31 C
Phnom Penh

តើ​លោក ហេង សំរិន ជា​នរណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហេង សំរិន ធ្លាប់​ជា​មេបញ្ជាការ​យោធា​មួយ​រូប​នៃ​របប​ខ្មែរក្រហម និង​ជា​ថ្នាក់​ដឹកនាំ​កំពូល​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ឆ្នាំ​១៩៧៩ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

ប្រវត្តិ​ផ្ទាល់ខ្លួន ទស្សនៈ និង​សមិទ្ធផល​នយោបាយ​របស់​លោក​ហាក់ដូចជា​ពុំ​ត្រូវ​បាន​កត់ត្រា​ច្រើន​ដោយ​អ្នក​សារព័ត៌មាន អ្នក​ស្រាវជ្រាវ ឬ​អ្នក​សរសេរ​សៀវភៅ​ឡើយ។ លោក ហេង សំរិន ក៏​ពុំ​សូវ​មាន​ការ​រិះគន់ ឬ​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​អំពី​អំពើ​ឃោរឃៅ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ដូច​បុរស​ខ្លាំង​លោក ហ៊ុន សែន នោះ​ដែរ។

លោក ហេង សំរិន កើត​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​១៩៣៤ នៅ​ក្នុង​ភូមិ​អន្លង់ក្រេះ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។ លោក​មាន​ភរិយា​ឈ្មោះ សៅ ទី និង​មាន​កូន ៤​នាក់។ លោក​ទទួល​បាន​ការ​សិក្សា​បន្តិចបន្តួច​តែប៉ុណ្ណោះ។ យោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់​លោក គាំម កុសល និង​សាស្ត្រាចារ្យ ដៀប សុផល ឲ្យ​ដឹង​ថា លោក ហេង សំរិន បាន​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​ខេត្ត​កំពង់ចាម នា​អំឡុង​ឆ្នាំ​១៩៥៤ និង​ធ្លាប់​រៀន​វគ្គ​នយោបាយ​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​វៀតណាម។

យោង​តាម​ឯកសារ​នានា​ដែល​សរសេរ​ទាក់ទិន​នឹង​ប្រវត្តិ​របស់​គាត់ ឲ្យ​ដឹង​ថា លោក ហេង សំរិន បាន​ចូលរួម​ក្នុង​ចលនា​កុម្មុយនីស្ត​របស់​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ ប៉ុល ពត នៅ​ឆ្នាំ​១៩៧៥ និង​បាន​ក្លាយ​ជា​សមាជិក​ផ្លូវការ​នៃ​គណៈ​នយោបាយ​របស់​គណបក្ស​កុម្មុយនីស្ត​មួយ​នេះ។

ក្នុង​ឆ្នាំ​ដដែល​នោះ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​កងទ័ព​មួយ​រូប​ក្នុង​ក្រុម​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន។ ក្នុង​ឆ្នាំ​១៩៧៨ ប៉ុល ពត និង​មេដឹកនាំ​កំពូលៗ​ដទៃ​ទៀត​នៃ​របប​ខ្មែរក្រហម បាន​ធ្វើការ​បោស​សម្អាត​ផ្ទៃក្នុង​ដោយ​ចោទប្រកាន់​ទៅ​លើ​កម្មាភិបាល​ខ្មែរក្រហម​ខ្លះ​ថា​មាន​បំណង​ក្បត់​អង្គការ។ ពេល​នោះ របប​ខ្មែរក្រហម​បាន​ចោទប្រកាន់ ចាប់​ខ្លួន និង​សម្លាប់​ជា​បន្តបន្ទាប់​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​ពួកគេ​សង្ស័យ​ថា​ជា​ជន​ក្បត់។

ដើម្បី​គេច​ពី​ហានិភ័យ​នោះ លោក ហេង សំរិន បាន​ភៀស​ខ្លួន​ចេញពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​១៩៧៨ ហើយ​បាន​ត្រឡប់​មក​មាតុភូមិ​វិញ​ក្នុង​ឆ្នាំ​ដដែល ដើម្បី​ចូលរួម​ដឹកនាំ​ចលនា​តស៊ូ​ប្រឆាំង​នឹង​ខ្មែរក្រហម​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​វៀតណាម និង​គាំទ្រ​ដោយ​អតីត​សហភាព​សូវៀត។

បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា និង​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដោយ​ប្រទេស​វៀតណាម រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​រៀបចំ​រដ្ឋាភិបាល​អាយ៉ង​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ។ ពេល​នោះ លោក ហេង សំរិន ត្រូវ​បាន​ទទួល​តួនាទី​តាមរយៈ​ការ​តែងតាំង​ដោយ​រដ្ឋាភិបាល​វៀតណាម​ជា​បន្តបន្ទាប់។

លោក​បាន​ទទួល​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​បដិវត្តន៍​ប្រជាជន​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​បាន​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ក្នុង​ឆ្នាំ​១៩៨១។ ពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន លោក​ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ ហើយ​កាន់កាប់​តំណែង​ជា​ប្រធាន​រដ្ឋសភា​ជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦ មក។ លោក​បាន​ទទួល​ងារ​ជា «សម្ដេច​អគ្គ​មហា​ពញា​ចក្រី» ពី​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី កាលពី​ខែ​តុលា ឆ្នាំ​២០០៧។

ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ស្តូប​អនុស្សាវរីយ៍​នា​ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ក៏​បាន​ដាក់​សម្ពោធ និង​ផ្សព្វផ្សាយ​នូវ​សៀវភៅ​មួយ​ឈ្មោះ​ថា «ការ​តស៊ូ​របស់​ប្រជាជន៖ កម្ពុជា​រស់​ឡើងវិញ» របស់​លោក ហេង សំរិន។

សៀវភៅ​នេះ​បាន​សរសេរ​ថា លោក ហេង សំរិន គឺជា​ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចំនួន ១៤​រូប ដែល​នៅ​រស់រាន​មាន​ជីវិត រួម​មាន​ដូចជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកស្រី ម៉ែន សំអន ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិកា​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា លោក រស់ សម័យ ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​លោក ចាន់ វ៉ែន អតីត​អគ្គលេខាធិការ​រដ្ឋសភា ជាដើម។

លោក ប៉ែន សុវណ្ណ ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ទី​១ ក្រោយ​ឆ្នាំ​១៩៧៩ ធា្លប់​លើកឡើង​ថា លោក ហេង សំរិន ធ្លាប់​ប្រកែក​មិន​ទទួល​ការ​តែងតាំង​អ្វី​ទេ ដោយសារ​គាត់​មិន​អាច​អាន​អក្សរ​ខ្មែរ​បាន។

ជាមួយ​គ្នា​នេះ បើ​តាម​អ្នក​សង្កេតការណ៍​នយោបាយ​ខ្មែរ ក៏​មើល​ឃើញ​ដែរ​ថា ថ្វីបើ​គាត់​មាន​តួនាទី​ខ្ពស់​ក្នុង​បក្ស​របស់​លោក និង​ក្នុង​សភា​ជាតិ​ក្តី តែ​លោក ហេង សំរិន ពុំ​មាន​អំណាច​ឡើយ គឺ​លោក​ចាំ​តែ​ប្រថាប់​ត្រា​តាម​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

បើ​គេ​មើល​អំពី​ប្រវត្តិ​នយោបាយ​របស់​គាត់​ក្រោយ​ឆ្នាំ​១៩៧៩ លោក ហេង សំរិន បាន​កាន់​តួនាទី​ខ្ពស់ៗ​រហូត​ដល់​បច្ចុប្បន្ន។ តែ​បើ​គេ​ពិនិត្យ​អំពី​គុណសម្បត្តិ​របស់​គាត់​សម្រាប់​ជាតិ គេ​ហាក់ដូចជា​ពិបាក​រក​អំណះអំណាង​បញ្ជាក់​អំពី​សមិទ្ធផល​អ្វី​មួយ​ជាក់លាក់ ក្រៅតែ​ពី​តួនាទី ឬ​ងារ​ដ៏​ខ្ពង់ខ្ពស់​ទាំងនោះ​ណាស់។

ប៉ុន្តែ​សារព័ត៌មាន The Diplomat ធ្លាប់​បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១១ ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សាយ​នូវ​សៀវភៅ​មួយ​មាន​ឈ្មោះ​ថា «បុរស​របស់​ប្រជាជន (A Man of the People)» ដែល​ចាត់ទុក​លោក ហេង សំរិន ថា​ជា វីរបុរស

នេះ​ប្រហែល​ជា​របៀប​នៃ​ការ​វាយតម្លៃ​គុណសម្បត្តិ​របស់​បុគ្គល ឬ​ឥស្សរជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការ​ឱ្យ​តម្លៃ​លើ​តួនាទី ឬ​ប្រវត្តិ​ការងារ​យូរអង្វែង ដោយ​មិន​ខ្វល់​អំពី​សមិទ្ធផល​ដ៏​អស្ចារ្យ​អ្វី​ឡើយ។

ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ត្រូវ​បាន​ខ្មែរ​គោរព​ជា​វីរក្សត្រ គឺ​ដោយសារ​ស្នាព្រះហស្ត​របស់​ព្រះអង្គ​ក្នុង​ការ​ពង្រីក​ទឹកដី និង​ការ​កសាង​សមិទ្ធផល​ដ៏​អស្ចារ្យ​ដទៃ​ទៀត​សម្រាប់​ជាតិ​នា​សម័យ​នោះ។ លោក​ឧកញ៉ា សឺន គុយ និង​លោក ប៉ែន សុវណ្ណ ដែល​ហ៊ាន​ប្រឆាំង​នឹង​វៀតណាម ដើម្បី​ផល​ប្រយោជន៍​ខ្មែរ និង​អ្នក​តស៊ូ​ដទៃ​ទៀត គឺ​ពុំ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​មួយ​នេះ​ផ្តល់​តម្លៃ​អ្វី​ឡើយ។

តែ​ទោះជា​យ៉ាងណាក៏ដោយ បើ​គេ​និយាយ​អំពី​គុណវិបត្តិ​វិញ គេ​ហាក់ដូចជា​ពុំ​ឃើញ​មាន​ឯកសារ​ផ្សេងៗ​និយាយ​ច្រើន​អំពី​លោក ហេង សំរិន ឡើយ ជាពិសេស​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម និង​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​កត់សម្គាល់​ឃើញ​ថា លោក ហេង សំរិន បាន​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ការ​កែទម្រង់​រដ្ឋ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ការ​កសាង​សមិទ្ធផល​យ៉ាង​ច្រើន​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ។

ប៉ុន្តែ​សារព័ត៌មាន Reuther ធ្លាប់​បាន​ផ្សាយ​នូវ​អត្ថបទ​មួយ​កាលពី​ខែ​មីនា ឆ្នាំ​២០១៣ ថា ចៅក្រម​បរទេស​មួយ​រូប​នៃ​សាលាក្ដី​ខ្មែរក្រហម​ធ្លាប់​បង្ហាញ​នូវ​ការ​សង្ស័យ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក ហេង សំរិន ជាមួយ​នឹង​អំពើ​ឧក្រិដ្ឋ​ក្នុង​សម័យ​ខ្មែរក្រហម​អំឡុង​ឆ្នាំ​១៩៧៧ និង ១៩៧៨ ដែល​កាលនោះ លោក​ជា​មេបញ្ជាការ​មួយ​រូប​នៃ​កងទ័ព​ខ្មែរក្រហម។

ប្រវត្តិវិទូ លោក បិន គៀណាន់ សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​លោក​មាន​ចំណងជើង “របប ប៉ុល ពត” ថា​លោក ហេង សំរិន បាន​ចូលរួម​ចលនា​កុម្មុយនីស្ត​សម្ងាត់​ក្នុង​ឆ្នាំ​១៩៦១។ ដំបូង​ឡើយ​លោក ហេង សំរិន ធ្វើការ​ជា​អ្នក​នាំសារ​សម្ងាត់​នៅ​ភូមិភាគ​បូព៌ា ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់ សោ ភឹម។ លោក ហេង សំរិន នឹង​បញ្ជូន​សារ​ទៅ​ជន​កុម្មុយនីស្ត​ជា​សហសេវិក​នៅ​ក្រុង​ភ្នំពេញ រួម​ទាំង ប៉ុល ពត ដែរ ហើយ​ចុងក្រោយ​បាន​ក្លាយ​ជា​មេបញ្ជាការ​ដែល​មាន​តួនាទី​ដ៏​លេចធ្លោ​ក្នុង​ការ​ដណ្តើម​យក​ក្រុង​ភ្នំពេញ។

លោក​ត្រូវ​បាន​ដកស្រង់​សម្ដី​នៅ​ក្នុង​សៀវភៅ​របស់​លោក គៀណាន់ ដែល​មាន​ចំណងជើង​ថា “ការ​ប្រល័យ​ពូជសាសន៍ និង​ការ​តស៊ូ​នៅ​អាស៊ី​អាគ្នេយ៍” ថា «លោក​មាន​គោលការណ៍​និយាយ ប៉ុន្តែ​មិន​ហ៊ាន​និយាយ។ លោក​បាន​គិត​ដូច្នេះ​ដែរ បន្ទាប់ពី​ការ​រំដោះ​ក្នុង​ឆ្នាំ​១៩៧៥ ដែល​នៅ​ពេល​នោះ​លោក​ដឹង​ច្បាស់​ថា គោលការណ៍ [កាន់​អំណាច] មិន​ល្អ​ទេ»

លោក​ធ្លាប់​និយាយ​ថា «ក្នុង​ឆ្នាំ​១៩៧៦៧៧ លោក​បាន​តស៊ូ ប៉ុន្តែ​ដោយ​សម្ងាត់។ អ្វីៗ​ត្រូវ​តឹងតែង និង​គាប​សង្កត់។ គ្មាន​ឱកាស​ក្រោកឈរ​តស៊ូ​ទេ។ សូម្បីតែ​តា [សោ] ភឹម ក៏​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៃ​ការ​តស៊ូ​ដែរ»

នៅ​ឯ​តុលាការ​ខ្មែរក្រហម​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៦ អ្នកស្រី ដូរីន ចិន អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​ជាន់ខ្ពស់​របស់​ក្រុម​មេធាវី​ការពារ​លោក នួន ជា បាន​និយាយ​ថា លោក ហេង សំរិន អាច​ផ្តល់​ការ​យល់​ធ្លុះ​ជ្រៅ​ដែល​រក​ផ្ដូច​គ្មាន​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ​នៅ​ភូមិភាគ​បូព៌ា។

មូលដ្ឋាន​របស់​មេធាវី​ការពារ នួន ជា គឺ​ថា​មាន​ការ​បះបោរ​ផ្ទៃក្នុង​គាំទ្រ​ដោយ​វៀតណាម ដែល​ធ្វើឡើង​ដោយ សោ ភឹម នៅ​ក្នុង​ភូមិភាគ​បូព៌ា ដែល​ពួកគេ​និយាយ​ថា បាន​រារាំង​បដិវត្តន៍​កុម្មុយនីស្ត​មិន​ឲ្យ​អនុវត្ត​ទៅ​បាន​តាម​ការ​គ្រោងទុក ហើយ​បង្ហាញ​ថា​មេដឹកនាំ​របប​នេះ​មិន​មាន​ការ​គ្រប់គ្រង​ម៉ឺងម៉ាត់​លើ​សេចក្តី​សម្រេចចិត្ត​ដែល​ធ្វើឡើង​នៅ​ថ្នាក់​ក្រោម​ពួកគេ​ទេ។

