លោក មុត ចន្ថា អះអាងថា មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទទួលខុសត្រូវតែការធ្វើបាតុកម្មដែលស្ថិតនៅទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ ចំពោះការធ្វើបាតុកម្មនៅកន្លែងផ្សេងដែលដឹកនាំដោយអ្នកដទៃ លោកមិនទទួលខុសត្រូវឡើយ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ កញ្ញា នេះថា ទោះបីជាពុំមានភស្តុតាងណាមួយបញ្ជាក់ថាលោក កឹម សុខា ឬគណបក្សសង្គ្រោះជាតិមិនបានបញ្ជាឱ្យរៀបចំឱ្យមានបាតុកម្មនៅកន្លែងផ្សេងទៀត ដែលត្រូវបានរៀបចំដោយបុគ្គលដទៃក៏ដោយ ក៏តំណាងអយ្យការខំគាស់កកាយលើកយកបាតុកម្មនៅកន្លែងផ្សេងៗ ដូចជាបាតុកម្មមុខវត្តស្ទឹងមានជ័យ បាតុកម្មផ្លូវវេងស្រេង បាតុកម្មនៅរោងចក្រ SL បាតុកម្មនៅស្ពាននាគ ជាដើម មកផ្សារភ្ជាប់ជាមួយសំណុំរឿងលោក កឹម សុខា ជាបន្តបន្ទាប់។
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងសវនាការលើកទី៥៥ លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងអង្គហេតុប្រទូសរ៉ាយ តំណាងអយ្យការលោក ឆាយ ហុង និងលោក ប្លង់ សុផល បានសួរពីការយល់ឃើញរបស់លោក កឹម សុខា ទាក់ទិនការធ្វើបាតុកម្មនៅផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤ កន្លងទៅ ប៉ុន្តែត្រូវលោក កឹម សុខា ច្រានចោលការភ្ជាប់រូបលោកទៅនឹងការធ្វើបាតុកម្មនោះ។
ជុំវិញសកម្មភាពនៃការធ្វើបាតុកម្មនៅស្ពានអាកាសក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្កឱ្យខូចទ្រព្យសម្បត្តិ និងមានអំពើហិង្សា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសមនុស្ស ៦នាក់រួចហើយអំពីបទបង្កឱ្យខូចទ្រព្យសម្បត្តិ និងបង្កឱ្យមានអំពើហិង្សាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ។
ចំណែកការធ្វើបាតុកម្មនៅរោងចក្រកាត់ដេរ SL រោងចក្រ យ៉ាកជីង និងការធ្វើបាតុកម្មពីកម្មករនៅផ្លូវវេងស្រេង នាថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញបើកសវនាការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ដោយប្រកាសសាលក្រមកាត់ទោសប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងមនុស្ស ២២នាក់ផ្សេងទៀតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ រួចហើយដែរ។
ដោយឡែកការធ្វើបាតុកម្មនៅស្ពាននាគកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញក៏សម្រេចកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១១នាក់ ពីបទជាប់ពាក់ព័ន្ធនឹងការធ្វើកុប្បកម្មដែលនាំឲ្យកើតអំពើហិង្សានៅស្ពាននាគកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ រួចអស់ហើយដែរ ដូច្នេះការភ្ជាប់សកម្មភាពទាំងនោះទៅនឹងលោក កឹម សុខា ជារឿងដែលមិនសមហេតុផលនោះឡើយ។
លោក មុត ចន្ថា បានអះអាងទៀតថា ទាំងបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការដើរដង្ហែក្បួនតាមដងផ្លូវនៃគណបក្សសង្គ្រោះជាតិ មិនដែលមានការប៉ះទង្គិចដោយហិង្សាដែលនាំឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ឬទ្រព្យសម្បត្តិឯកជន និងសាធារណៈម្តងណាឡើយ បើទោះបីជាមានការបង្ក្រាបពីសំណាក់អាជ្ញាធរលើបាតុករអហិង្សាខាងគណបក្សសង្គ្រោះជាតិ នាដើមខែមករា ឆ្នាំ២០១៤ ក៏ដោយ។
លោក មុត ចន្ថា បន្តទៀតថា ការធ្វើបាតុកម្មពីគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ បានកំណត់ពីគោលបំណងរបស់គណបក្សយ៉ាងច្បាស់ គឺដើម្បីទាមទារឱ្យបង្កើតគណៈកម្មការឯករាជ្យស្វែងរកយុត្តិធម៌នៃការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៣ ក្រោមគោលការណ៍អហិង្សា ដែលដឹកនាំធ្វើដោយគោរពយ៉ាងម៉ឺងម៉ាត់តាមក្រមសីលធម៌ និងតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការភ្ជាប់លោក កឹម សុខា ទៅនឹងការធ្វើបាតុកម្មនៅផ្លូវវេងស្រេង ស្ពាននាគ ព្រមទាំងស្ពានអាកាសក្បាលថ្នល់ ជាដើម គ្រាន់តែជាការពន្យារពេលរបស់តុលាការប៉ុណ្ណោះ។ លោកថា សំណុំរឿងលោក កឹម សុខា អាចនឹងបន្តអូសបន្លាយពេលទៅមុខយូរទៀត បើអ្នកនយោបាយមិនព្រមចរចាគ្នា។
ពីថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រុកចូលចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រដល់គេហដ្ឋានរបស់លោកក្នុងពេលដែលលោកកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ ក្រោមបទចោទប្រកាន់ថាលោកត្រូវរ៉ូវគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ រយៈពេល ៥ឆ្នាំហើយ តែតុលាការនៅតែរកមិនទាន់ឃើញថា លោក កឹម សុខា មានទោសនៅឡើយទេ ខណៈសហគមន៍ជាតិ និងអន្តរជាតិ បានចាត់ទុកការចាប់ខ្លួននេះជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់៕