រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោកចំនួន ៣ហិកតារឲ្យតារាចម្រៀង លោក ព្រាប សុវត្ថិ ដើម្បីធ្វើកម្មសិទ្ធិ ខណៈផ្ទៃដីជាង ២ពាន់ហិកតារទៀតត្រូវបានបុរសខ្លាំងលោក ហ៊ុន សែន ប្រគល់ទៅឲ្យសែស្រឡាយរបស់លោក និងមន្ត្រីជាន់ខ្ពស់របស់លោកនៅក្នុងជួរបក្សប្រជាជនកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាដើម។
ក្នុងអនុក្រឹត្យចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដែល ឌឹ ខេមបូឌា ដេលី ទើបទទួលបាន ឲ្យដឹងថា ការកាត់ផ្ទៃដីបឹងតាមោកចំនួនពីរទីតាំងស្មើនឹង ៣ហិកតារក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ឲ្យលោក ព្រាប សុវត្ថិ ដើម្បីធ្វើជាកម្មសិទ្ធិចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
កន្លងមក ក្រុមអង្គការសង្គមស៊ីវិល និងយុវជនបានបង្ហាញក្ដីបារម្ភ និងស្នើទៅលោក ហ៊ុន សែន ឲ្យពិចារណាដោយបញ្ឈប់ការបន្តកាត់ និងការចាក់ខ្សាច់លុបបឹងតាមោក ដោយថាការកាត់ និងលុបបឹងធម្មជាតិចុងក្រោយនឹងបង្កជាជំនន់ទឹកភ្លៀងលិចទីក្រុងភ្នំពេញ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនអើពើឡើយ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា បញ្ហាទឹកជំនន់ដែលបង្កឱ្យលិចរាជធានីភ្នំពេញ មិនមែនបណ្ដាលមកពីការលុបបឹងធម្មជាតិនោះទេ។ លោកថា កន្លងមក ទោះបីជាមិនលុបបឹង រាជធានីភ្នំពេញក៏មានទឹកជំនន់ដែរ ដែលករណីនេះលោកថាគួរតែឈប់រិះគន់ទៅ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃទី២ កញ្ញា នេះថា ប៉ុន្មានខែមុន ជនជាតិជប៉ុនមួយរូបបានបរិច្ចាគដីដែលខ្លួនទិញជូនសាលាក្រុងទុកធ្វើសួនបម្រើផលប្រយោជន៍សាធារណៈ ហើយប៉ុន្មានឆ្នាំកន្លងមកក៏មានតារាស្រីមួយរូបដែលមានភាពក្លាហានលើកជាសំណើទៅកាន់នាយករដ្ឋមន្ត្រី សូមរក្សាបឹងតាមោក សូមកុំលុបបឹងនេះ ហើយនាយករដ្ឋមន្ត្រីក៏ព្រមដែរ។
អ្នកស្រីបានសរសេរទៀតថា តែពេលនេះ អ្វីៗស្ទើរតែរលាយទាំងស្រុង បឹងក៏ត្រូវបានគេលេបត្របាក់ពុះច្រៀកចែកក្រុម បក្សពួក តារាក៏មានចំណែក ក្រសួង ឬភ្នាក់ងាររដ្ឋខ្លះក៏មានចំណែក អ្នកមានទ្រព្យធនមានអំណាចខ្លះក៏មានចំណែក ដោយមិនមានការពន្យល់អំពីហេតុផល ឬការថ្លឹងថ្លែងអំពីផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ខ្វះតម្លាភាព ហើយអ្វីដែលសំខាន់ទៅទៀតនោះ គឺការមិនកាន់ពាក្យសច្ចៈក្នុងការរក្សាការពារបឹងនេះ។
អ្នកស្រីអះអាងថា ភ្នំតាម៉ៅអស់ព្រៃហើយ បែរជាប្រឹងដាំដើមឈើឡើងវិញ ចុះបឹងតាមោកលុបបាត់ទៅហើយនឹងមានអ្វីកែច្នៃ?
បឹងតាមោកមានផ្ទៃដីសរុប ៣២៣៩ហិកតារ ជាអាងស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
សេចក្តីរាយការណ៍របស់អង្គការសមាគមធាងត្នោត ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវជាង ២ពាន់ហិកតារ (២០៩៤,៧១៦៥ហិកតារ) ឬស្មើនឹងជិត ៦៥% ត្រូវបានរដ្ឋាភិបាលកាត់ឱ្យឧកញ៉ា ក្រុមហ៊ុនឯកជន និងស្ថាប័នសាធារណៈដែលសរុបនៃការកាត់ទាំងអស់មានចំនួន ៤៣ដង។ បើតាមផែនទី ផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវស្ទើរតែទាំងស្រុងត្រូវបានកាត់គ្រប់ទីកន្លែងតែម្តង៕