អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា កម្ពុជាជោគជ័យក្នុងការទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ តាមរយៈការលក់ឥណទានកាបូនបានប្រមាណជា ១១លាន ៦សែនដុល្លារអាមេរិកក្នុងរយៈពេល ៥ឆ្នាំកន្លងមក។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះថា កម្ពុជាបានឈានដល់របត់ថ្មីមួយដែលអាចទទួលបានចំណូលពីការអភិរក្សធនធានធម្មជាតិពីការលក់ឥណទានកាបូនក្នុងគម្រោងរេដបូក កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើរបស់ខ្លួនសព្វថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះអះអាងថា ចាប់ពីឆ្នាំ២០១៦ កន្លងមក ក្រសួងបរិស្ថានបានរៀបចំគម្រោងរេដបូកចំនួន៣ គឺគម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់ ដែលធ្វើឱ្យកម្ពុជាទទួលថវិកាពីការលក់ឥណទានកាបូននេះប្រមាណជា ១១លាន ៦សែនដុល្លារអាមេរិក។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា នេះគឺជារបត់ថ្មីដ៏សំខាន់មួយដែលកម្ពុជានឹងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបទទួលបានប្រាក់ចំណូល មកជាប្រទេសដែលទទួលបានប្រាក់ចំណូលពីការការពារ និងអភិរក្សព្រៃឈើរបស់ខ្លួនក្រោមទិសស្លោក រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ។
ការអះអាងនេះ ធ្វើឡើងដើម្បីច្រានចោលចំពោះមតិដែលតែងតែរិះគន់ថា កម្ពុជាបានកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងបរិស្ថានបានបញ្ចេញរបាយការណ៍របស់ខ្លួនថា រដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូ កំពុងស្វះស្វែងរកទីផ្សារបន្ថែមដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន ក្រោយពីជោគជ័យក្នុងការលក់ឥណទានកាបូនចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដែលទទួលបានទឹកប្រាក់ជាង ១១លានដុល្លារអាមេរិកសម្រាប់យកថវិកាទៅបង្កើន និងពង្រឹងការការពារអភិរក្សធនធានធម្មជាតិរបស់ខ្លួន។
ជុំវិញការទាត់ចោលនូវបទល្មើសព្រៃឈើនៅកម្ពុជារបស់ក្រសួងបរិស្ថាននេះ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក សៅ សុខា កាលពីពេលថ្មីៗនេះបានលើកឡើងថា អនុប្រធានការិយាល័យបំភាន់អក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ចាប សារ៉ន កំពុងរកស៊ីឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងក្នុងពេលបច្ចុប្បន្ននេះ។ លោកបន្តថា ទោះជាមន្ត្រីខ្លះបានដឹងថាអនុប្រធានការិយាល័យរូបនេះកំពុងរកស៊ីខុសច្បាប់ក្ដី ប៉ុន្តែមិនមានមន្ត្រីណាមួយធ្វើរបាយការណ៍ឱ្យលោកនោះទេ។
ទាក់ទិននឹងបញ្ហានេះ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ រិះគន់ថា ការដែលមន្ត្រីថ្នាក់ក្រោមអាចកាប់ឈើទៅបាន លុះត្រាតែមន្ត្រីរដ្ឋាភិបាលថ្នាក់លើអនុញ្ញាត ដូច្នេះអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវតែទទួលខុសត្រូវទៅតាមច្បាប់ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន ហេតុអ្វីបានជាបណ្ដោយឲ្យមានការកាប់ឈើនៅក្នុងតំបន់ព្រៃឡង់?
លោកបន្តថា រូបលោកមានទាំងឯកសារ និងភស្តុតាងអំពីការកាប់ឈើនៅតំបន់ព្រៃឡង់ច្រើនណាស់ ប៉ុន្តែរដ្ឋាភិបាលមិនដែលយកចិត្តទុកដាក់ពិនិត្យមើលរបាយការណ៍ទាំងនេះឡើយ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ព្រៃឈើចំនួន ៦២៧១ហិកតារ ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិចក្នុងពេលបច្ចុប្បន្ននេះ៕