រដ្ឋបាលសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមយុវជនប្រមូលផ្ដុំនៅមុខក្រសួងមហាផ្ទៃ ដើម្បីធ្វើការដាក់ញត្តិស្នើឲ្យក្រសួងបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសដែលកំពុងស្នាក់នៅប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា តែមិនឲ្យលើសពី ៥នាក់ ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ក្នុងកំណត់ហេតុរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីជួបប្រជុំជាមួយក្រុមយុវជនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមយុវជនអាចជួបគ្នានៅមុខក្រសួងមហាផ្ទៃ ដើម្បីដាក់ញត្តិបាន ប៉ុន្តែមិនឲ្យលើសពី ៥នាក់ឡើយ។ ការមិនអនុញ្ញាតឲ្យពួកគេជួបជុំគ្នាលើសពី ៥នាក់នេះ ដោយអភិបាលរងសាលារាជធានីភ្នំពេញលើកហេតុផលថា កុំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
យុវជនមកពីខេត្តសៀមរាប លោក ថេល ធីលែន គ្រោងនឹងជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា នេះ ដើម្បីទាមទារឱ្យក្រសួងបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការផ្តល់សិទ្ធិពេញលេញដល់ជនបរទេសក្នុងការប្រកបអាជីវកម្មនៅប្រទេសកម្ពុជា និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា លុបចោលការបង្កើតអគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប៉ុន្តែគម្រោងដាក់ញត្តិនេះត្រូវបានប្ដូរទៅថ្ងៃទី១៩ ខែកញ្ញា វិញ។
យោងតាមសារព័ត៌មានវៀតណាមញ៉ូវស៍ (Vietnam News ) ចុះផ្សាយកាលពីខែមករា ឆ្នាំ២០១៩ បានលើកឡើងថា ប្រមាណ ៨០ភាគរយនៃប្រជាពលរដ្ឋវៀតណាមរស់នៅកម្ពុជាបានទទួលភាពស្របច្បាប់ក្នុងការរស់នៅ គឺការផ្ដល់ការអនុគ្រោះឱ្យជ្រកកោន ការផ្ដល់នូវប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលទាំងអស់នេះធ្វើឱ្យពួកគេមានលទ្ធភាពក្នុងការទទួលបានសញ្ជាតិខ្មែរដោយអនុលោមតាមច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍។
អនុប្រធានគណៈកម្មការកិច្ចការអន្តោប្រវេសន៍វៀតណាម លោក ឡួង ថាច់ ងី បានប្រាប់សារព័ត៌មានវៀតណាមញ៉ូវស៍ ថា ប្រជាពលរដ្ឋវៀតណាមប្រមាណ ១១ម៉ឺននាក់កំពុងរស់នៅប្រទេសកម្ពុជា ហើយច្រើនតែរស់នៅម្ដុំបឹងទន្លេសាបដែលជាបឹងធម្មជាតិដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។
លោកបានបញ្ជាក់ទៀតថា ជនជាតិវៀតណាមបានសម្របខ្លួនជាសហគមន៍នៅប្រទេសកម្ពុជា រស់នៅ អភិវឌ្ឍខ្លួន និងរួមចំណែកកសាងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនេះ តែថាក៏មានពលរដ្ឋវៀតណាមមួយចំនួនទៀតមិនទាន់ទទួលបានភាពស្របច្បាប់នៅឡើយ។
គួរបញ្ជាក់ផងដែរថា ក្នុងជំនួបទ្វេភាគីជាមួយលោក ង្វៀន វ៉ាន់ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានយល់ព្រមឲ្យបង្កើតដេប៉ាតឺម៉ង់បង្រៀនភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