បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ជំរុញឲ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា និងអ្នកគាំទ្រចេញមុខបកស្រាយ បន្ទាប់ពីមានការចោទថា លោកនៅពីក្រោយព្រឹត្តិការណ៍ជួបជុំនៅជើងភ្នំគូលែន ដើម្បីបង្វែរចេញពីព្រឹត្តិការណ៍ផ្សេងទៀត។
ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា លោក ហ៊ុន សែន ថ្លែងថា មានក្រុមអគតិមួយចំនួនបានជំរុញឲ្យលោកប្រើកម្លាំងដើម្បីបង្ក្រាបលើការប្រមូលផ្ដុំរបស់លោក ខឹម វាសនា និងអ្នកគាំទ្រនៅភ្នំគូលែនខេត្តសៀមរាប។
លោកស្នើទៅលោក ខឹម វាសនា ដែលកំពុងតាំងខ្លួនជាព្រះព្រហ្មនោះ ចេញមុខបកស្រាយបន្ទាប់ពីមានការញុះញង់ និងចោទប្រកាន់ថា លោកជាអ្នកបញ្ជាឲ្យលោក ខឹម វាសនា បង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរពីរឿងនេះរឿងនោះ ទើបបានជាមិនហ៊ានបង្ក្រាប និងចាប់លោក ខឹម វាសនា ដាក់ពន្ធនាគារនោះ។
លោក ហ៊ុន សែន អះអាងថា ប្រសិនជាលោក ខឹម វាសនា មិនចេញបកស្រាយទេ ប្រាកដណាស់ក្រុមទាំងនោះនឹងចោទលោក ខឹម វាសនា ថាជា «អាយ៉ង» របស់លោកហើយ។
បុរសខ្លាំងរូបនេះអះអាងថា បើរូបលោកជឿតាមការញុះញង់របស់ក្រុមអគតិ ដោយប្រើចុងកាំភ្លើងទៅបង្ក្រាបលើក្រុមលោក ខឹម វាសនា នោះប្រាកដណាស់ លោក ខឹម វាសនា នឹងចូលគុក ឬមានអ្នករបួសរហូតដល់ស្លាប់ថែមទៀតផង ប៉ុន្តែរឿងនេះវាមិនមែនជាជម្រើសលោកដែលត្រូវប្រើនោះទេ។
លោក ហ៊ុន សែន បញ្ជាក់ថា ជម្រើសដែលលោកប្រើប្រាស់កម្លាំងប្រដាប់អាវុធចំពោះអ្នកដែលចង់ផ្តួលរំលំលោកតែប៉ុណ្ណោះ ខណៈលោក ហ៊ុន សែន ក៏បានឆ្លើយតបចំពោះអ្នករិះគន់លើអង្គរក្សរបស់លោក ដោយថានរណាក៏ដោយដែលប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺអ្នកហ្នឹងហើយប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ។
កាលពីចុងខែសីហា កន្លងទៅ លោក ហ៊ុន សែន ប្រកាសថា មូលហេតុដែលលោកមិនចាត់វិធានការ ឬប្រើប្រាស់កម្លាំងក្នុងការបង្ក្រាបណាមួយទៅលើការប្រមូលផ្ដុំរបស់លោក ខឹម វាសនា ជាមួយក្រុមអ្នកគាំទ្រនៅតំបន់ភ្នំគូលែន ខេត្តសៀមរាប ដោយបារម្ភខ្លាចចូលអន្ទាក់របស់លោក ខឹម វាសនា បើទោះបីជាលោករងការជេរប្រមាថពីសំណាក់លោក ខឹម វាសនា ក៏ដោយ៕