កូដករ​ណាហ្គា​វើលដ៍ (NAGA World) យក​ចង្ក្រាន​ចាន​ឆ្នាំង​ទៅ​ចម្អិន​អាហារ​នៅ​ពី​មុខ​ក្រុមហ៊ុន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២២។

ព័ត៌មានជាតិ

កូដករ​ណាហ្គា​យក​ឆ្នាំង​ដាំបាយ​ធ្វើ​ម្ហូប​នៅ​មុខ​ក្រុមហ៊ុន​ដើម្បី​ជំរុញ​ទៅ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ

By ឌឹ ខេមបូឌា ដេលី

September 11, 2022

កូដករ​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​យក​ចាន​ឆ្នាំង​ទៅ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​មុខ​កាស៊ីណូ​ណាហ្គា​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ក្រោយពី​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​រយៈពេល​ជិត ៩​ខែ ហើយ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

ក្រោយពី​មិន​មាន​ដំណោះស្រាយ​រយៈពេល​ជិត ៩​ខែ​មក​នេះ កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ១០០​នាក់ បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់ ខណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ កញ្ញា នេះ ពួកគេ​បាន​យក​ចាន​ឆ្នាំង​ទៅ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​តែម្ដង។

សមត្ថកិច្ច​ឈ្មោះ សុខ សុភាព បាន​ប្រាប់​ទៅ​ក្រុម​កូដករ​មិន​ឲ្យ​ប្រើប្រាស់​ភ្លើង​ដើម្បី​ដាំបាយ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បើសិនជា​ពួកគេ​មិន​យក​ចាន​ឆ្នាំង និង​ចង្ក្រាន​ចេញ​ទេ សមត្ថកិច្ច​នឹង​ទៅ​ដក​យក។ ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ឃ្លាំមើល​អះអាង​ថា ការ​មិន​អនុញ្ញាត​នេះ ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ។

កំពុង​ឈរ​លើក​បដា​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អ្នកស្រី ចាន់ ស្រីរ័ត្ន លើកឡើង​ថា ទោះបី​ជួប​បញ្ហា​អ្វី​ក៏ដោយ ពួកគាត់​មិន​បោះបង់​ការ​តស៊ូ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ឡើយ។ អ្នកស្រី​បន្ត​ថា មូលហេតុ​ដែល​ពួកគាត់​ដាក់​ចាន ឆ្នាំង កន្ទេល ជាដើម ប្រមូលផ្ដុំ​មក​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​នេះ គឺ​ដើម្បី​ជំរុញ​ថៅកែ​ណាហ្គា​ឲ្យ​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ជិត ៩​ខែ​នេះ ហើយ​ត្រូវ​បញ្ឈប់​ការ​លាប​ពណ៌​លើ​ពួកគាត់​ផង​ដែរ។

កូដករ​ម្នាក់​ទៀត​ជំរុញ​ឲ្យ​ក្រសួង​ការងារ និង​ថៅកែ​ក្រុមហ៊ុន ដោះស្រាយ​វិវាទ​ការងារ​នេះ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ដោយ​ទទួលយក​សហជីព និង​សមាជិក​សហជីព ព្រមទាំង​កូដករ​ចូល​ធ្វើការ​វិញ ជាដើម។ ពួកគេ​បង្ហាញ​ការ​សោកស្ដាយ​ដែល​អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បញ្ជា​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ឲ្យ​មក​ចាប់​យក​ឆ្នាំងបាយ និង​សម្ភារៈ​ផ្សេងៗ​របស់​ពួកគាត់ ក្រោម​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ក្រុម​កូដករ​ស្នើ​ទៅ​សមត្ថកិច្ច​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ឈប់​ចេញ​ការពារ​ក្រុមហ៊ុន​ដែល​មិន​អនុវត្ត​ច្បាប់ ហើយ​ងាក​ទៅ​ជំរុញ​ថៅកែ​ក្រុមហ៊ុន​ឲ្យ​ដោះស្រាយ​វិវាទ​ការងារ​ជូន​កូដករ ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ និង​ច្បាប់​អន្តរជាតិ ទើប​ជា​ការ​ប្រសើរ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ធ្លាប់​លើកឡើង​ថា ថៅកែ​ក្រុមហ៊ុន​មិន​ព្រម​ទទួល​តំណាង និង​សមាជិក​សហជីព ដោយសារ​ក្រុមហ៊ុន​មាន​ចេតនា​រើសអើង​សហជីព​ដែល​ការពារ​ផលប្រយោជន៍​កម្មករ។

ក្រុម​កូដករ​ណាហ្គា​វើលដ៍​បាន​ចេញ​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់ ក្នុង​នោះ​មាន​ទាំង​តំណាង និង​សមាជិក​សហជីព​ផង​ដែរ។ ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ខែ​កញ្ញា ឆ្នាំ​២០២២ វិវាទ​ការងារ​នេះ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ ខណៈ​កូដករ​ជា​ស្ត្រី​ដែល​ចេញ​ធ្វើ​កូដកម្ម ត្រូវ​សមត្ថកិច្ច​ប្រើប្រាស់​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​របួស និង​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​បៀតបៀន​រាងកាយ​ថែម​ទៀត​ផង៕