40.9 C
Phnom Penh

ហេតុ​អ្វី​បាន​ជា​អ្នកស្រី Liz Truss អាច​ផ្ដួល​លោក Rishi Sunak ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ប្រកួត​យក​តំណែង​តួនាទី​ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម និង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស ជំនួស​លោក Boris Johnson ដែល​បាន​លាលែង​ចេញពី​តំណែង បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ខែ។

បេក្ខជន ៨​រូប​ត្រូវ​បាន​ជម្រុះ​មក​នៅ​ត្រឹម ២​រូប​ប៉ុណ្ណោះ។ បេក្ខជន ២​រូប​នេះ គឺ​លោក Rishi Sunak និង​អ្នកស្រី Liz Truss។ បេក្ខភាព​របស់​អ្នក​នយោបាយ​ទាំង ២​រូប​ត្រូវ​យក​ទៅ​ធ្វើ​ការ​សម្រេច​ចុងក្រោយ​នៅ​ក្នុង​ការ​បោះឆ្នោត​ចេញពី​សកម្មជន​របស់​គណបក្ស​អភិរក្ស​និយម​ជា​គណបក្ស​កាន់​អំណាច​ដែល​មាន​សមាជិក​សកម្ម​ជិត ២០​ម៉ឺន​នាក់។

នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា គឺ​ជ័យជម្នះ​បាន​ទៅ​លើ​អ្នកស្រី Liz Truss ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ក្រោម​នាយករដ្ឋមន្ត្រី លោក Boris Johnson។

បើ​តាម​លទ្ធផល​បោះឆ្នោត អ្នកស្រី Liz Truss ទទួល​បាន​សំឡេង​គាំទ្រ ៨១៣២៦​សំឡេង ខណៈ​លោក Rishi Sunak អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ទទួល​បាន ៦០៣៩៩​សំឡេង​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ដែល​មាន​សកម្មជន​គណបក្ស​អភិរក្ស​និយម​ជាង ១៨​ម៉ឺន​នាក់​ចេញ​ទៅ​បោះឆ្នោត។

អ្នកស្រី Liz Truss ដណ្ដើម​យក​សន្លឹកឆ្នោត​បាន​ច្រើន​ជាង​លោក Rishi Sunak ដល់​ទៅ​ជិត ៥៨%។ ក្នុង​ការ​បោះឆ្នោត​នេះ​មាន​អ្នក​បោះឆ្នោត​អនុប្បវាទ​ជិត ៧​ពាន់​នាក់។ លទ្ធផល​បោះឆ្នោត​នេះ​ត្រូវ​បាន​យក​មក​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា នៅ​ចំពោះ​មុខ​បេក្ខជន​ទាំង ២​រូប​នេះ និង​ចំពោះ​មុខ​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​អភិរក្ស​និយម។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

យោង​តាម​លទ្ធផល​នេះ​នាំ​ឱ្យ​អ្នកស្រី Liz Truss ក្លាយ​ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម​ផង និង​ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ទៀត​ផង។ នៅ​ថ្ងៃ​អង្គារ ទី​៦ ខែ​កញ្ញា នេះ អ្នកស្រី Liz Truss ទៅ​ទទួល​ការ​ផ្ទេរ​តំណែង​ពី​លោក Boris Johnson នៅ​ចំពោះ​ព្រះភ័ក្រ​ព្រះមហាក្សត្រ អេលីហ្សាបេត​ទី​២ ហើយ​ក្រោយ​មក អ្នកស្រី​នឹង​បង្កើត​គណៈរដ្ឋមន្ដ្រី​ថ្មី។

អ្នកស្រី Liz Truss គឺជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​៣ នៃ​គណបក្ស​អភិរក្ស​និយម​ដែល​ជំនួស​ឱ្យ​លោក Boris Johnson ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ចេញពី​តំណែង​កាលពី​ខែ​កក្កដា។

ឥឡូវ​ឃើញ​ថា គណបក្ស​អភិរក្ស​និយម រក​ឃើញ​មេដឹកនាំ​របស់​ខ្លួន​ហើយ។ មិន​តែប៉ុណ្ណោះ ប្រជាជន​អង់គ្លេស​ក៏​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ដែរ ប៉ុន្តែ​ការ​ចាប់អារម្មណ៍​ដ៏​ធំ​មួយ​ថា ហេតុ​អ្វី​បាន​ជា​អ្នកស្រី Liz Truss ឈ្នះ​ក្នុង​ការ​បោះឆ្នោត ហើយ​ហេតុ​អ្វី​បាន​ជា​លោក Rishi Sunak ចាញ់​ឆ្នោត? គេ​អាច​រក​ឃើញ​ចំណុច​ខ្លាំង​របស់​អ្នកស្រី Liz Truss និង​ចំណុច​ខ្សោយ​លោក Rishi Sunak មាន​ដូច​តទៅ​នេះ៖

អ្នកស្រី Liz Truss ធ្លាប់​កាន់​តំណែង​រដ្ឋមន្ត្រី​ធំៗ​ចំនួន ៣​ដង ហើយ​តាំង​ពី​សម័យកាល​របស់​នាយករដ្ឋមន្ត្រី​អ្នកស្រី Theresa May គឺ​ពេល​នោះ អ្នកស្រី​ជា​រដ្ឋមន្ត្រី​កិច្ចការ​សង្គម និង​អភិវឌ្ឍ ហើយ​នៅ​ក្នុង​អាណត្តិ​នាយករដ្ឋមន្ត្រី David Cameron អ្នកស្រី​ជា​រដ្ឋមន្ត្រី​បរិស្ថាន ប៉ុន្តែ​មក​ដល់​ជំនាន់​លោក Boris Johnson គឺ​អ្នកស្រី​ទទួល​បាន​តំណែង​រដ្ឋមន្ត្រី​ដ៏​ស័ក្ដិសម​នឹង​ជំនាញ គឺ​រដ្ឋមន្ត្រី​ការបរទេស។

អ្នកស្រី​ទទួល​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ Oxford។ អ្នកស្រី​សិក្សា​អំពី​មុខវិជ្ជា​កិច្ចការ​សង្គម កិច្ចការ​បរទេស និង​វិទ្យាសាស្ត្រ​នយោបាយ។

នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ គឺ​អ្នកស្រី​បាន​ឆ្លងកាត់​គូប្រកួត​ដល់​ទៅ ៦​រូប​ទើប​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​នឹង​បេក្ខជន Rishi Sunak ដែល​បេក្ខជន​រូប​នេះ​បាន​ឈ្នះ​ឆ្នោត​វ៉ា​ដាច់​គេ​តាំងពី​ជុំ​ទី​មួយ។

កត្តា​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​លោកស្រី​ឈ្នះ​ឆ្នោត គឺ​សំឡេង​ឆ្នោត​ដែល​គាំទ្រ​បេក្ខជន ៦​រូប​នោះ​ត្រូវ​បាន​ប្រមូល​ទៅ​ឱ្យ​អ្នកស្រី។ មាន​ន័យ​ថា អ្នកគាំទ្រ​បេក្ខជន ៦​រូប​បាន​ផ្ទេរ​សន្លឹកឆ្នោត​ពួកគេ​ទៅ​ឱ្យ​អ្នកស្រី Liz Truss។

ចំណុច​ខ្លាំង​មួយ​ទៀត គឺ​អ្នកស្រី​មាន​អាយុ ៤៧​ឆ្នាំ គឺ​មាន​វ័យ​ច្រើន​ជាង​លោក Sunak។

នៅ​ក្នុង​ការ​ឡើង​នៅ​លើ​វេទិកា​សំណួរ​ដេញដោល​របស់​អ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន គឺ​អ្នកស្រី​បាន​បង្ហាញ​អំពី​ឆន្ទៈ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​អង់គ្លេស​ងើប​ឡើងវិញ​ក្រោយពី​សេដ្ឋកិច្ច​នេះ​ដាំ​ក្បាល​ចុះ​ដោយសារតែ​ធ្លាក់​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩។

អ្នកស្រី​សន្យា​បញ្ចេញ​កញ្ចប់​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ទ្រទ្រង់​កិច្ចការ​សង្គម​ឡើងវិញ​ទាំងអស់ ហើយ​ក្នុង​នោះ​មាន​ការ​កាត់​បន្ថយ​ពន្ធ​អាករ​ផ្សេងៗ​ទៀត​ផង។

កត្តា​មួយ​ទៀត គឺ​អ្នកស្រី​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​អតីត​នាយករដ្ឋមន្ត្រី Margaret Thatcher ដែល​ជា​ស្ត្រី​នយោបាយ​ជើងឯក​របស់​ចក្រភព​អង់គ្លេស ហើយ​ជា​ស្ត្រី​ខ្លាំង​ដំបូង​គេ​ទាំង​វិស័យ​សេដ្ឋកិច្ច នយោបាយ និង​ការបរទេស។

អ្នកស្រី Liz Truss សច្ចា​ថា​នឹង​មិន​ដក​ដៃ​ចំពោះ​ការ​ប្រឆាំង​ប្រទេស​រុស្ស៊ី ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នោះ​ទេ។ អ្នកស្រី​សន្យា​ថា​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​ចុះ​ទន់ខ្សោយ ហើយ​ធ្វើ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​ខ្លាំងក្លា។ មិន​តែប៉ុណ្ណោះ អ្នកស្រី​ក៏​បាន​ដាក់​គោល​នយោបាយ​ទប់ទល់​នឹង​អនុត្តរភាព​របស់​ចិន​ទៀត​ផង។

កត្តា​មួយ​ទៀត គឺ​អ្នកស្រី​ជា​បេក្ខជន​ជា​ជនជាតិ​អង់គ្លេស​សុទ្ធសាធ។ ទាំងនេះ​ហើយ​ដែល​នាំ​ឱ្យ​អ្នកស្រី Liz Truss បាន​ឡើង​ដល់​ទឹក​ផ្ដាច់ព្រ័ត្រ ហើយ​ផ្ដួល​លោក Rishi Sunak។

ចុះ​ចំណែក​លោក Rishi Sunak ហេតុ​អ្វី​បាន​ជា​ចាញ់​ឆ្នោត?

ការពិត លោក Rishi Sunak មាន​បទពិសោធន៍​ក៏​មិន​តិច​ជាង​អ្នកស្រី Liz Truss នោះ​ទេ​ខាង​កិច្ចការ​នយោបាយ និង​សេដ្ឋកិច្ច។ អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រូប​នេះ​មាន​បទពិសោធន៍​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រោះ​លោក​បាន​ឆ្លងកាត់​ការ​សិក្សា​ជំនាញ​ទាំងនេះ​ពី​មហាវិទ្យាល័យ ប៉ុន្តែ​លោក Rishi Sunak មាន​ចំណុច​ខ្សោយ​នៅ​ចំពោះ​មុខ មាន​ដូចជា​លោក​មាន​អាយុ​តិច​ជាង​អ្នកស្រី Liz Truss គឺ​លោក​មាន​អាយុ ៤២​ឆ្នាំ។ លោក Rishi Sunak មាន​បទពិសោធន៍​ខាង​កិច្ចការ​នយោបាយ និង​សង្គម គឺ​នៅ​ឆ្នាំ​២០១៥ ចំណែក​អ្នកស្រី Liz Truss បាន​ក្លាយ​ជា​អ្នក​នយោបាយ​អង់គ្លេស​តាំងពី​ឆ្នាំ​២០១០។

មួយ​វិញ​ទៀត សំឡេង​ឆ្នោត​របស់​លោក Sunak នៅ​ក្នុង​ការ​បោះឆ្នោត​ចេញពី​សមាជិក​សភា​នៃ​គណបក្ស​អភិរក្ស​និយម គឺ​មិន​មាន​ការ​ឡើង​សំឡេង​ខ្លាំង​ទេ។ សំឡេង​របស់​លោក​ដែល​ទទួល​បាន​ការ​គាំទ្រ​នោះ គឺ​នៅ​ជុំ​ទី​១ គឺ ១១៣​សំឡេង ហើយ​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​លោក​ទទួល​បាន ១៣៧​សំឡេង។ មាន​ន័យ​ថា លោក​ឡើង​តែ​ជាង ២០​សំឡេង ចំណែក​អ្នកស្រី Liz Truss ហក់​ឡើង​ពី ៥០​សំឡេង​ដល់ ១១៣​សំឡេង។

នៅ​អំឡុង​ការ​ស្វែងរក​សំឡេង​ឆ្នោត លោក Sunak ត្រូវ​បាន​លោក Ben Wallace រដ្ឋមន្ត្រី​ការពារ​ជាតិ​ដ៏​មាន​ឥទ្ធិពល​រិះគន់​យ៉ាង​ខ្លាំង ដោយ​ចោទ​លោក Sunak ជា​អ្នក​ធ្វើ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​គណបក្ស​អភិរក្ស​និយម និង​គណៈរដ្ឋមន្ត្រី​របស់​លោក Boris Johnson។

លោក Ben Wallace អះអាង​ថា អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម្នាក់​នេះ​ហើយ​ដែល​ញុះញង់​ឱ្យ​មាន​ការ​លាលែង​ពី​តំណែង​នៃ​សមាជិក​រដ្ឋាភិបាល​របស់​លោក Boris Johnson ជា​បន្តបន្ទាប់។ ចំណុច​មួយ​ទៀត អ្នក​បោះឆ្នោត​អាច​គិត​ថា​លោក Sunak នឹង​មិន​ហ៊ាន​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ច្រើន​ទេ​ដើម្បី​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ។ គេ​ថា លោក​ជា​អ្នក​នយោបាយ​ចិត្ត​មិន​ទូលាយ​ក្នុង​ការ​ចំណាយ​ទៅ​លើ​កិច្ចការ​សង្គមកិច្ច។

គេ​នៅ​រក​ឃើញ​ចំណុច​ខ្សោយ​មួយ​ទៀត គឺ​បុរស​នេះ​មិន​ហ៊ាន​វាយប្រហារ​ធ្ងន់ៗ​ទៅ​លើ​របប​ក្រុង​មូស្គូ ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។

លោក​រឹតត្បិត​ការ​បញ្ចេញ​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន នៅ​ខណៈ​លោក​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។ តែ​ចំណុច​មួយ​ដែល​សកម្មជន​មិន​ទម្លាក់​សន្លឹកឆ្នោត​ឱ្យ​ច្រើន​លើសលប់​នោះ គឺ​កត្តា​ជាតិសាសន៍​ក៏​ថា​បាន។ លោក Sunak ជា​កូន​របស់​អ្នក​មាន​ដើមកំណើត​ពី​ប្រទេស​ឥណ្ឌា។ ដូច្នេះ​នេះ​ក៏​អាច​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​សកម្មជន​ស្នូល​នៃ​គណបក្ស​អភិរក្ស​និយម​មាន​ការ​គិត​ទៅ​ដល់​តម្លៃ​ជាតិសាសន៍​ខ្លួនឯង។

ប៉ុន្តែ​កត្តា​ធំ​មួយ​ទៀត​នោះ គឺ​ទំនង​គេ​ត្រូវការ​ស្ត្រី​ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស គឺ​ដោយសារតែ​គេ​គិត​ថា អ្នកស្រី Liz Truss អាច​ដឹកនាំ​រដ្ឋាភិបាល​អង់គ្លេស គឺ​ដូច​អតីត​នាយករដ្ឋមន្ត្រី អ្នកស្រី Margaret Thatcher៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស