35 C
Phnom Penh

លោក ហ៊ុន សែន ថា​កូន​របស់​លោក​មិន​ប្រជែង​គ្នា​ធ្វើ​នាយករដ្ឋមន្ត្រី​ដូច​អ្នកវិភាគ​លើកឡើង​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា​ដែល​កាន់​អំណាច​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន អះអាង​ថា កូនប្រុស​របស់​លោក​មិន​បាន​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​តំណែង​ធ្វើ​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​ដូច​អ្នកវិភាគ​លើកឡើង​នោះ​ទេ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២ នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​អត្ថបទ​អត្ថាធិប្បាយ​របស់​អ្នកវិភាគ​មួយ​រូប​នៅ​លើ​សារព័ត៌មាន The Cambodia Daily ដែល​ថា កូនប្រុស​លោក​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ប្រជែង​គ្នា​ធ្វើជា​នាយករដ្ឋមន្ត្រី។ លោក​ថា ករណី​នេះ​តម្រូវ​ឲ្យ​លោក​ជា​ឪពុក​ត្រូវ​ចេញ​មុខ​សម្របសម្រួល​ដើម្បី​បញ្ចៀស​ទំនាស់​ក្នុង​គ្រួសារ។

លោក​ថា ការ​សរសេរ និង​បោះពុម្ព​សៀវភៅ «ក្តី​សង្ឃឹម ហ៊ុន ម៉ានី» របស់​លោក លាង ដឺលុច វា​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ មិនមែន​មាន​ន័យ​ថា​លោក ហ៊ុន ម៉ានី ចង់​ដណ្ដើម​អំណាច​ពី​បងប្រុស គឺ​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ។

លោក ហ៊ុន សែន បាន​ថ្លែង​ចំអក​ដោយ​ផ្ដាំ​ទៅ​អ្នកវិភាគ​រូប​នោះ​ថា គ្រប់គ្រង​គ្រួសារ​ខ្លួនឯង​ឲ្យ​បាន​សិន​ទៅ ប្រសិនបើ​គ្រប់គ្រង​គ្រួសារ​ខ្លួនឯង​មិន​បាន​ទេ មិន​គួរ​ចេញ​មក​វិភាគ​រឿងរ៉ាវ​គ្រួសារ​របស់​លោក​ឡើយ។

ប្រតិកម្ម​របស់​បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​ជាង ៤០​ឆ្នាំ​រូប​នេះ ទំនង​ឆ្លើយតប​នឹង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​ដែល​បាន​ថ្លែង​ក្នុង​សារព័ត៌មាន The Cambodia Daily ថា កូនប្រុស​របស់​លោក ហ៊ុន សែន កំពុង​ប្រជែង​គ្នា​សម្រាប់​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឪពុក​នៅពេល​អនាគត។

ឆ្លើយតប​ទៅ​នឹង​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន មិន​គួរ​ដាក់​ខ្លួន​និយាយ​ប្រមាថ​គ្រួសារ​របស់​លោក​នៅ​ពេលនេះ​ទេ ដែល​ជា​ការ​បង្ហាញ​ពី​ភាព​អន់​ក្នុង​នាម​ជា​មេដឹកនាំ​ម្នាក់។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​វិភាគ​ជា​ព្រឹត្តិការណ៍​ប្រជែង​គ្នា​ធ្វើ​នាយករដ្ឋមន្ត្រី​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី ហើយ​រឿង​នេះ​លោក​នៅតែ​អះអាង​ដដែល​ថា វា​មិន​ខុស​នោះ​ឡើយ។

លោក គឹម សុខ អះអាង​ថា រូបលោក​មិន​បាន​វែកញែក​រឿង​ផ្ទៃក្នុង​គ្រួសារ​ប្រពន្ធ​កូន​របស់​លោក ហ៊ុន សែន ឡើយ គឺ​វិភាគ​ទាក់ទង​មូលហេតុ​នយោបាយ និង​ការ​ប្រកួត​នយោបាយ​តែប៉ុណ្ណោះ។ អ្នកវិភាគ​រូប​នេះ​អះអាង​ថា បើ​ចង់​ដឹង​ថា​លោក​អាច​ទៅ​រួច ឬ​អត់ សូម​អ្នក​ខ្លាំង​ដែល​ក្អេងក្អាង​ដូច​លោក ហ៊ុន សែន បើក​សេរីភាព​ឲ្យ​រូបលោក​ធ្វើ​សកម្មភាព​បាន​ប៉ុន​តែ​លោក ខឹម វាសនា សិន​ទៅ នោះ​នឹង​ដឹង​ច្បាស់​ហើយ ប៉ុន្តែ​បើ​លោក ហ៊ុន សែន មិន​ហ៊ាន​វិញ សូម​ស្ងាត់​មាត់ ហើយ​ខំ​ថែទាំ​សុខភាព​សន្សំ​កម្លាំង​រក​ល្បិច​ប្លន់​អំណាច​ឲ្យ​កូន​ទៅ ក្រែង​បរាជ័យ ហើយ​រលាយ​ទាំងអស់។

លោក គឹម សុខ ចោទ​ជា​សំណួរ​ទៅ​លោក ហ៊ុន សែន វិញ​ថា តើ​អាច​ទេ​ដែល​លោក ហ៊ុន សែន ខ្លាច​ការ​ធ្វើ​សកម្មភាព​របស់​លោក គឹម សុខ ក្រោយ​ចេញពី​គុក​នៅ​ឆ្នាំ​២០១៨ ដែល​ប្រើ​ឲ្យ​ពួក​ដៃ​ជើង​របស់​លោក ហ៊ុន សែន មក​គំរាម​គ្រប់​ទម្រង់ មិន​ឲ្យ​លោក​នៅ​ស្រុក​ខ្មែរ​បាន ដោយ​គ្រាន់តែ​សំអាង​ត្រឹម​ពាក្យ​នីតិ​មាត់​ដែល​លោក​បាន​និយាយ​នោះ?

លោក​ចង់​ដឹង​ថា បើ​អ្នក​ណា​ខ្លាំង បើក​សេរីភាព​ប្រកួត​គ្នា កុំ​បើក​វេទិកា​ជេរ​គ្រួសារ​បែប​នេះ ពីព្រោះ​វា​មិន​ដឹង​អំពី​ការ​ឈ្នះ​ចាញ់​ពិតប្រាកដ​នោះ​ទេ ហើយ​បញ្ហា​នេះ​វា​អាច​អាប់​កិត្តិយស​របស់​លោក ហ៊ុន សែន ទៅវិញ។

ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ «ក្ដី​សង្ឃឹម ហ៊ុន ម៉ានី» នៅ​ខេត្ត​សៀមរាប កន្លងមក លោក លាង ដឺលុច ដែល​ជា​អ្នកនិពន្ធ​សៀវភៅ «ក្ដី​សង្ឃឹម ហ៊ុន ម៉ានី» បាន​លើកឡើង​ថា ក្នុង​ចំណោម​កូនប្រុស​ទាំង ៣ របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​លេច​មុខ​ជួយ​កិច្ចការ​លោក ហ៊ុន សែន ជា​សាធារណៈ​មុនគេ។

លោក លាង ដឺលុច គូស​បញ្ជាក់​ថា តួអង្គ​លោក ហ៊ុន ម៉ានី រស់នៅ​ក្នុង​សម្ពាធ​នៃ​ការ​រិះគន់​ពី​មតិ​ជាច្រើន​ដែល​សម្លឹង​មើល​លោក​ត្រឹមតែ​ជា​កូន​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ផ្ទុយទៅវិញ លោក ហ៊ុន ម៉ានី ត្រូវ​ធ្វើការ​កាន់តែ​ច្រើន​ដើម្បី​កិត្តិយស​គ្រួសារ​ផង និង​ដើម្បី​អាច​បង្កើត​បាន​កន្លែង​ឈរ​ជើង​សម្រាប់​ខ្លួនឯង​ក្នុង​នាម​ជា​អ្នក​នយោបាយ​បន្ត​វេន​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស