38 C
Phnom Penh

LDP ធ្វើ​កិច្ចសន្យា​រំសាយ​ក្រុម​អ្នកគាំទ្រ​ដែល​កំពុង​ស្នាក់នៅ​លើ​ដី​ចម្ការ​លោក ខឹម វាសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ចេញ​មុខ​សារភាព​កំហុស និង​ធ្វើ​កិច្ចសន្យា​ជូន​សមត្ថកិច្ច​បញ្ឈប់​ការ​កៀរគរ​ប្រមូលផ្ដុំ​ពលរដ្ឋ និង​ប្រកាស​រំសាយ​ក្រុម​អ្នកគាំទ្រ​ដែល​កំពុង​ស្នាក់នៅ​លើ​ដី​ចម្ការ​របស់​លោក ខឹម វាសនា ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២។

អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ចិន ថុន និង​ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក ខឹម វាសនា ចំនួន ៥​នាក់​ផ្សេង​ទៀត​យល់ព្រម​ធ្វើ​កិច្ចសន្យា​ជូន​សមត្ថកិច្ច​កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ពួកគេ​ពិត​ជា​បាន​កៀរគរ​ប្រមូលផ្ដុំ​ពលរដ្ឋ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ចាប់តាំងពី​ថ្ងៃទី​២៣ រហូត​ដល់​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ ឱ្យ​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ដី​ចម្ការ​ទំហំ​ជាង ១២​ហិកតារ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក ខឹម វាសនា ស្ថិត​នៅ​ភូមិ​ថ្មជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ប្រាកដ​មែន។

ប្រភព​ដដែល​អះអាង​ថា ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ ពួកគេ​នឹង​បញ្ឈប់​ការ​សាងសង់​ជម្រក និង​រោង​ខុស​ច្បាប់​ផ្សេងៗ​សម្រាប់​ឱ្យ​ពលរដ្ឋ​ទាំងនោះ​បន្ត​រស់នៅ​តទៅទៀត​ហើយ ចំណែក​ជម្រក និង​រោង​ខុស​ច្បាប់​ដែល​បាន​សង់​រួច នឹង​ត្រូវ​រុះរើ​ចេញ​ផង​ដែរ ប៉ុន្តែ​ក្នុង​ករណី​សាងសង់​ថ្មី ពួកគេ​នឹង​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឱ្យ​បាន​ត្រឹមត្រូវ។

អគ្គលេខាធិការ​បក្ស​ជួង​រូប​នេះ និង​ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក ខឹម វាសនា ចំនួន ៥​នាក់​ផ្សេង​ទៀត បញ្ជាក់​ថា ពួកគេ​នឹង​ប្រកាស​ឱ្យ​ពលរដ្ឋ​រំសាយ​ការ​ជួបជុំ​នេះ ប៉ុន្តែ​ក្នុង​ករណី​មាន​បុគ្គល​ណា​មួយ​មាន​ការ​រឹង​ទទឹង​មិន​ព្រម​ចាកចេញ គឺ​សូម​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឬ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់។ បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​សន្យា​ថា នឹង​មិន​ឃោសនា​ផ្សព្វផ្សាយ ឬ​ទទួល​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​រស់នៅ​លើ​ដី​ចម្ការ​ខាងលើ​ដោយ​ខុស​ច្បាប់​បន្ត​ទៀត​នោះ​ឡើយ។

ការ​ចុះ​កិច្ចសន្យា​នេះ ធ្វើឡើង​បន្ទាប់ពី​មេ​បក្ស​ជួង លោក ខឹម វាសនា បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ទៅ​រស់នៅ​លើ​ដី​ចម្ការ​របស់​គាត់ ក្រោម​ហេតុផល​ថា​ពិភពលោក​នឹង​លិចលង់​ដោយ​គ្រោះ​ទឹកជំនន់​កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ មេ​បក្ស​ជួង លោក ខឹម វាសនា បាន​បង្ហោះ​វីដេអូ និង​រូបភាព​ជាច្រើន​ជុំវិញ​គ្រោះថ្នាក់​ធម្មជាតិ​ដោយ​ទឹកជំនន់​ដែល​បាន​កើត​មាន​នៅ​ប្រទេស​ផ្សេងៗ ដោយ​ភ្ជាប់​នឹង​ការ​បកស្រាយ​ថា គ្រោះ​ធម្មជាតិ​ទាំងនេះ​នឹង​កើតមាន​លើ​ពិភពលោក ប៉ុន្តែ​កន្លែង​ដែល​គេច​ផុត​ពី​គ្រោះ​ធម្មជាតិ​នេះ​បាន គឺ​មាន​តែ​ដី​ចម្ការ​របស់​គាត់​ប៉ុណ្ណោះ ព្រោះ​គាត់​គឺជា​ព្រះព្រហ្ម​ដែល​ថែរក្សា​នៅ​ទីនោះ។

ការ​អះអាង​របស់​លោក ខឹម វាសនា នេះ បាន​ធ្វើ​ឱ្យ​អ្នក​មាន​ជំនឿ​លើ​រូបលោក នាំគ្នា​ទៅ​រស់នៅ​ទីនោះ​ប្រមាណ ២​ម៉ឺន​នាក់។

កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា បាន​ដាក់​ពង្រាយ​កម្លាំង​ចម្រុះ​ទៅ​ដល់​ដី​ចម្ការ​លោក ខឹម វាសនា ដើម្បី​អន្តរាគមន៍​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ដី​ចម្ការ​នោះ​ដែល​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់ពី​ក្រុម​ការងារ​បក្ស​ជួង​បាន​ហាមឃាត់​អ្នក​ទាំងនោះ ប៉ុន្តែ​ក្រោយ​ការ​អន្តរាគមន៍​របស់​អាជ្ញាធរ ពលរដ្ឋ​បាន​នាំគ្នា​ចាកចេញ​ពី​ដី​ចម្ការ​នោះ​ជា​បន្តបន្ទាប់។

ក្រុម​អ្នក​មាន​ជំនឿ​លើ​លោក ខឹម វាសនា បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួកគេ​ក៏​បាន​ទៅ​រស់នៅ​លើ​ដី​ចម្ការ​នោះ​មួយ​រយៈ​តាម​ការ​ឃោសនា​របស់​លោក ខឹម វាសនា ដែរ ដោយសារតែ​ជឿ​ថា​មាន​គ្រោះ​ធម្មជាតិ​នឹង​ជន់​លិច​ពិភពលោក។

ប្រភព​ដដែល​បញ្ជាក់​ថា ពួកគេ​បាន​ចែក​អីវ៉ាន់​ដោយ​មិន​គិត​លុយ​ដែល​ជា​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឱ្យ​អ្នក​ជិតខាង​ទាំងអស់ ដូចជា​ទឹកត្រី ទឹកស៊ីអ៊ីវ និង​អីវ៉ាន់​ផ្សេងៗ​ជាច្រើន​ទៀត។ លើស​ពី​នេះ ពួកគេ​បាន​លក់​គោ​ចំនួន ៥​ក្បាល​ក្នុង​តម្លៃ​ត្រឹមតែ ១២០០​ដុល្លារ​ប៉ុណ្ណោះ ខណៈ​តម្លៃ​ទីផ្សារ​គឺ​លក់​បាន​ដល់​ទៅ​ជាង ៤​ពាន់​ដុល្លារ​ឯណោះ។

ប្រភព​ខាងលើ​អះអាង​ថា អ្នក​ផ្សេង​ទៀត​ដែល​បាន​ទៅ​រស់នៅ​ក្នុង​ជំរំ​បោះ​តង់​ជិត​គ្នា ក៏​បាន​លក់​ម៉ូតូ​ដែល​ពួកគេ​ជិះ​ទៅ​ស្នាក់នៅ​លើ​ដី​ចម្ការ​នោះ​ដែរ គឺ​លក់​ក្នុង​តម្លៃ​ថោកៗ​ដើម្បី​យក​លុយ​ផ្គត់ផ្គង់​អំឡុង​ពេល​ដែល​ពួកគេ​ស្នាក់នៅ​ទីនោះ។ ជាង​នេះ​ទៀត ក៏​មាន​អ្នក​ខ្លះ​បាន​លក់​ឡាន​ដែល​មាន​តម្លៃ ៥​ម៉ឺន​ដុល្លារ​មក​ត្រឹមតែ ២​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ខ្លាច​ទឹក​ជន់​លិច​ដូច​ការ​ឃោសនា​របស់​លោក ខឹម វាសនា។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនទាន់​អាច​ទាក់ទង​អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ចិន ថុន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​លើកឡើង​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស