41.3 C
Phnom Penh

លោក កឹម សុខា បដិសេធ​ករណី​តុលាការ​ព្យាយាម​ទាញ​ភ្ជាប់​បាតុកម្ម​ហិង្សា​នៅ​ស្ពាន​នាគ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បដិសេធ​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ក្រោយពី​តុលាការ​បាន​ព្យាយាម​ទាញ​ភ្ជាប់​រូបលោក​ទៅ​នឹង​បាតុកម្ម​ហិង្សា​នៅ​ស្ពាន​នាគ កាលពី​ឆ្នាំ​២០១៤។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​លោក កឹម សុខា ជុំវិញ​បាតុកម្ម​នៅ​ស្ពាន​នាគ​កាលពី​ខែ​មករា ឆ្នាំ​២០១៤ ក្រោយពី​ចាក់​វីដេអូ​ឃ្លីប​ជាង ៤​នាទី។ ក្នុង​វីដេអូ​ជាង ៤​នាទី​នោះ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក មាជ សុវណ្ណារ៉ា និង​លោក ឃឹន រឿន ដោយ​ថ្លែង​សារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ធ្វើ​បាតុកម្ម​ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ។

តំណាង​អយ្យការ​បាន​លើកឡើង​ថា ត្បិត​បាតុកម្ម​នៅ​ស្ពាន​នាគ​មិន​មាន​រូបភាព​លោក កឹម សុខា នៅ​ទីនោះ​ក្ដី ប៉ុន្តែ​លោក កឹម សុខា ក៏​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ខណៈ​លោក​ក៏​ធ្លាប់​ចូលរួម​បាតុកម្ម​នៅ​លើ​ស្ពាន​គីហ្ស៊ូណា​នៅ​ឯ​ខេត្ត​កំពង់ចាម នោះ​ដែរ។

ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​នេះ ត្រូវ​បាន​លោក កឹម សុខា បដិសេធ ដោយ​លោក​លើកឡើង​ថា បាតុកម្ម​នៅ​លើ​ស្ពាន​នាគ​មិន​ពាក់ព័ន្ធ​នឹង​លោក​ទេ ហើយ​ក៏​មិនមែន​ជា​ការ​ទទួល​ខុសត្រូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ លោក​បញ្ជាក់​ថា សំណួរ​នេះ លោក​បាន​ឆ្លើយ​ច្រើន​ដង​ហើយ ប៉ុន្តែ​តំណាង​អយ្យការ​នៅតែ​សួរ​ដដែលៗ ហើយ​ព្យាយាម​ទាញ​ភ្ជាប់​រូបលោក​ទៅ​នឹង​បាតុកម្ម​ផ្សេងៗ​ទៀត។

លោក កឹម សុខា បញ្ជាក់​ថា រូបលោក​ទទួលស្គាល់​តែ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ទាមទារ​ឱ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស៊ើបអង្កេត​ការ​បោះឆ្នោត​តែប៉ុណ្ណោះ សម្រាប់​បាតុកម្ម​នៅ​ស្ពាន​នាគ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត ជា​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល។

យ៉ាងណាក៏ដោយ ការ​សួរ​សំណួរ​ទៅ​លោក កឹម សុខា ដដែលៗ​នេះ ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ប្រតិកម្ម និង​ចាត់ទុក​ការ​សួរ​ភ្ជាប់​កូនក្ដី​ទៅ​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ថា​ផ្ទុយ​ពី​បទ​ចោទប្រកាន់ «សន្ទិដ្ឋភាព» ខណៈ​អ្វី​ដែល​តំណាង​អយ្យការ​សួរ​នេះ ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ទៅវិញ។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខ គឺ​អ្នកស្រី ម៉េង សុភារី អះអាង​ថា សំណុំរឿង​ស្ពាន​នាគ​នេះ តុលាការ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អស់​ហើយ ប៉ុន្តែ​តំណាង​អយ្យការ​នៅតែ​ព្យាយាម​សួរ​កូនក្ដី​ដដែល​ទៀត។

អ្នកស្រី ម៉េង សុភារី ក៏​បាន​ប្រតិកម្ម​នឹង​ការ​តាំង​សំណួរ​របស់​ចៅក្រម​ជំនុំជម្រះ​លោក សេង លាង ដែរ ក្រោយពី​ចៅក្រម​រូប​នេះ​បាន​សួរ​សំណួរ​លោក កឹម សុខា ថា​តើ​លោក​សោកស្ដាយ​ទេ​នៅ​ពេល​អាជ្ញាធរ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​នៅ​ស្ពាន​នាគ​នោះ? អ្នកស្រី ម៉េង សុភារី ចាត់ទុក​សំណួរ​របស់​ចៅក្រម​បែប​នេះ ជា​សំណួរ​ដែល​ដាក់​បន្ទុក​លើ​កូនក្ដី​របស់​អ្នកស្រី។

អ្នកស្រី ម៉េង សុភារី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា មូលហេតុ​ដែល​អ្នកស្រី​លើកឡើង​បែប​នេះ ដោយ​តាម​នីតិវិធី ចៅក្រម​មាន​តួនាទី​សួរ​ទាំង​ដោះ​បន្ទុក និង​ដាក់​បន្ទុក។ អ្នកស្រី​ចាត់ទុក​ការ​ព្យាយាម​ទាញ​ភ្ជាប់​កូនក្ដី​ទៅ​នឹង​បាតុកម្ម​ផ្សេងៗ​ក្រៅពី​ទីលាន​ប្រជាធិបតេយ្យ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កូនក្ដី។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ចាប់​ខ្លួន​ទាំង​យប់​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ លោក​បាន​រង​ការ​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព» ឬ​ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​មក​ដល់​ពេលនេះ​មាន​រយៈពេល​ជាង ៥​ឆ្នាំ​ហើយ តុលាការ​កម្ពុជា​នៅ​រក​មិន​ទាន់​ឃើញ​ថា​លោក កឹម សុខា មាន​ទោស​នៅឡើយ។

យ៉ាងណាក៏ដោយ សវនាការ​សំណុំរឿង​លោក កឹម សុខា នឹង​បន្ត​នៅ​សប្ដាហ៍​ក្រោយ​ទៀត ដោយ​តុលាការ​បន្ត​សួរ​ដេញដោល​លើ​ភស្តុតាង «ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ និង​អង្គហេតុ​ផ្កាឈូក» ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស