថា ករណី​បទល្មើស​រួម​គំនិត​ក្បត់​នេះ បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​កន្លែង​ផ្សេង​ទៀត​កាលពី​ឆ្នាំ​២០២០ និង​ពេល​បន្តបន្ទាប់​ទៀត ដែល​បាន​បំពាន​ទៅ​នឹង​បញ្ញត្តិ​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​យ៉ាង​ធ្ងន់ធ្ងរ។

ការ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​សវនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី រួម​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ដែល​ស្និទ្ធ​នឹង​លោក និង​សកម្មជន​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ដូច​គ្នា​កាលពី​ពេល​កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ប៊ុន សុសិក្ខា បាន​យក​ដីកា​កោះហៅ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​សកម្មជន​ដែល​មាន​ចំនួន​សរុប ៣៤​នាក់​ទៅ​បិទ​នៅ​សាលា​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ ទី​២២ សីហា នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា តុលាការ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នោះ​ទេ។

លោក ម៉ែន ណាត លើកឡើង​ថា ស្ថាប័ន​តុលាការ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​បម្រើ​នយោបាយ​របស់​ខ្លួន​គ្រប់​ពេល​ទាំងអស់ ប៉ុន្តែ​មេដឹកនាំ​នយោបាយ​ក៏​មិន​គួរ​ធ្វើ​រឿង​ណា​ដែល​រំលោភ​ច្បាប់​នោះ​ដែរ ព្រោះ​ថា​នៅ​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់​ដែល​មាន​ចែង គឺជា​ការ​ផ្តល់​ឱកាស​សម្រាប់​បក្ស​កាន់​អំណាច​អាច​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​ដែល​គាំទ្រ និង​អនុវត្ត​តាម​ផែនការ​របស់​ខ្លួន​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២១ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ ជាដើម ព្រមទាំង​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី មួយ​ចំនួន​ទៀត​ពី​បទ​រួម​គំនិត​ក្បត់ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ និង​ពលរដ្ឋ​ងើប​ឡើង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កាលពី​ដើម​ខែ​តុលា នោះ។

ជាក់ស្តែង​កាលពី​ឆ្នាំ​២០០៦ លោក សម រង្ស៊ី ធ្លាប់​បាន​សហការ​ជាមួយ​លោក ហ៊ុន សែន កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក​ជា ៥០%+១ ដែល​ពួក​គេ​អាច​ទទួល​បាន​ផលប្រយោជន៍​រៀង​ខ្លួន ក្នុង​នោះ​លោក ហ៊ុន សែន អាច​បង្កើត​រដ្ឋាភិបាល​ដោយ​មិន​ត្រូវការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចូលរួម​ជាមួយ​ដើម្បី​បង្គ្រប់​សំឡេង ២​ភាគ​៣។ ចំណែក​លោក សម រង្ស៊ី ក៏​មាន​ឱកាស​កម្ចាត់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចេញពី​ឆាក​នយោបាយ​ផង​ដែរ។

ក្រុម​អ្នក​រិះគន់​ខ្លះ​និយាយ​ថា គណបក្ស​ភ្លើង​ទៀន​ដែល​គេ​អះអាង​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ នឹង​ជួយ​ឲ្យ​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ដោយ​ស្រប​ច្បាប់​ម្តង​ទៀត ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត ហើយ​ទទួល​បាន​កៅអី​ក្នុង​សភា​ខ្លះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​គណបក្ស​ចម្រុះ​ក្នុង​សភា​ជាតិ មិនមែន​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ ហើយ​ពេល​នោះ​ក៏​ជា​ពេល​ដែល​លោក សម រង្ស៊ី ទទួល​បាន​ការ​លើកលែង​ទោស​ពី​លោក ហ៊ុន សែន ដើម្បី​ចូល​ទៅ​កម្ពុជា​វិញ​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស