31 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ដណ្តើម​យក​ប្រជាប្រិយភាព​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​ប្រកាស​ចែក​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន ម៉ាណែត»

សៀវភៅ​នេះ​ត្រូវ​បាន​ចែកចាយ​ដោយ​ឥត​គិតថ្លៃ ស្រប​ពេល​ដែល​ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​ចាត់ទុក​ថា​ជា​សកម្មភាព​ប្រជែង​ប្រជាប្រិយភាព​គ្នា​ជាមួយ​លោក ហ៊ុន ម៉ានី។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា ការ​ចែក​ជូន​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន ម៉ាណែត» ដោយ​ឥត​គិតថ្លៃ​នេះ គឺ​ដោយសារ​តែ​មាន​អ្នក​ចង់​បាន​សៀវភៅ​នេះ​យ៉ាង​ច្រើន​នា​ពេល​កន្លងមក។

ការ​ប្រកាស​ចែក​សៀវភៅ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ានី ដាក់​លក់​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «ក្តី​សង្ឃឹម ហ៊ុន ម៉ានី» កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​វិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា ការ​ប្រកាស​ចែក​សៀវភៅ​នេះ​អាច​ឆ្លុះបញ្ចាំង​ថា លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ប្រជែង​ដណ្តើម​មុខមាត់​គ្នា​ទៅវិញ​ទៅមក​ស្រប​ពេល​ដែល​ការ​ផ្ទេរ​អំណាច​បន្ត​ក្នុង​ការ​កាន់កាប់​ត្រកូល ហ៊ុន កាន់តែ​ខិត​ជិត​មក​ដល់។

លោក​បន្ថែម​ថា ការ​ដណ្ដើម​មុខមាត់​គ្នា​ដោយ​ចំហ​បែប​នេះ អាច​បង្ហាញ​ថា លោក ហ៊ុន ម៉ានី មិន​ទាន់​ទម្លាក់​ចោល​ការ​តស៊ូ​ក្នុង​ការ​ប្រជែង​ជាមួយ​លោក ហ៊ុន ម៉ាណែត ដណ្តើម​តំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ​ឡើយ ហើយ​នេះ​គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​របស់​លោក ហ៊ុន សែន ព្រោះ​ថា​បើ​ពួកគេ​ទាំង​ពីរ​នៅតែ​ដណ្តើម​តំណែង​គ្នា​បែប​នេះ នោះ​នឹង​នាំ​ឱ្យ​កើត​វិបត្តិ​ផ្ទៃក្នុង​នៃ​គ្រួសារ ហ៊ុន កាន់តែ​ធ្ងន់ធ្ងរ​ជាមិនខាន។

លោក គឹម សុខ អះអាង​ថា បញ្ហា​ធំ​មួយ​ទៀត គឺ​កើត​មកពី​មនុស្ស​ជំនិត​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី ជា​អ្នក​ជំរុញ​ឲ្យ​បងប្អូន​ពួកគេ​ប្រជែង​គ្នា ព្រោះ​ថា​បើ​នរណា​ម្នាក់​បាន​តំណែង​កំពូល​នេះ ភាគី​នោះ​នឹង​ទទួល​បាន​ប្រយោជន៍​កាន់តែ​ច្រើន និង​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​តាមរយៈ​មេដឹកនាំ​របស់​ខ្លួន​ដែល​ធ្វើជា​នាយករដ្ឋមន្ត្រី​នេះ។

ប៉ុន្តែ បើ​បញ្ហា​នេះ​នៅតែ​មិន​អាច​សម្រេច​បាន លោក ហ៊ុន សែន ទំនង​ជា​ងាក​ទៅ​ស្ទាបស្ទង់​ការ​សម្រេច​ចិត្ត​របស់​សមាជិក​គ្រួសារ ដូចជា​ភរិយា​របស់​គាត់ កូនស្រី​របស់​គាត់ និង​លោក ហ៊ុន ម៉ានិត ជាដើម។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា បើ​ការ​អន្តរាគមន៍​ពី​សមាជិក​គ្រួសារ​ហើយ​នៅតែ​មិន​ដាច់ស្រេច​ទៀត នោះ​ចុងក្រោយ​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី អាច​មាន​ម្នាក់​គ្រោះថ្នាក់​ធំ​ដើម្បី​លុប​បំបាត់​ការ​ជ្រែក​អំណាច​ពី​អ្នក​ស្នង​តំណែង​កំពូល​នេះ។

សៀវភៅ​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន ដែល​មាន​ចំណងជើង​ថា «ក្តី​សង្ឃឹម ហ៊ុន ម៉ានី» ដែល​បាន​បោះពុម្ព​ចំនួន ១​ម៉ឺន​ច្បាប់​ជា​លើកដំបូង បន្ទាប់ពី​ប្រើ​ពេល​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២២ កន្លងទៅ​នេះ។ ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ «ក្ដី​សង្ឃឹម ហ៊ុន ម៉ានី» នៅ​ខេត្ត​សៀមរាប នៅ​ពេល​នោះ លោក លាង ដឺលុច ដែល​ជា​អ្នកនិពន្ធ​សៀវភៅ «ក្ដី​សង្ឃឹម ហ៊ុន ម៉ានី» បាន​លើកឡើង​ថា ក្នុង​ចំណោម​កូនប្រុស​ទាំង​៣ របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​លេច​មុខ​ជួយ​កិច្ចការ​លោក ហ៊ុន សែន ជា​សាធារណៈ​មុន​គេ។

លោក លាង ដឺលុច បញ្ជាក់​ថា តួអង្គ​លោក ហ៊ុន ម៉ានី រស់នៅ​ក្នុង​សម្ពាធ​នៃ​ការ​រិះគន់​ពី​មតិ​ជាច្រើន​ដែល​សម្លឹង​មើល​លោក​ត្រឹមតែ​ជា​កូន​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ផ្ទុយទៅវិញ លោក ម៉ានី ត្រូវ​ធ្វើការ​កាន់តែ​ច្រើន​ដើម្បី​កិត្តិយស​គ្រួសារ​ផង និង​ដើម្បី​អាច​បង្កើត​បាន​កន្លែង​ឈរជើង​សម្រាប់​ខ្លួនឯង​ក្នុង​នាម​ជា​អ្នក​នយោបាយ​បន្ត​វេន​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ។

ទោះជា​បែបនេះ​ក្តី ចាប់តាំងពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសរើស​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ មក លោក ហ៊ុន សែន តែង​បង្ហោះ​រូបលោក ហ៊ុន ម៉ាណែត ដោយ​ភ្ជាប់​នឹង​ការ​លើក​សរសើរ​ផ្សេងៗ​ជា​បន្តបន្ទាប់ ចំណែក​លោក ហ៊ុន ម៉ានី មិន​ត្រូវ​បាន​លោក ហ៊ុន សែន លើក​យក​មក​និយាយ ឬ​សរសើរ​ម្តង​ណា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស