មេដឹកនាំបក្សប្រឆាំងដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា ប្ដេជ្ញាថាទោះបីជារូបលោកស្ថិតក្នុងកាលៈទេសៈទទួលរងនូវការឈឺចាប់ដោយអំពើអយុត្តិធម៌បែបណាក៏ដោយ លោកនៅតែប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌កតញ្ញូចំពោះមាតុភូមិកម្ពុជា និងបុព្វការីជនរបស់ខ្លួនលោកជានិច្ច។
ប្រធានគណបក្សសង្គ្រោះជាតិដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌ១ តាមប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរនៅវត្តចំប៉ា សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ថា ក្នុងនាមរូបលោកជាពលរដ្ឋខ្មែរមួយរូបដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ លោកនៅតែជឿជាក់លើអំពើល្អ គុណធម៌ដែលជាកុសលដោយប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ អហិង្សាធម៌ ការផ្សះផ្សាជាតិ ដើម្បីសាមគ្គីជាតិខ្មែរទាំងមូលក្នុងពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគត។
មេដឹកនាំបក្សប្រឆាំងដែលកំពុងតស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម លោក កឹម សុខា លើកឡើងថា ការលះបង់នូវគំនុំសងសឹកប្រកាន់យកនូវធម៌អហិង្សា គឺជាអំពើកុសលយ៉ាងធំធេងដែលបង្ហាញឲ្យឃើញនូវព្រហ្មវិហារធម៌ចំពោះញាតិសន្តាន និងពលរដ្ឋខ្មែរទូទាំងប្រទេសដែលនាំមកនូវសេចក្តីសុខ សុភមង្គល និងភាពសុខក្សេមក្សាន្តនៃប្រទេសជាតិទាំងមូល។
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងភរិយារបស់លោក គឺអ្នកស្រី តែ ចន្ទមនោ ព្រមទាំងសហការី បាននាំគ្នាទៅចូលរួមជាមួយពុទ្ធបរិស័ទក្នុងពិធីបុណ្យកាន់បិណ្ឌ១ តាមប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរនៅវត្តចំប៉ា ដោយបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនដែលជាសទ្ធាជ្រះថ្លាបានមកដោយធម៌ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចាកលោកទៅហើយនោះ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែរហូតមកទល់នឹងពេលនេះ លោកនៅតែមានភាពស្អាតស្អំ ព្រោះតុលាការមិនទាន់កាត់ទោសលោកពីបទល្មើសណាមួយនៅឡើយទេ។
លោក កឹម សុខា អះអាងថា បើទោះបីលោកស្ថិតក្នុងការចោទប្រកាន់ និងការរឹតត្បិតសេរីភាពពីរដ្ឋាភិបាលកម្ពុជាក្នុងពេលបច្ចុប្បន្ននេះក៏ដោយ ក៏លោកនៅតែដឹកនាំសហការីធ្វើពិធីបុណ្យសាងកុសល និងចូលរួមរាល់កម្មវិធីមនុស្សធម៌នានា ដូចជាការជួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងដោយសារជំងឺកូវីដ-១៩ ជាដើម។
ជាក់ស្តែង កាលពីចុងខែមីនា ឆ្នាំ២០២០ អំឡុងពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកថវិកាប្រឆាំងជំងឺកូវីដ-១៩ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥ពាន់ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។
ជាងនេះទៀត កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២០ កន្លងទៅ មេដឹកនាំបក្សប្រឆាំងរូបនេះក៏បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយសង្គ្រោះពលរដ្ឋខ្មែរក្នុងពេលដែលពួកគាត់កំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់ផងដែរ។ លើសពីនេះ លោក កឹម សុខា ក៏ធ្លាប់បានផ្តល់ជំនួយជាថវិកាបន្ថែមទៀតតាមរយៈរដ្ឋាភិបាល ដើម្បីជួយដល់ជនរងគ្រោះក្នុងសោកនាដកម្មនៃការបាក់រលំអគារក្នុងខេត្តកែប ផងដែរ។
យ៉ាងណាក៏ដោយ សកម្មភាពមនុស្សធម៌ និងសកម្មភាពធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនានេះ មិនត្រូវបានតុលាការកម្ពុជាស្វាគមន៍នោះទេ ក្នុងនោះ តុលាការបម្រុងនឹងឃុំខ្លួនលោកក្នុងពន្ធនាគារសាជាថ្មីម្តងទៀតកាលពីចុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដោយបានចោទថា លោកបានធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ។
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោក កឹម សុខា បានលើកឡើងបន្ទាប់ពីសវនាការលើកទី៥៥ របស់លោកថា លោកទទួលរងនូវភាពអយុត្តិធម៌អស់រយៈពេល ៥ឆ្នាំមកហើយ ក្រោយតុលាការបានចោទប្រកាន់ និងចាប់ខ្លួនលោកយកទៅឃុំទុកក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៧ កន្លងទៅ ក្នុងនោះលោកបានបញ្ជាក់ថា ការសម្រេចដោយអគតិ គឺជាអំពើបាប៕