33 C
Phnom Penh

លោក ពូទីន រង​សម្ពាធ​ឱ្យ​ចុះចេញ​ពី​តំណែង ក្រោយពី​បាក់​ទ័ព​នៅ​សមរភូមិ​អ៊ុយក្រែន​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំពូល​ជន​ផ្ដាច់ការ​រុស្ស៊ី​ម្នាក់​ដែល​កំពុង​រុញ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ក្ដី​វិនាស និង​អាម៉ាស់​បំផុត គឺ​លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​បុរស​រូប​នេះ​កាន់​អំណាច​ជា​ប្រធានាធិបតី​រុស្ស៊ី​ជាង ២០​ឆ្នាំ​មក​ហើយ។

បុរស​នេះ​ហើយ​ដែល​ចាត់ទុក​អ្នក​នយោបាយ​ប្រឆាំង​ថា​ជា​សត្រូវ​របស់​ខ្លួន។ អ្នក​នយោបាយ​ប្រឆាំង​ជាច្រើន​នាក់​ដែល​បុរស​នេះ​បញ្ជា​ឲ្យ​តុលាការ​ចេញ​ដីកា​កាត់ទោស ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិសាសន៍​ឯង និង​មាន​គំនិត​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក។

ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច បុរស​នេះ​បាន​បញ្ជា​ទ័ព​ឲ្យ​ទៅ​វាយ​យក​ទឹកដី​នៃ​ប្រទេស​ជិតខាង​របស់​ខ្លួន។ នៅ​ឆ្នាំ​២០០៨ គាត់​បាន​បញ្ជា​ទ័ព​ឱ្យ​លុកលុយ​ប្រទេស Georgia ដោយ​វាយ​យក​បាន​ទឹកដី​មួយ​ផ្នែក​ពី​ប្រទេស​នេះ។ បុរស​រូប​នេះ​ក៏​បាន​បញ្ជា​ទ័ព​ឲ្យ​លុកលុយ​ប្រទេស​អ៊ុយក្រែន ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

ប៉ុន្តែ​លើក​នេះ គឺ​មិន​ដូច​ឆ្នាំ​២០០៨ នោះ​ទេ ដែល​កងទ័ព​រុស្ស៊ី ងាយ​វាយ​យក​ទឹកដី​ប្រទេស Georgia បាន។ សម្រាប់​អ៊ុយក្រែន ជា​ប្រទេស​ធំ​មួយ​ដែរ​នៅ​អឺរ៉ុប។ ប្រទេស​នេះ​មាន​មេដឹកនាំ​ម្នាក់​ដែល​មាន​ស្មារតី​ជាតិ​ពិតប្រាកដ ដែល​មិន​ងាយ​ចុះចាញ់​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី នោះ​ឡើយ។ លោក​ក្រាញ​ននៀល​នៅ​សមរភូមិ ដោយ​កាន់​អាវុធ​ប្រយុទ្ធ​តតាំង​នឹង​ទ័ព​ឈ្លានពាន។ លោក វូឡូឌីមៀ ហ្សេឡេនស្គី គឺជា​មេដឹកនាំ​អ៊ុយក្រែន ដែល​មាន​សម្ពន្ធភាព​ជាមួយ​ក្រុម​បស្ចិម​ប្រទេស​ដែល​មាន​សហរដ្ឋ​អាមេរិក​ដឹកមុខ ក្នុង​ការ​ជួយ​ផ្ដល់​សព្វាវុធ​ទៅ​ជួយ​ទ័ព​អ៊ុយក្រែន​ក្នុង​ការ​ធ្វើ​សង្គ្រាម​របស់​លោក ពូទីន។

ដោយ​គួបផ្សំ​នឹង​ភាព​ក្លាហាន​របស់​លោក ហ្សេឡេនស្គី និង​កងទ័ព​អ៊ុយក្រែន ជាមួយ​នឹង​ការ​ផ្ដល់​ជំនួយ​អាវុធ​យ៉ាង​សម្បើម​ពី​បស្ចិម​ប្រទេស បាន​នាំ​ឱ្យ​ទ័ព​អ៊ុយក្រែន​មាន​លទ្ធភាព​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី​ឲ្យ​បាក់​ទ័ព​ជា​បន្តបន្ទាប់។

រុស្ស៊ី​ដែល​បាន​ស្គាល់​នូវ​ការ​បាក់​ទ័ព​ទ្រង់ទ្រាយ​ធំ​ដល់​ទៅ​ពីរ​លើក​នៅ​លើ​សមរភូមិ​អ៊ុយក្រែន មាន​រយៈពេល​ជាង ២០០​ថ្ងៃ​មក​នេះ គឺ​មិនមែន​ជា​រឿង​ធម្មតា​ពេក​នោះ​ទេ​ចំពោះ​ប្រទេស​មហាអំណាច​យោធា​លំដាប់​ទី​២ នៃ​ពិភពលោក។ ការ​បាក់​ទ័ព​ចុងក្រោយ​នេះ​នៅ​លើ​សមរភូមិ​ភាគ​ឥសាន​ប្រទេស នៅ​តំបន់​ខាគៀវ គឺ​មាន​សភាព​អាក្រក់ និង​កម្សោយ​បំផុត​របស់​កងទ័ព​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ។

ការ​បាក់​ទ័ព​លើក​ទី​២ កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ គឺ​កងទ័ព​រុស្ស៊ី​បាន​រត់​ប្រាស​អាយុ​ដោយ​រត់​ចោល​សព្វាវុធ​នៅ​ពាសពេញ​សមរភូមិ ខណៈ​ទ័ព​រុស្ស៊ី​ស្លាប់​មួយ​ថ្ងៃ ២០០​នាក់​ឡើង​ទៅ។

គិត​មក​ដល់​ពេលនេះ កងទ័ព​រុស្ស៊ី​បាន​បាត់បង់​ជីវិត​ជាង ៥៣៣០០​នាក់ រថក្រោះ ២១៧៥​គ្រឿង រថពាសដែក ៤៦៦២​គ្រឿង រថយន្ត​ដឹក​កងទ័ព និង​រថយន្ត​ដឹក​សាំង ៣៤៦៦​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ធំ ១២៧៩​គ្រឿង ប្រព័ន្ធ​បាញ់​រ៉ុក្កែត ៣១១​គ្រឿង ប្រព័ន្ធ​ការពារ​ដែនអាកាស ១៦៣​គ្រឿង ធ្លាក់​យន្តហោះ​ចម្បាំង ២៤៤​គ្រឿង ធ្លាក់​ឧទ្ធម្ភាគចក្រ ២១៣​គ្រឿង ធ្លាក់​យន្តហោះ Drone ៩០១​គ្រឿង និង​ឆេះ​នាវាចម្បាំង ១៥​គ្រឿង។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Independent នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា។

កាលពី​ថ្ងៃទី​២ ខែ​មិថុនា លោក ហ្សេឡេនស្គី បាន​លើកឡើង​ថា ២០% នៃ​ដែនដី​អ៊ុយក្រែន ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​កងទ័ព​រុស្ស៊ី គឺ​ប្រមាណ ១២​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ​ការ៉េ។ តែ​នៅ​ថ្ងៃ​នេះ លោក ហ្សេឡេនស្គី បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន បាន​វាយ​យក​ទឹកដី​ទាំងនោះ​បាន​មក​វិញ​ជាង ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ​ហើយ។

ភាព​កម្សោយ និង​ការ​បាត់បង់​សព្វាវុធ​ដ៏​ច្រើន​ដូចនេះ រួម​ទាំង​ការ​ស្លាប់​កងទ័ព និង​ការ​បាក់​ទ័ព បាន​នាំ​ឲ្យ​បុរស​ខ្លាំង វ៉្លាឌីមៀរ ពូទីន ប្រឈមមុខ​នឹង​សម្ពាធ​ឲ្យ​ដូរ​យុទ្ធសាស្ត្រ​សង្គ្រាម ហើយ​បើ​ពុំ​នោះ​ទេ ត្រូវ​លាលែង​ពី​តំណែង។

ជ័យជម្នះ​របស់​កងទ័ព​អ៊ុយក្រែន ក៏​កើត​ចេញ​យ៉ាង​ពិតប្រាកដ​ពី​ការ​ផ្ដល់​ជំនួយ​អាវុធ​គ្រាប់រំសេវ​របស់​ក្រុម​បស្ចិម​ប្រទេស ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក។ កត្តា​មួយ​ទៀត គឺ​អាច​ជា​ការ​បាក់​ទឹកចិត្ត​របស់​កងទ័ព​រុស្ស៊ី ដែល​ចូល​មក​ធ្វើ​សង្គ្រាម​ជិត ៧​ខែ​ហើយ។

ទ័ព​រុស្ស៊ី​ភាគច្រើន គឺ​មនុស្ស​ស៊ី​ប្រាក់ឈ្នួល ត្រូវ​គេ​កេណ្ឌ​ពី​បណ្តា​ខេត្ត​ដាច់ស្រយាល។ ពួកគេ​ជា​ទ័ព​ប្រយុទ្ធ​មែន តែ​ខ្វះ​ទឹកចិត្ត​មោះមុត​ក្នុង​ការ​ប្រយុទ្ធ​ប្តូរ​ស្លាប់ គឺ​មិន​ដូច​កងទ័ព​អ៊ុយក្រែន ដែល​សច្ចា​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​នោះ​ទេ។

ឥឡូវ​នេះ បុរស​ខ្លាំង​ជា​ម្ចាស់​វិមាន​ក្រឹមឡាំង វ៉្លាឌីមៀរ ពូទីន កំពុង​រង​សម្ពាធ​ពី​ពលរដ្ឋ ពី​អ្នក​នយោបាយ និង​មេទ័ព​របស់​ខ្លួន​ឲ្យ​លាលែង​ពី​តំណែង ឬ​ក៏​ត្រូវ​បញ្ចប់​សង្គ្រាម ឬ​ក៏​ត្រូវ​ដូរ​យុទ្ធសាស្ត្រ​សង្គ្រាម។

កាលពី​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា ក្រុម​សមាជិក​សភា​របស់​រុស្ស៊ី អំពាវនាវ​ឲ្យ​លោក ពូទីន ចុះ​ចេញពី​តំណែង។ ក្រុម​សមាជិក​សភា​ទាំងនេះ​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​សភា​ឌូម៉ា​របស់​រុស្ស៊ី ដោយ​លើកឡើង​ចំៗ​ថា លោក​ប្រធានាធិបតី ពូទីន បាន​បរាជ័យ​ហើយ​នៅ​ពេលនេះ គឺ​បរាជ័យ​សង្គ្រាម​នៅ​អ៊ុយក្រែន។

សមាជិក​សភា​ទាំង​ពីរ​ក្រុម​នេះ​ថា សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន គឺ​កើត​ចេញពី​ភាព​មានះ ភាព​ក្រអឺតក្រទម និង​ភាព​ជ្រុលនិយម​របស់​លោក ពូទីន។ ក្រុម​អ្នក​ជាតិ​និយម​រុស្ស៊ី ដែល​ដឹកនាំ​ការ​ប្រយុទ្ធ​ដើម្បី​រុស្ស៊ី។ ក្រុម​នេះ​ដឹកនាំ​ដោយ​លោក Igor Guirkine អតីត​មេទ័ព​រុស្ស៊ី​ដ៏​មាន​ឥទ្ធិពល បាន​ហៅ​ការ​បាក់​ទ័ព​របស់​កងទ័ព​រុស្ស៊ី​ក្នុង​សង្គ្រាម​អ៊ុយក្រែន គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​លោក ពូទីន។ លោក​ថា លោក ពូទីន ដែល​មិន​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​ទូទាំង​ប្រទេស គឺជា​កំហុស​ដ៏​ធំ​មួយ។

ចំណែក​មេទ័ព​ម្នាក់​នៅ​សាធារណរដ្ឋ Chechen គឺ​លោក Ramzan Kadyrov ដែល​ជា​អ្នក​ជាតិ​និយម​ខ្លាំង​ស្មោះត្រង់​របប​លោក ពូទីន បាន​ហៅ​បរាជ័យ​របស់​កងទ័ព​រុស្ស៊ី គឺជា​រឿង​មិន​សម​នឹង​កើតមាន។ លោក​ទទូច​ឱ្យ​លោក ពូទីន ប្ដូរ​យុទ្ធសាស្ត្រ​សង្គ្រាម។

យ៉ាងណាក៏ដោយ សម្រាប់​លោក ពូទីន មិន​បាន​ប្រតិកម្ម​ចេញ​មុខ​នោះ​ទេ ប៉ុន្តែ​អ្នក​នយោបាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​លោក ពូទីន តែងតែ​ត្រូវ​បាន​ចោទប្រកាន់ ហើយ​ចាប់​ខ្លួន​កាត់ទោស។

ក្រុម​សិក្សា​សង្គ្រាម​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន យល់​ថា សង្គ្រាម​របស់​លោក ពូទីន នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​អូស​បន្លាយ​ជាង ២០០​ថ្ងៃ​មក​នេះ បាន​កំពុង​រុញច្រាន​អំណាច​របស់​រុស្ស៊ី ដែល​លោក ពូទីន ដឹកមុខ​នេះ ចាប់ផ្តើម​ស្រុត​ចុះ គឺ​ស្រុត​ចុះ​ទាំង​វិស័យ​យោធា វិស័យ​ការទូត និង​ឥទ្ធិពល​រុស្ស៊ី​ជា​ប្រទេស​មហាអំណាច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស