30.1 C
Phnom Penh

លោក សៅ សុខា បញ្ជា​ឲ្យ​ស្រាវជ្រាវ​និង​ចាត់​វិធានការ​មន្ត្រី​អាវុធហត្ថ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សៅ សុខា ចេញ​បញ្ជា​ទៅ​មេបញ្ជាការ​កងរាជ​អាវុធ​តាម​ខេត្ត​ទាំងអស់​ឲ្យ​ស្រាវជ្រាវ និង​ចាត់​វិធានការ​លើ​មន្ត្រី​អាវុធហត្ថ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ ក្រោយ​រក​ឃើញ​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​រកស៊ី​ជួញដូរ និង​កាប់​បំផ្លាញ​ព្រៃឈើ។

ក្នុង​សារ​សំឡេង​ដែល​មាន​រយៈពេល​ប្រមាណ ៤​នាទី អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​លើកឡើង​ថា អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន កំពុង​រកស៊ី​ឈើ​ខុស​ច្បាប់។ លោក​បន្ត​ថា មន្ត្រី​ខ្លះ​ទោះបីជា​ដឹង​អនុប្រធាន​ការិយាល័យ​រូប​នេះ​កំពុង​រកស៊ី​ខុស​ច្បាប់​ក្ដី ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​មួយ​ធ្វើ​របាយការណ៍​ទៅ​លោក​ឡើយ។

លោក សៅ សុខា បញ្ជាក់​ថា រូបលោក​នឹង​ចាត់​វិធានការ​លើ​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន និង​មន្ត្រី​កងរាជ​អាវុធហត្ថ​ផ្សេង​ទៀត ដោយ​ថា​បើសិនជា​ទុក​មន្ត្រី​ទាំងនោះ​ឲ្យ​បន្ត​ធ្វើការ​ទៀត វា​នឹង​បង្ក​ភាព​ចង្រៃ​បង្កើត​រឿង​នៅ​ក្នុង​កងរាជ​អាវុធហត្ថ​មិន​ខាន។

លោក សៅ សុខា ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ស្រាវជ្រាវ បើសិន​រក​ឃើញ​មន្ត្រី​កងរាជ​អាវុធហត្ថ​ណា​ជាប់​ពាក់ព័ន្ធ និង​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​ផ្ទុយ​ពី​គោលការណ៍​ប្រមុខ​រដ្ឋាភិបាល ត្រូវ​អនុវត្ត​ច្បាប់​លក្ខន្តិកៈ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​បណ្ដេញ​ចេញពី​ជួរ​កងទ័ព ហើយ​បើ​មាន​ភស្តុតាង​ត្រូវ​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ច្បាប់។

ក្រៅពី​ប្រកាស​ចាត់​វិធានការ​លើ​មន្ត្រី​កងរាជ​អាវុធហត្ថ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ធនធាន​ធម្មជាតិ​ហើយ លោក សៅ សុខា ក៏​បាន​បញ្ជា​ទៅ​មេបញ្ជាការ​គ្រប់​ខេត្ត​ត្រូវ​ចាត់​វិធានការ​ភ្លាម ដោយ​ត្រួតពិនិត្យ​កងកម្លាំង​របស់​ខ្លួន ប៉ុន្តែ​បើសិន​មេបញ្ជាការ​ខេត្ត​នោះ​ជួយ​លាក់លៀម គឺ​ស្មើ​នឹង​ពួកគេ​សមគំនិត​ដែរ។ លោក​បញ្ជាក់​ថា បើសិន​មន្ត្រី​ទាំងនោះ​ធ្វើ​ជា​អ្នក​រកស៊ី​ឈើ ត្រូវ​ឈប់​ធ្វើ​អាវុធហត្ថ ទោះបីជា​ស្រប​ច្បាប់​ក៏ដោយ។

លោក សៅ សុខា បន្ត​ថា កន្លងមក​រូបលោក​បាន​រំឭក និង​ដាស់តឿន​ច្រើន​ដង​ហើយ ប៉ុន្តែ​ម្ដង​នេះ​លោក​អនុវត្ត​តាម​អភិក្រម​ទាំង​៥ របស់​បុរស​ខ្លាំង លោក ហ៊ុន សែន ហើយ​ការ​អនុវត្ត​អភិក្រម​នេះ គឺ​វះកាត់​តែម្ដង ដោយ​គ្មាន​ងូត​ទឹក​ដុសក្អែល​អ្វី​ទៀត​ឡើយ ដូច្នេះ​មេបញ្ជាការ​ខេត្ត​ទាំងអស់​ជា​អ្នក​ត្រូវ​ទទួល​ខុសត្រូវ ប៉ុន្តែ​បើ​ប្រធាន​ស្ថាប័ន​ណា​មួយ​គ្រប់គ្រង​បុគ្គលិក​ខ្លួនឯង​មិន​បាន ប្រធាន​ស្ថាប័ន​នឹង​ទទួល​ខុសត្រូវ និង​គួរ​សរសេរ​លិខិត​លាឈប់​ពី​កងរាជ​អាវុធហត្ថ​ទៅ។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ បាន​យល់​ឃើញ​ថា មិនមែន​មាន​តែ​លោក ចាប សារ៉ន ទេ​ដែល​ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​នោះ​ដែរ​ក៏​មាន​ក្រុម និង​ជន​ដទៃ​ទៀត​ដែល​បាន​ចូល​ដៃ​ចូល​ជើង​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ លោក សៅ សុខា គួរតែ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​ក្រុម​ឧក្រិដ្ឋជន​ទាំងអស់​នោះ។

លោក​បាន​បន្ថែម​ទៀត​ថា កាល​ដែល​លោក ចាប សារ៉ន អាច​កាប់​ឈើ​ទៅ​បាន លុះត្រាតែ​មន្ត្រី​រដ្ឋាភិបាល​អនុញ្ញាត ដូច្នេះ​អ្នក​តែ​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ទទួល​ខុសត្រូវ​ទៅ​តាម​ច្បាប់ ជាពិសេស​មន្ត្រី​របស់​ក្រសួង​បរិស្ថាន ហេតុ​អ្វី​បាន​ជា​បណ្ដោយ​ឲ្យ​មាន​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់។ លោក​ថា រូបលោក​មាន​ទាំង​ឯកសារ និង​ភស្តុតាង​អំពី​ការ​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​បង្ហាញ​ថា ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស