មន្ត្រីជាន់ខ្ពស់នៃគណបក្សខ្មែរស្រឡាញ់ជាតិមួយរូបទៀតហើយបានប្រកាសរំសាយគណបក្សខ្មែរស្រឡាញ់ជាតិ ចាប់ពីពេលនេះតទៅ។
អគ្គហេរញ្ញិកនៃគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានសរសេរលើហ្វេសប៊ុករបស់លោកថា ការសម្រេចប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិនេះ គឺធ្វើឡើងដើម្បីគោរពតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសមិនទទួលស្គាល់លោក សៀវ វិសុទ្ធ ធ្វើជាប្រធានស្ដីទី និងមិនឲ្យគណបក្សខ្មែរស្រឡាញ់ជាតិរៀបចំធ្វើសមាជវិសាមញ្ញឡើយ ដោយថាគណបក្សនេះបំពានលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ។
ក្រសួងអះអាងថា ប្រសិនបើគណបក្សនេះហ៊ានធ្វើសមាជវិសាមញ្ញជ្រើសរើសមេដឹកនាំថ្មីមែន នោះគណបក្សខ្មែរស្រឡាញ់ជាតិនឹងបំពានលក្ខខណ្ឌកំណត់ក្នុងប្រការ២១ ប្រការ២៥ ប្រការ២៦ ប្រការ២៧ ប្រការ២៨ និងប្រការ៣១ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ខណៈគណៈកម្មាធិការអចិន្ត្រៃយ៍ដែលជាស្ថាប័នប្រតិបត្តិ ចាត់ចែង គ្រប់គ្រង និងអនុវត្តរាល់ការងាររបស់គណបក្សខ្មែរស្រឡាញ់ជាតិដែលមានសមាសភាពចំនួន ៨រូប ក្នុងនោះមានសមាជិកអចិន្ត្រៃយ៍ចំនួន ៧រូបបានសម្រេចលាឈប់ពីគណបក្សជាលាយលក្ខណ៍អក្សររួចហើយ។
លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះថា ការសម្រេចចិត្តរំសាយគណបក្សខ្មែរស្រឡាញ់ជាតិនេះ ដោយសារតែលោកបានដឹងអំពីវាសនានៃគណបក្សនេះដែលមិនអាចធ្វើដំណើរតទៅមុខទៀតបាន ក្រោយពីក្រសួងមហាផ្ទៃហាមមិនឲ្យលោកធ្វើសមាជវិសាមញ្ញ និងមិនទទួលស្គាល់លោកជាប្រធានបក្ស។ លោកបន្តថា បក្សនេះនឹងអាចត្រូវទុកចោល ហើយករណីរំលាយ ឬមិនរំលាយបក្សនេះ គឺអាស្រ័យទៅលើក្រសួងមហាផ្ទៃជាអ្នកចាត់ចែង។
លោកបន្តថា ក្រោយការប្រកាសរំសាយបក្សនេះទៅ លោកនឹងទៅចិញ្ចឹមទាយកពងលក់ដូចដើមវិញ។
គណបក្សខ្មែរស្រឡាញ់ជាតិកន្លងមក គ្រោងរៀបចំធ្វើសមាជវិសាមញ្ញនៅថ្ងៃទី៤ ខែកញ្ញា ដើម្បីរៀបចំក្បាលម៉ាស៊ីនឡើងវិញក្រោយពីប្រធានបក្សនេះប្រកាសរំលាយដោយខ្លួនឯង។
ការប្រកាសរំលាយពីសំណាក់អតីតប្រធានបក្ស លោក ជីវ កក្តា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីលោក ជីវ កក្តា បានទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
គណបក្សខ្មែរស្រឡាញ់ជាតិ គឺជាគណបក្សនយោបាយដំបូងគេដែលត្រូវបានបង្កើតឡើងដោយមានក្បាលម៉ាស៊ីនដឹកនាំមានប្រភពចេញមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយដើម្បីចូលរួមប្រកួតប្រជែងនយោបាយជាមួយបក្សកាន់អំណាច។
ក្រោយពីអតីតប្រធានគណបក្សនេះប្រកាសរំលាយខ្លួនឯងមក ថ្នាក់ដឹកនាំគណបក្សនេះចំនួន ៦រូបមានទាំងលោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន ផងនោះ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានតំណែងជាអគ្គនាយក និងជាអនុរដ្ឋលេខាធិការ៕