28 C
Phnom Penh

លោក ហ៊ុន សែន ថា​មិន​មាន​ឱកាស​នៅ​បុណ្យ​ភ្ជុំ​ធំ​ដោយ​ជាប់​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ថ្លែង​ថា បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ រូបលោក​មិន​បាន​នៅ​ដោយសារ​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ចន្លោះ​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៨ ខែ​កញ្ញា ដើម្បី​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក និង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា និង​ទៅ​ចូលរួម​បុណ្យ​សព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ផង​ដែរ។

តាមរយៈ​សារ​សំឡេង​ពិសេស​នា​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថ្លែង​ថា រូបលោក​នឹង​ចាកចេញ​ពី​កម្ពុជា​ទៅ​ទីក្រុង​ញូវយ៉ក​នៃ​សហរដ្ឋ​អាមេរិក ដើម្បី​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នា​ថ្ងៃទី​២៣ ខែ​កញ្ញា ខណៈ​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែ​កញ្ញា លោក​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា ទៀត។

លោក​បញ្ជាក់​ថា ថ្ងៃ​ដែល​លោក​បន្ត​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ដូច្នេះ​រូបលោក​មិន​បាន​នៅ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​ជាមួយ​គ្រួសារ​ឡើយ ខណៈ​ថ្ងៃ​បន្ទាប់​លោក​បន្ត​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ ដើម្បី​ចូលរួម​បុណ្យ​សព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅ​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២។

ទោះជា​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ណែនាំ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​រៀបចំ​មធ្យោបាយ​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​កាន់​បណ្តា​ខេត្ត​នានា​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាងមុខ​នេះ​ដោយ​ឥត​គិតថ្លៃ ដើម្បី​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​រថយន្តឈ្នួល និង​តាក់ស៊ី ស្រប​ពេល​អគ្គស្នងការ​នគរបាល​ជាតិ​ណែនាំ​កងកម្លាំង​នគរបាល​ឲ្យ​កែសម្រួល​ឥរិយាបថ ពាក្យ​សម្ដី​ឲ្យ​បាន​សមរម្យ។

អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេត សាវឿន បាន​ផ្ញើ​សារ​ជា​សំឡេង​ទៅ​កាន់​កម្លាំង​នគរបាល​ដើម្បី​ផ្តល់​សេចក្តី​ណែនាំ​មួយ​ចំនួន​ឲ្យ​យក​ទៅ​អនុវត្ត នៅ​ពេល​ចុះ​បំពេញ​ការងារ ជាពិសេស​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទៅ​ស្រុក​កំណើត។ លោក​បាន​បន្ថែម​ថា កងកម្លាំង​នគរបាល​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​នា​រដូវ​ភ្ជុំបិណ្ឌ ហើយ​គោលការណ៍​សំខាន់​របស់​កម្លាំង​នគរបាល​នា​រដូវ​ភ្ជុំបិណ្ឌ​នេះ គឺ​ការ​សម្រួល​ចរាចរណ៍ សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​តាម​ដងផ្លូវ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិធី​កាន់​បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​មាន​រយៈពេល ១៥​ថ្ងៃ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស