អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប

ព័ត៌មានអន្តរជាតិ

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណាជីប ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

By ឌឹ ខេមបូឌា ដេលី

September 06, 2022

បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​កញ្ញា នេះ​ថា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បាន​ដាក់​ញត្តិ​ដើម្បី​សុំ​ការ​ផ្តល់​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ជិត ២​សប្តាហ៍ ក្រោយ​ពេល​លោក​ចាប់ផ្តើម​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្រុម​ប្រឆាំង​ចោទ​ថា​ជា​ចោរ​លួច​ជាតិ​មាន​ទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត។

កាលពី​ថ្ងៃទី​២៣ ខែ​សីហា តុលាការ​កំពូល​ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ណាជីប ដែល​ជំទាស់​នឹង​ការ​ផ្ដន្ទាទោស​រូបលោក​នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ទៅ​នឹង​រឿងអាស្រូវ​ពុករលួយ​ទំហំ​រាប់​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​ចោទ​ថា​បាន​លួច​ផ្ទេរ​ចេញពី​ធនាគារ​របស់​រដ្ឋ 1MDB។ លោក ណាជីប ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ ១២​ឆ្នាំ និង​រង​ការ​ពិន័យ​ជា​ប្រាក់​ជិត ៥០​លាន​ដុល្លារ​អាមេរិក។

បើ​តាម​រដ្ឋធម្មនុញ្ញ​របស់​ម៉ាឡេស៊ី សមាជិក​សភា​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​លើស​ពី ១​ឆ្នាំ​ឡើង​ទៅ នឹង​ត្រូវ​បាត់បង់​អាសនៈ​នៅ​ក្នុង​សភា​ជា​ស្វ័យប្រវត្តិ លុះតែ​ទទួល​បាន​ការ​ផ្ដល់​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ ហើយ​ការ​ស្នើសុំ​នេះ​ត្រូវ​ធ្វើ​ឡើង​អំឡុង ១៤​ថ្ងៃ​ដែល​ខ្លួន​កំពុង​អនុវត្ត​ទោស។

ប្រធាន​សភា​ម៉ាឡេស៊ី លោក Azhar Azizan Harun បាន​និយាយ​ថា លោក ណាជីប នឹង​បន្ត​នៅ​ជា​សមាជិក​សភា​ដដែល​រហូត​ទាល់តែ​ញត្តិ​សុំ​ព្រះរាជទាន​ទោស​របស់​លោក​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ត្រូវ​បាន​ព្រះអង្គ​មិន​សម្រេច​ផ្ដល់​ការ​ប្រទាន​ការ​លើកលែង​ទោស ទើប​លោក​ចាក​ផុត​ពី​សមាជិក​សភា។ ប៉ុន្តែ​ប្រសិនបើ​ព្រះមហាក្សត្រ​សម្រេច​លើកលែង​ទោស​តាម​សំណើ​របស់​លោក ណាជីប គឺជា​ការ​អនុញ្ញាត​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ត្រឡប់​ទៅ​ធ្វើ​នយោបាយ​យ៉ាង​សកម្ម​ឡើងវិញ ហើយ​អាច​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​បាន​ទៀត​ផង។

ការពិត លោក ណាជីប បាន​ថ្វាយ​លិខិត​សុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​តាំង​ពី​សប្ដាហ៍​មុន ដែល​តាម​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​នេះ ការ​ពិចារណា​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ទទួល​បាន​ការ​លើកលែង​ទោស ឬ​ត្រូវ​បាន​ច្រានចោល គឺ​អំឡុង​តែ ១៤​ថ្ងៃ​ប៉ុណ្ណោះ រាប់​ពី​ថ្ងៃ​ដែល​តុលាការ​ចេញ​ដីកា​យក​ទៅ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ។

កាលពី​ថ្ងៃទី​២៣ សីហា តុលាការ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​ទាត់​ចោល​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក ណាជីប។ មាន​ន័យ​ថា ការ​ផ្ដន្ទាទោស​របស់​តុលាការ​ជាន់ខ្ពស់​ក្រុង​កូឡាឡាំពួរ ដែល​កាត់ទោស​លោក ណាជីប ជាប់​គុក ១២​ឆ្នាំ ករណី​ពុករលួយ​នៅតែ​ចូល​ជា​ធរមាន ហើយ​លោក ណាជីប នៅតែ​ត្រូវ​ដាក់​ឱ្យ​ដេក​ក្នុង​គុក។

នេះ​ជា​សំណុំរឿង​ទី​១ ដែល​លោក ណាជីប មាន​ទោស ១២​ឆ្នាំ។ សំណុំរឿង​របស់​លោក​នៅ​ក្នុង​ដៃ​រដ្ឋអាជ្ញា និង​តុលាការ ៤​ករណី​ថែម​ទៀត គឺ​សុទ្ធតែ​មាន​ស្ថាន​ទម្ងន់​ទោស​ធ្ងន់ធ្ងរ ក្នុង​នោះ​នៅ​មាន​ករណី​ពុករលួយ​មួយ​ករណី​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាត់​ថវិកា​ជាតិ​ជាង ៤៥០០​លាន​ដុល្លារ ដែល​បាត់​ក្នុង​អំឡុង​ពេល​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​រយៈពេល ១០​ឆ្នាំ។

លោក ណាជីប នៅ​ប្រឈម​នឹង​ទោស​បំពាន​អំណាច​រដ្ឋ​ក្នុង​ការ​បណ្ដោយ​ឲ្យ​ប្រពន្ធ​កូន​របស់​លោក​ប្រើប្រាស់​ឥទ្ធិពល​របស់​ឪពុក ទៅ​បង្ខំ​ឱ្យ​មាន​ការ​សូកប៉ាន់​ប្រាក់​សំណូក។ ដោយ​ហេតុ​នេះ បាន​ជា​តុលាការ​ផ្ដន្ទាទោស​ភរិយា​របស់​លោក គឺ​អតីត​ជំទាវ​ធំ​ទី​១ Rosmah Mansor ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ និង​រង​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ៩៧០​លាន​រីងហ្គីត ឬ ២១៦​លាន​ដុល្លារ​អាមេរិក។ ឥឡូវ​នេះ ទាំង​ប្ដី​ទាំង​ប្រពន្ធ​កំពុង​ដេក​ក្នុង​គុក។

ចំណែក​កូនៗ​របស់​លោក​ទាំងអស់ រាប់​ទាំង​កូនប្រសា ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ហាមឃាត់​ការ​ចាកចេញ​ពី​ប្រទេស។ មិន​មាន​តែ​លោក ណាជីប និង​ប្រពន្ធ​របស់​លោក​មាន​ទោស គឺ​នៅ​មាន​អតីត​រដ្ឋមន្ត្រី​របស់​លោក​ជាច្រើន​នាក់​ក៏​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ដែរ។

បើ​យោង​តាម​អង្គហេតុ ប្រព័ន្ធ​ច្បាប់ និង​តុលាការ​របស់​រាជាណាចក្រ​នេះ ទំនង​ការ​ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ អាច​នឹង​មិន​ដូច​បំណង​របស់​លោក ណាជីប នោះ​ទេ ពីព្រោះ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​លោក ណាជីប រាប់​រយ​លាន​ដុល្លារ​ដែល​តុលាការ​កំពុង​រៀបចំ​ចេញ​សាលក្រម​រឹបអូស កំពុងតែ​រង់ចាំ​ការ​អនុវត្ត​តែប៉ុណ្ណោះ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ក្នុង​នីតិវិធី​លើកលែង​ទោស គឺ​ត្រូវ​ឆ្លងកាត់​ក្រុមប្រឹក្សា​រាជបល្ល័ង្គ ហើយ​ព្រះមហាក្សត្រ​នឹង​សួរនាំ​ខ្លះៗ​អំពី​គំនិត​យោបល់​របស់​សមាជិក​ក្រុមប្រឹក្សា​ទាំងនោះ មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​លើកលែង​ទោស ឬ​ច្រានចោល​សំណើ​របស់​លោក ណាជីប។

តែ​ពេលនេះ​មាន​រយៈពេល ១២​ថ្ងៃ​ហើយ បើ​ហួស​រយៈពេល ១៤​ថ្ងៃ មាន​ន័យ​ថា សំណើ​របស់​លោក ណាជីប នឹង​ត្រូវ​ទុក​ជា​អាសាបង់ គឺ​ត្រូវ​ព្រះមហាក្សត្រ​មិន​បាន​ប្រទាន​ការ​លើកលែង​ទោស​ឱ្យ​លោក ណាជីប នោះ​ទេ។ បើ​លោក ណាជីប មិន​ទទួល​បាន​ការ​លើកលែង​ទោស គឺ​អតីត​ជំទាវ​ធំ​ទី​១ អ្នកស្រី Rosmah Mansor ក៏​មិន​អាច​ទទួល​បាន​ការ​ប្រទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដែរ។

តែ​បើ​តាម Reuters ក្នុង​ចំណោម​សមាជិក​នៃ​ក្រុមប្រឹក្សា​រាជបល្ល័ង្គ​ក៏​មាន​មនុស្ស​ម្នាក់​ជា​មិត្ត​ជិតស្និទ្ធ​នឹង​កូនប្រុស​ម្នាក់​របស់​លោក ណាជីប ដែល​ធ្វើ​ឱ្យ​លោក ណាជីប មាន​ក្ដី​សង្ឃឹម​ថា ព្រះមហាក្សត្រ​អាច​នឹង​ផ្ដល់​ការ​លើកលែង​ទោស​ឱ្យ​រូបលោក៕