អ្នកស្រី ចិន បាន​និយាយ​ថា «ហេង សំរិន បាន​រត់​ចុះចូល​ពី​បក្ស​កុម្មុយនីស្ត​កម្ពុជា តាម​ការ​ចោទប្រកាន់ គឺជា​មនុស្ស​ដៃស្តាំ​របស់ សោ ភឹម ហើយ​ក្លាយ​ជា​មេទ័ព​រំដោះ ហើយ​ក្រោយ​មក​ក្លាយ​ជា​មេដឹកនាំ​រដ្ឋាភិបាល​អាយ៉ង។ ដូច្នេះ លោក​អាច​ផ្តល់​ភស្តុតាង​សំខាន់ៗ​សម្រាប់​ចំណុច​សំខាន់ ពោល​គឺ​មាន​ការ​បះបោរ​ផ្ទៃក្នុង​នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា​ដឹកនាំ​ដោយ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​ចុះចូល ហើយ​គាំទ្រ​ដោយ​វៀតណាម»

អ្នកស្រី​បាន​និយាយ​ថា «ក្នុង​តួនាទី​ដឹកនាំ​របស់​លោក លោក​អាច​ប្រាប់​មិន​ត្រឹមតែ​អំពី​ការ​បះបោរ​ត្រូវ​បាន​រៀបចំ និង​អនុវត្ត​យ៉ាង​ម៉េច និង​ដោយ​នរណា​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រាប់​អំពី​ចំណុច​ជាក់លាក់​នៃ​គោលបំណង​គោល​នយោបាយ​ការបរទេស​របស់​វៀតណាម ចំពោះ​កម្ពុជា​ទៀត​ផង ហើយ​ថា​ពួកគេ​បំពេញ​គោលបំណង​ទាំងនោះ​ដោយ​គាំទ្រ​ការ​បះបោរ​ផ្ទៃក្នុង ហើយ​ទី​បញ្ចប់ ក៏​បាន​ឈ្លានពាន​កម្ពុជា​យ៉ាង​ដូចម្តេច»

លោក ដេវិដ ឆាណល័រ ប្រវត្តិវិទូ​ដ៏​លេចធ្លោ​ស្ដីពី​កម្ពុជា បាន​និយាយ​ថា ស្រមោល​លេច​ឡើង​ស្ទុងៗ​របស់​លោក ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​របស់​លោក​ទៅ​លើ​តុលាការ​ខ្មែរក្រហម មាន​ន័យ​ថា គ្មាន​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ណា​ម្នាក់​នឹង​ចូល​ខ្លួន​បំភ្លឺ​ទេ។

លោក វិកទ័រ កូប៉េ មេធាវី​លោក នួន ជា បាន​ស្រង់​សម្ដី​នៅ​ឯ​តុលាការ​ខ្មែរក្រហម ឆ្នាំ​២០១៦ ថា វីដេអូ​រូប​ស​ខ្មៅ​ដែល​មាន​រូប​មិន​សូវ​ច្បាស់ ដែល​ឃើញ ប៉ុល ពត ដើរ​កាត់​តាម​ការ​ប្រជុំ​គ្នា​នៅ​ក្នុង​តំបន់​បូព៌ា​របស់​របប​នេះ​ជាមួយ សោ ភឹម ក្នុង​ឆ្នាំ​១៩៧៨។ វីដេអូ​អត់​មាន​សំឡេង​ចូល​ដល់​បុរស​ម្នាក់​ញញឹម​ពព្រាយ ដោយ​លើក​ដៃ​ឡើង​លើ ហើយ​ស្រែក​ទៅ​កាន់​កម្មាភិបាល​វ័យក្មេង​រាប់​រយ​នាក់ ដែល​ឆ្លើយតប​ដោយ​លើក​កណ្ដាប់ដៃ​ស្រុះ​គ្នា​បី​ដង។ បុរស​ដែល​ញញឹម​ពព្រាយ​នោះ គឺជា​លោក ហេង សំរិន ប្រធាន​សភា​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស