28 C
Phnom Penh

លោក ប្រាយុទ្ធ ត្រូវ​ដកហូត​អំណាច ខណៈ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណាជីប ត្រូវ​នាំ​ខ្លួន​ចូល​គុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​កត់សម្គាល់​ថា​ជា​ប្រភព​នៃ​ការ​សិក្សា​មួយ​របស់​អ្នក​នយោបាយ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដែល​ប្រទេស​ខ្លះ​យក​គំរូ​តាម​គំនិត​អាក្រក់ៗ​របស់​មេដឹកនាំ​កាន់​អំណាច​នៃ​ប្រទេស​នោះ ដើម្បី​យក​អនុវត្ត​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​ព្យាយាម​ក្រាញ​អំណាច​តាមរយៈ​ការ​ដាក់​គំនាប​ទៅ​លើ​សមាជិក​សភា ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។

យ៉ាងណា ប្រទេស​ដែល​ប្រកាន់​នីតិរដ្ឋ​ត្រឹមត្រូវ គេ​មិន​យក​គំរូ​តាម​នោះ​ទេ។ មាន​ន័យ​ថា ប្រទេស​ដែល​ប្រកាន់​ខ្ជាប់​នូវ​អំណាច​របស់​ម្ចាស់​ឆ្នោត គឺ​ស្ថាប័ន​កំពូលៗ​របស់​ប្រទេស​នោះ ដូចជា​តុលាការ រដ្ឋសភា និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​នោះ ក៏​គេ​មិន​ជ្រក​ក្រោម​អំណាច​របស់​មេដឹកនាំ និង​បក្ខពួក​របស់​អ្នក​មាន​អំណាច​នោះ​ដែរ។ ប្រទេស​នេះ​គេ​គិត​ថា​សង្គម​មាន​យុត្តិធម៌ គឺ​សង្គម​ដែល​គ្មាន​ការ​ជិះជាន់ គ្មាន​ការ​គាបសង្កត់​ពី​សំណាក់​ក្រុម​មាន​អំណាច​ទៅ​លើ​ស្ថាប័ន​ជាតិ​កំពូលៗ​របស់​ប្រទេស​ពួកគេ​នោះ​ទេ។

មាន​ន័យ​ថា ចៅក្រម សមាជិក​សភា និង​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​នោះ គឺ​គេ​ហ៊ាន​ធ្វើ​សេចក្ដី​សម្រេច​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន និង​ជាតិ​សាសន៍​ដោយ​មិន​ស្ថិត​ក្រោម​អំណាច​របស់​អ្នក​នយោបាយ​ឡើយ។ ជាក់ស្ដែង នៅ​ថ្ងៃទី​២៤ សីហា នេះ ចៅក្រម​តុលាការ​ធម្មនុញ្ញ​នៃ​រាជាណាចក្រ​ថៃ ដែល​ជាប់​នឹង​ប្រទេស​កម្ពុជា គេ​ហ៊ាន​ធ្វើ​សេចក្ដី​សម្រេច​ដោយ​ដកហូត​បុព្វសិទ្ធិ និង​អំណាច​របស់​លោក ប្រាយុទ្ធ ចាន់អូចា ពី​ឋានៈ​ជា​នាយករដ្ឋមន្ត្រី។

ចំណែក​ចៅក្រម​នៃ​តុលាការ​សហព័ន្ធ​នៃ​រាជាណាចក្រ​ម៉ាឡេស៊ី ឯណោះ​វិញ បាន​ចេញ​សាលដីកា​ផ្ដន្ទាទោស​អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល គឺ​លោក ណាជីប រ៉ាហ្សាក់ ឱ្យ​មាន​ទោស ១២​ឆ្នាំ ហើយ​បង្គាប់​ឱ្យ​កង​សន្តិសុខ​ជាតិ​នាំ​ខ្លួន​យក​ទៅ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​មួយ គឺ​កាលពី​ម៉ោង ៧​យប់​នៅ​ថ្ងៃ​អង្គារ ទី​២៣ សីហា។

នេះ​ជា​សំណុំរឿង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​សមាជិក​នៃ​សមាគម​អាស៊ាន។ តែ​ជា​ដំបូង គេ​អាច​លម្អិត​ព្រឹត្តិការណ៍​ដែល​កំពុង​កើតមាន​នៅ​លើ​រាជាណាចក្រ​ថៃ ចំពោះ​ឆាក​ជីវិត​នយោបាយ​របស់​អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ គឺ​លោក ប្រាយុទ្ធ ចាន់អូចា ដែល​ត្រូវ​បាន​ដកហូត​អំណាច​ដោយ​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ជិតខាង​ជាប់​នឹង​កម្ពុជា​មួយ​នេះ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ចុះផ្សាយ​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ក៏​ស្ថិត​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា​ជា​ខ្លាំង ដោយ​ចៅក្រម​ខ្វែងគំនិត​គ្នា​ក្នុង​ការ​វិភាគ និង​សិក្សា​អំពី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ដែល​រដ្ឋាភិបាល​រដ្ឋប្រហារ​របស់​លោក ប្រាយុទ្ធ ជា​អ្នក​រៀបរៀង​ឡើង ហើយ​ខណៈ​នោះ លោក ប្រាយុទ្ធ បាន​លើក​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៤ គឺ​ក្រោយ​ពីរ​ខែ​ដែល​លោក​បាន​ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​អំឡុង​លោក​ជា​មេបញ្ជាការ​កងទ័ព​ថៃ ទម្លាក់​រដ្ឋាភិបាល​នៃ​គណបក្ស​ភឿថៃ ដឹកនាំ​ដោយ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

តាម​ការ​វិភាគ​អំពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ គឺ​ចៅក្រម​ខ្លះ​ថា​រដ្ឋធម្មនុញ្ញ​នេះ​មិន​បាន​ហាមឃាត់​ការ​អនុវត្ត​ធាក់​ថយ​ក្រោយ​នោះ​ទេ។ ដូចនេះ គេ​អាច​រាប់​ថ្ងៃ​ខែ​ឆ្នាំ​ដែល​លោក ប្រាយុទ្ធ ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៤ មក​ដល់​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ គឺ​មាន​រយៈពេល ៨​ឆ្នាំ​គត់ គឺ​ស្មើ​នឹង ២​អាណត្តិ​ដូច​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ​នេះ ដែល​ចែង​ថា អ្នក​នយោបាយ​ម្នាក់ៗ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​ត្រឹម ២​អាណត្តិ គឺ​រយៈពេល ៨​ឆ្នាំ​ប៉ុណ្ណោះ។

យោង​តាម​ស្មារតី​របស់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ បាន​នាំ​ឱ្យ​ចៅក្រម​ធ្វើ​សេចក្ដី​សម្រេច​ដោយ​បោះឆ្នោត គឺ ៥​សំឡេង​គាំទ្រ​ទល់ ៤​សំឡេង​ជំទាស់។ យោង​តាម​លទ្ធផល​នេះ គឺ​ចៅក្រម ៥​រូប សម្រេច​ដកហូត​បុព្វសិទ្ធិ និង​អំណាច​របស់​លោក ប្រាយុទ្ធ ឋានៈ​ជា​នាយករដ្ឋមន្ត្រី ដោយ​បង្គាប់​ឱ្យ​លោក ប្រាយុទ្ធ រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​នាយករដ្ឋមន្ត្រី​ស្ដីទី​ក្នុង​អំឡុង ១៥​ថ្ងៃ។

តុលាការ​ធម្មនុញ្ញ​ក៏​បាន​បង្គាប់​ឱ្យ​មាន​ការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​ម្នាក់​មក​ជំនួស​លោក ប្រាយុទ្ធ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia សាលដីកា​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ប្រឆាំង​ភឿថៃ និង​សម្ពន្ធភាព​របស់​សមាជិក​សភា​បក្ស​ប្រឆាំង បាន​ដាក់​ញត្តិ​ទាមទារ​ឱ្យ​តុលាការ​ធម្មនុញ្ញ​សម្រេច​ថា តើ​លោក ប្រាយុទ្ធ អាច​កាន់​អំណាច​បាន​យូរ​ប៉ុនណា​ឱ្យ​ពិតប្រាកដ។

ក្រុម​បក្ស​ប្រឆាំង​បាន​លើកឡើង​ថា អាណត្តិ​នាយករដ្ឋមន្ត្រី​របស់​លោក ប្រាយុទ្ធ បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៤ គឺ​ប៉ុន្មាន​ខែ​ក្រោយ​រដ្ឋប្រហារ​យោធា ដែល​គួរតែ​បញ្ចប់​ទៅវិញ​នៅ​មុន​ដំណាច់​ខែ​នេះ ព្រោះ​លោក ប្រាយុទ្ធ កាន់​តំណែង​នេះ​គ្រប់ ៨​ឆ្នាំ​ហើយ។

ចំណែក​ក្រុម​អ្នកគាំទ្រ​លោក ប្រាយុទ្ធ ក៏​បាន​ទាមទារ​ថា អាណត្តិ​នាយករដ្ឋមន្ត្រី​របស់​លោក ប្រាយុទ្ធ គឺ​ទើប​តែ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៧ ជា​ពេល​រដ្ឋធម្មនុញ្ញ​ថ្មី​ចូល​ជា​ធរមាន។ ពួកគេ​អះអាង​ថា លោក ប្រាយុទ្ធ គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៧ ប្រសិនបើ​លោក​នៅ​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ក្នុង​សភា​ថ្មី​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣។

បើ​យោង​សេចក្ដី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ គឺ​លោក ប្រាយុទ្ធ ត្រូវ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ដែល​វ័យ ៧៧​ឆ្នាំ ឡើង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី។ នេះ​ជា​ព្រឹត្តិការណ៍​នៃ​ប្រទេស​ថៃ ដែល​កើតមាន​ចំពោះ​លោក ប្រាយុទ្ធ។

ដោយឡែក​ពី​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​សមាជិក​មួយ​នៃ​សមាគម​អាស៊ាន គឺ​កាលពី​ថ្ងៃទី​២៣ សីហា តុលាការ​សហព័ន្ធ​របស់​ប្រទេស​នេះ​សម្រេច​សេចក្ដី​តម្កល់​សាលក្រម​តុលាការ​ជាន់​ទាប​ក្រុង​កូឡាឡាំពួរ ដែល​បាន​ផ្ដន្ទាទោស​លោក ណាជីប រ៉ាហ្សាក់ អតីត​នាយករដ្ឋមន្ត្រី​ឱ្យ​មាន​ទោស ១២​ឆ្នាំ ករណី​កិបកេង​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ភាសា​សាមញ្ញ​ថា បាន​លួច​លុយ​រដ្ឋ​រាប់​រយ​លាន​ដុល្លារ​ដោយ​ផ្ទេរ​ចេញពី​ធនាគារ​រដ្ឋ​ទៅ​ដាក់​ក្នុង​គណនី​របស់​គ្រួសារ​លោក។ តុលាការ​បាន​សម្រេច​ដូចនេះ ដោយ​ផ្អែក​លើ​ភស្តុតាង​របស់​រដ្ឋអាជ្ញា និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​នេះ។

លោក ណាជីប ជា​នាយករដ្ឋមន្ត្រី​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ សំណុំរឿង​ពុករលួយ​របស់​លោក ណាជីប និង​គ្រួសារ​លោក បាន​ផ្ទុះឡើង​ចុង​ឆ្នាំ​២០១៦ ដោយសារ​កាសែត​អាមេរិក The Wall Street Journal បាន​ទម្លាយ​ការ​ស៊ើបអង្កេត​អំពើពុករលួយ​របស់​គ្រួសារ​លោក ណាជីប។ បុរស​អាយុ ៧០​ឆ្នាំ​រូប​នេះ​កាល​កំពុង​មាន​អំណាច លោក​បាន​គាប​សង្កត់​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ដែល​រិះគន់​លោក​ឱ្យ​ចុះចេញ​ពី​តំណែង ហើយ​សារព័ត៌មាន​ម៉ាឡេស៊ី យ៉ាង​តិច​ចំនួន​៤ ត្រូវ​បាន​លោក​បញ្ជា​ឱ្យ​បិទ។

បើ​តាម​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ទ្រព្យសម្បត្តិ​របស់​លោក ណាជីប និង​គ្រួសារ​របស់​លោក​មាន ១៧៣​លាន​ដុល្លារ​អាមេរិក។ ទ្រព្យសម្បត្តិ​ទាំងអស់​នេះ​កំពុង​ស្ថិត​ក្នុង​ការ​រឹបអូស​យក​មក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញ។ បើ​តាម​ប្រភព​របស់​តុលាការ លោក ណាជីប មាន​សំណុំរឿង​ត្រូវ​ប្ដឹង​លោក​ក្នុង​នោះ​មាន​ទាំង​ករណី​ប្ដឹង​លោក​ពី​បទ​រំលោភ​អំណាច​រដ្ឋ និង​ព្យាយាម​ប្រើ​ឥទ្ធិពល​ទៅ​លើ​សភា។

ក្រោយពី​ជំនុំ​ជម្រះ​ក្ដី​ពេញ​មួយ​ថ្ងៃ​កាលពី​ថ្ងៃទី​២៣ សីហា តុលាការ​សហព័ន្ធ​ម៉ាឡេស៊ី បាន​បង្គាប់​ឱ្យ​កង​សន្តិសុខ​នាំ​ខ្លួន​លោក ណាជីប ទៅ​អនុវត្ត​ទោស​រយៈពេល ១២​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​មួយ​នៅ​ជាយក្រុង​កូឡាឡាំពួរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស